អានតួអត្ថបទ

អតីត​ប្រធាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចិន ជាប់ទោស​១៨ឆ្នាំ ពីបទ​លួច​បន្លំ​ប្រាក់​ក្រុមហ៊ុន​ជាង​១០ពាន់​លានដុល្លា

កាលពី​ថ្ងៃព្រហស្បត្តិ៍ អតីត​ប្រធាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង Anbang របស់ចិន​មួយរូប ដែលមាន​ទ្រព្យសម្បត្តិពាន់លាន​ដុល្លានិង​ធ្វើអាជីវកម្ម​ជាច្រើន​ទាំងក្នុង​និង​ក្រៅប្រទេស ត្រូវបានកាត់ទោស​អោយជាប់​ពន្ធនាគារ​រយៈពេល​១៨ឆ្នាំ ពីបទ​លួច​បន្លំប្រាក់​ក្រុមហ៊ុនជាង​១០ពាន់​លានដុល្លា។

ក្រុមហ៊ុនធានារ៉ាប់រងចិន Anbang
ក្រុមហ៊ុនធានារ៉ាប់រងចិន Anbang DR 中文网络照片
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃព្រហស្បត្តិ៍​ម្សិលមិញនេះ តុលាការ​ចិនបាន​សំរេចកាត់ទោស​អតីត​ប្រធាន​ក្រុមហ៊ុន​ធានារ៉ាប់រង​Anbang​របស់ចិន ដែលមាន​ឈ្មោះថា Wu Xiaohui អោយជាប់ពន្ធនាគារ​រយៈពេល​១៨ឆ្នាំ ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​របស់លោកចំនួន​១.៦ពាន់លាន​ដុល្លាផងដែរ។ ការសំរេចនេះ គឺបានធ្វើឡើង​ក្រោយពីរក​ឃើញថា លោក Wu បាន​កេងប្រវ័ញ្ចនិងលួចបន្លំ​ប្រាក់របស់ក្រុមហ៊ុន​Anbang​ជាង១០ពាន់លានដុល្លា តាមរយៈ​ការបង្វែរលុយ​ទៅកាន់ក្រុមហ៊ុន​ផ្សេងៗទៀត​ដែលលោកគ្រប់គ្រង ក្នុងចន្លោះឆ្នាំ ២០១១និង២០១៧។

ក្រុមហ៊ុនAnbang ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ២០០៤ ក្នុងនាមជា​ក្រុមហ៊ុន​ធានារ៉ាប់រង​រថយន្ត តែលោក Wu បានប្រែក្លាយ​ក្រុមហ៊ុនមួយនេះ​អោយទៅ​ជាក្រុមហ៊ុន​ហិរញ្ញវត្ថុខា្នតធំមួយ ដែលធ្វើអាជីវកម្ម​ក្នុងប្រទេស​ជាច្រើន​ទូទាំងពិភពលោក។

សកម្មភាព​អាជីវកម្មធំៗ​ក្រៅប្រទេសរបស់ Anbang រួមមានការទិញយកសណ្ឋាគារ ​Waldorf Astoria ក្នុងទីក្រុងញូវយ៉ក​កាលពីឆ្នាំ២០១៤ ដែលមានតម្លៃជិត២ពាន់លានដុល្លា និងការដេញថ្លៃក្រៅប្រទេសដែល​មានតម្លៃរាប់ពានលានដុល្លាផ្សេងទៀត។

ការធ្វើអាជីវកម្មដែល​មានចំនួន​ទឹកប្រាក់ដ៏ច្រើនរបស់Anbang បានទាញនូវ​ការចាប់អារម្មណ៍​ខ្លាំងពីមន្ត្រីអាជ្ញាធរ​របស់រដ្ឋាភិបាល ហើយការត្រួតពិនិត្យ​ទៅលើក្រុមហ៊ុននេះត្រូវបាន​ធ្វើឡើងរឹតតែតឹងរឹង។​

រហូតដល់ដើម​ឆ្នាំ២០១៧ ភ្នាក់ងាររដ្ឋាភិបាលចិន​ទទួលបន្ទុកផ្នែក​សេវាកម្ម​ធានារ៉ាប់រង បាន​រឹបអូស​យកទាំងស្រុងនូវការគ្រប់គ្រង​លើប្រតិបត្តិការរបស់Anbang រយៈពេល១ឆ្នាំ ដែលនេះ​ជាផ្នែកមួយ​នៃវិធានការ​របស់រដ្ឋាភិបាល​ក្នុងការការពារ កុំអោយក្រុមហ៊ុនឯកជន​ខ្នាតធំដែលមាន​បំណុលច្រើនដួលរលំ ដែលអាចបង្ក​ជាហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។

ទន្ទឹមនឹង​ការរឹបអូសនោះ លោក Wu Xiaohui ត្រូវបានបញ្ឈប់ពីតំណែង ហើយត្រូវចោទប្រកាន់ពីបទ​កេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន Anbang ក្នុងអាណត្តិជា​ប្រធាន​ក្រុមហ៊ុនរបស់លោក។ ករណីនេះ ត្រូវបានស៊ើបអង្កេត​ចាប់តាំងពីពេលនោះ រហូតដល់ការប្រកាសកាត់ទោស​កាលពីម្សិលមិញនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ