អានតួអត្ថបទ

អ.ស.ប​ បោះឆ្នោត​សម្រេចបញ្ជូន​អ្នកសង្កេតការណ៍​ទៅកាន់​ប្រទេសយេម៉ែន​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃសុក្រ​ទី ២១​ ធ្នូ​ ឆ្នាំ ២០១៨​ ម្សិលមិញនេះ​ បាន​បោះឆ្នោតអនុម័ត​ជាឯកច្ឆ័ន្ទ​នូវ​សេចក្តីសម្រេចមួយ​ ដែល​អនុញ្ញាតឱ្យ​មានការដាក់ពង្រាយ​ នូវ​ក្រុម​អ្នកសង្កេតការណ៍​ នៅក្នុង​ប្រទេស​យេ​ម៉ែន ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​ ទោះបីជា​កិច្ចព្រមព្រៀង​ឈប់បាញ់​ ទើបតែ​ត្រូវបានយល់ព្រម​ និង​ចុះហត្ថលេខា​ដោយ​ភាគីជម្លោះ​ក៏ដោយ​។

ក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បោះឆ្នោតលើសេចក្តីសម្រេច លើការបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅកាន់ប្រទេសយេ ម៉ែន នៅក្នងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បោះឆ្នោតលើសេចក្តីសម្រេច លើការបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅកាន់ប្រទេសយេ ម៉ែន នៅក្នងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

ដោយសារតែ​ ការវាយប្រយុទ្ធគ្នា​ក្នុងប្រទេស​យេ ម៉ែន នៅតែ​បន្តកើតមាន​ រវាង​ក្រុមឧទ្ទាមហ៊ូទី​ និង​រដ្ឋាភិបាល​​និរទេស​ ទើប​សមាជិកក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប​ សម្រេច​បោះឆ្នោតបញ្ជូន​ ក្រុមអ្នកជំនាញ​សង្កេតការណ៍​ចំនួនប្រមាណ​ជា ៣០ ទៅ ៤០ នាក់ ទៅយេម៉ែន​។ អ.ស.ប បានឲ្យដឹងថា នៅខណៈនេះ ក្រុមអ្នកអង្កេតការណ៍ សម្រាប់បេសកម្មទី១ បានធ្វើដំណើរទៅដល់ប្រទេសយេ ម៉ែន ហើយនៅថ្ងៃសៅរ៍នេះ។

ក្រុមអ្នកសង្កេតការណ៍​របស់ អ.ស.ប​ នឹងទៅឃ្លាំមើលស្ថានការណ៍នៅយេម៉ែន ជាពិសេសនៅក្នុងទីកុ្រងហូដៃដា ជាទីក្រុងកំពង់ផែ​សំខាន់ ដែល​ជាច្រកចេញចូល​ សម្រាប់​ដឹកនាំយក​សម្ភារៈ ស្បៀងអាហារ និងជំនួយថ្នាំពេទ្យ​ជាដើម។ល។ ទៅឲ្យ​ ប្រជាជន​យេម៉ែន។ ប្រជាជន​យេម៉ែន​ ដែលកំពុង​រងគ្រោះ​ និងត្រូវការ​ជំនួយ​ជាបន្ទាន់​ ដោយសារ​រងគ្រោះពី​សង្គ្រាមហែកហួរ​ជាច្រើនឆ្នាំ​នៅក្នុងប្រទេស​។

គួរកត់សម្គាល់ថា​ កិច្ចព្រមព្រៀង​ឈប់បាញ់ ​ ទើបត្រូវបាន​ក្រុមឧទ្ទាមហ៊ូទី​ និង​រដ្ឋាភិបាល​និរទ្ទេស​យេ​ ម៉ែន​ ចុះហត្ថលេខា​កាលពីថ្ងៃ​ទី១៣​ ធ្នូ​ ឆ្នាំ២០១៨​ ក្រោមការ​រៀបចំ​និងសម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​។

សូមរំឭក​ជូនផងដែរថា  សង្គ្រាមស៊ីវិល នៅ យេ​ម៉ែន​ដែលបាន​អូសបន្លាយ​អស់រយៈពេល​ជាង​៤​ឆ្នាំ​កន្លងមកនេះ​ បានសម្លាប់​មនុស្សប្រមាណជា​ ១​ម៉ឺន នាក់​ហើយ។ មិនតែប៉ុណ្ណោះ​ សង្គ្រាមរុំារៃនេះ​ បានបណ្តាលឲ្យ​ពលរដ្ឋ​យេ​ម៉ែន​ ចំនួនច្រើន​រហូតដល់ប្រមាណជា​ ២០ លាន​នាក់​ កពុងរស់នៅ​ដោយខ្វះខាត​ស្បៀងអាហារធ្ងន់ធ្ងរ​ខ្លាំងបំផុត​។ នេះ​បើតាម​ អ.ស.ប ប្រាប់ឲ្យដឹង​កាលពីថ្ងៃទី​៨ ធ្នូ​ ឆ្នាំ២០១៨​។

គួរជ្រាប​ទៀតថា​ បារាំង​ ដែលជា​សមាជិក​មួយ​ ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សា​របស់អ.ស.ប​ បានលើកថា​ ការបោះឆ្នោត​សម្រេចបញ្ជូន​ក្រុមអ្នកសង្កេតការណ៍​ទៅកាន់​ ប្រទេសយេ ម៉ែន​ គឺជា​សញ្ញា​បង្ហាញពី​សាមគ្គីភាព​ និង​ការយកចិត្តទុកដាក់​លើបញ្ហា​នៅក្នុងប្រទេសយេ ម៉ែន​។ មួយវិញទៀត​ ការសេចក្តីសម្រេច​ថ្មីនេះ​ វាក៏បង្ហាញឲ្យឃើញថា​ ពិភពលោក​មិនបានបិទភ្នែក​ និង​មិនខ្វល់ខ្វាយពី​សង្គ្រាមនៅ​យេម៉ែនឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ