ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/03 12h00 GMT

អ.ស.ប​ ស្នើឲ្យ​អូស្ត្រាលី​ទទួលយក​នារីអារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ស្វែងរក​សិទ្ធិជ្រកកោន​

អ.ស.ប​ ស្នើឲ្យ​អូស្ត្រាលី​ទទួលយក​នារីអារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ស្វែងរក​សិទ្ធិជ្រកកោន​
 
នារីជនជាតិអារ៉ាប៊ីសាអូឌីតឈ្មោះអាល់គូណាន់ ត្រូវបានទទួលស្វាគមន៍ដោយអាជ្ញាធរអន្តោប្រវេសន៍ថៃ នៅឯសណ្ឋាគារមួយនៅក្បែរអាកាសយានដ្ឋានសុវណ្ណភូមិ នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០១៩។ Thailand Immigration Police via REUTERS ATTENTION EDITORS

នារី​អារ៉ាប៊ីសាអូឌីតម្នាក់​មានវ័យ១៨​ ឆ្នាំ​ បានរត់គេចចេញពី​ក្រុមគ្រួសារ​នៅឯ​ប្រទេសអារ៉ាប៊ីសាអូឌីត​ កាលពីចុងសប្តាហ៍មុន​ កំពុង​ស្វះស្វែង​សុំសិទ្ធិជ្រកកោន​នៅប្រទេសទី៣​។ នាខណៈនេះ​នារីវ័យ១៨ឆ្នាំរូបនេះ​ កំពុងស្នាក់នៅ​ក្នុង​ទីក្រុងបាងកក​ ប្រទេសថៃ​ ហើយនាងត្រូវបានគាំពារដោយ​ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន​។ មិនតែប៉ុណ្ណោះ​ ក្រោយពីបាន​ជួបពិភាក្សា​ជាមួយ​នារី​អារ៉ាប៊ីសាអូឌីត​រូបនេះ​រួចមក​ អ.ស.ប​ ក៏បានស្នើសុំភ្លាមៗ​ផងដែរ ​ដល់ប្រទេសអូស្ត្រាលី​ឲ្យទទួលយក​រូបនាង​ក្នុងនាម​ជាជនភៀសខ្លួន​។

 

ហេតុផល​ដែល​នាំឲ្យ​នារី​អារ៉ាប៊ីសាអូឌីត​វ័យ១៨ ឆ្នាំ​ រត់ចេញពី​ប្រទេសកំណើត ​

តាមពិតទៅ​ ដើមចម​នៃបញ្ហាដំបូងឡើយ​ គឺវាកើតចេញមកពី​ ការ​មិនព្រម​ប្រតិបត្តិតាមគោលការណ៍​របស់​សាសនាអ៊ីស្លាម​ដែល​មានចែង​នៅក្នុង​ប្រទេសអារ៉ាប៊ីសាអូឌីត​។ បើតាម​ការឲ្យដឹង​របស់​នារីអារ៉ាប៊ីសាអូឌីត​ នាង​ រ៉ាហា​ ម៉ូហាម៉េត​ អាល់គូណាន់​ នាង​បានរត់គេចចេញពី​គ្រួសារ​ ចេញពី​ប្រទេសអារ៉ាប៊ីសាអូឌីត​ ដោយសារតែ​នាង​ជាមនុស្ស​ស្រលាញ់​ និង​និយមសេរីភាព​ផ្ទាល់ខ្លួនខ្លាំង​ ពោល​គឺនាង​មានទំនោរ​ស្រលាញ់ជីវិត​តាមបែប​ប្រទេសលោកខាងលិច​។

កន្លងមក​ នាងអាល់គូណាន់​ បានសម្រេច​ចិត្តបោះបង់​ និង​មិន​ប្រតិបត្តិតាម​ក្បួនច្បាប់​សាសនាអ៊ីស្លាម​ និង​មិនព្រមធ្វើតាម​ដំបូន្មាន​គ្រួសារឡើយ​។ ជាពិសេស​ ថ្មីៗនេះ​ នាង​មិនព្រម​រៀបការ​តាមការរៀបចំ​របស់គ្រួសារ​ទៀតផង​។ ទង្វើទាំងនេះ​គឺ​ ខុសនឹង​ទំនៀមទំលាប់គ្រួសារ​ និងច្បាប់​របស់​ប្រទេសអារ៉ាប៊ីសាអូឌីត​ ដែល​មានវិន័យ​តឹងរឹងខ្លាំង​សម្បើមណាស់សម្រាប់ស្ត្រី​។

សូមបញ្ជាក់ជូនថា​ បុរស​ត្រូវបានគេ​ផ្តល់តម្លៃ​ខ្ពស់ខ្លាំងណាស់​ នៅក្នុង​សង្គមអារ៉ាប៊ីសាអូឌីត​ បើប្រៀបធៀប​ទៅនឹងស្ត្រី​។ មិនតែប៉ុណ្ណោះ​ បម្រាម​ ឬ ការរឹតបន្តឹង​លើសិទ្ធិសេរីភាព​ស្ត្រី​ គឺមានច្រើន​ និង​ម៉ត់ចត់​ខ្លាំងមែនទែន​។ ឧទាហរណ៍​ជាក់ស្តែង​ មុនធ្វើ​កិច្ចការសំខាន់​អ្វីមួយ​ដូចជា​ ធ្វើលិខិតឆ្លងដែន​ ឬក៏​សិក្សាក្រៅប្រទេស​ ឬក៏​រៀបការ​មានគូស្រករ​-ស្វាមី​ ស្ត្រី​អារ៉ាប៊ីសាអូឌីត​ មិនអាច​ធ្វើតាមចិត្ត​របស់ខ្លួនបាននោះទេ​ ហើយ​អ្នក​ដែល​មានសិទ្ធិអំណាច​សម្រេចចិត្ត​ជំនួសពួកគេនោះ​គឺ​ឪពុក​ បងប្រុស ឬក៏​កូនប្រុស​ ជាដើម​។

មិនតែប៉ុណ្ណោះ​ ស្ត្រីអារ៉ាប៊ីសាអូឌីត​ គឺ​មិនអាចប្រឆាំង​ ទៅនឹង​វិន័យ​របស់ប្រទេសបានឡើយ​ ហើយក្នុង​ករណី​ដែល​ពួកគេហ៊ាន​ ក្រោកឈរប្រឆាំង​ ទៅនឹង​ក្បួនច្បាប់​របស់គ្រួសារ​ ឬប្រទេសនោះ​ ពួកគេអាចនឹង​ត្រូវទទួលទណ្ឌកម្ម​។ ធ្ងន់ធ្ងរ​ជាងនេះទៅទៀតនោះ​ គឺ​ពួកគេ​អាច​រងគ្រោះថ្នាក់​ដល់អាយុជីវិត​ទៀតផង​។

សូម​រឮកជូនផងដែរថា​ នាង​ អាល់គូណាន់​ បាន​រត់គេចចេញពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និងបានមកដល់ទីក្រុងបាងកក​ ប្រទេសថៃ​ នៅចុងសប្តាហ៍កន្លងទៅថ្មីៗនេះ​។

ស្ថានភាព​របស់​នាង​អាល់គូណាន់​ នៅក្នុង​ប្រទេសថៃ​

ក្រោយ​ធ្វើដំណើរទៅដល់ទីក្រុងបាងកក​ កាលពីចុងសប្តាហ៍នេះ​ នាងអាល់គូណាន់​ត្រូវបានឃាត់ខ្លួន​នៅឯព្រលានយន្តហោះ​សុវណ្ណភូមិ​ ហើយ​ភ្លាមៗនោះ​ មន្ត្រីទូត​អារ៉ាប៊ីសាអូឌីត​ ប្រចាំទីក្រុងបាងកក​ បានដកហូតយក​លិខិតឆ្លងដែន​របស់នាង​។ ក្រោយ​ត្រូវប៉ូលីសថៃ​ចាប់ខ្លួន​ នាងអាល់គូណាន់​ ក៏បានស្នើសុំទៅ​អាជ្ញាធរថៃ​ដោយទទូចថា​ កុំបញ្ជូន​រូបនាងត្រលប់ទៅកាន់​ប្រទេសអារ៉ាប៊ីសាអូឌីតវិញ​ឲ្យសោះ​ ពីព្រោះថា​ទីនោះ​ជាកន្លែង​មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់នាង​ ពីព្រោះ​នាងរត់គេចពី​ការរៀបការ​ ដែល​រៀបចំ​ដោយក្រុមគ្រួសារ​។

ក្រៅពីនេះ​ រឿង​របស់​នាង​អាល់គូណាន់​ បានល្បីរន្ទឺ​ ដោយសារ​នាង​បានសរសេរ​អំពីក្តីបារម្ភ​ ដែលថា​នាងអាច​មានគ្រោះថ្នាក់​ប្រសិនបើ​ គេ​បញ្ចូនខ្លួននាង​ទៅកាន់​អារ៉ាប៊ីសាអូឌីតវិញ​។ នៅក្នុង​សារបង្ហោះ​តាមបណ្តាញសង្គម​ Twitter​ នាង​ក៏បាន​ស្នើសុំ​ជំនួយពី​អង្គការសហប្រជាជាតិ​ផងដែរ​។ បន្ថែមលើនេះ​ នាងអាល់គូណាន់​ ក៍បាននិយាយ​ផងដែរថា​ ជីវិត​របស់នាងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ធំ​ ពីព្រោះថា​ គ្រួសារ​របស់នាង​បាន​គំរាមសម្លាប់រូបនាង​។ ដូច្នេះហើយ​ទើបនាង​ បដិសេដ​ មិនជួបឪពុក​ និង​បងប្រុសរបស់នាង​ដែល​ធ្វើដំណើរ​ទៅដល់​ទីក្រុងបាងកក​ កាលពីថ្ងៃអង្គារ​ ម្សិលមិញនេះ​។

សូមជ្រាបផងដែរថា​ ក្រោយបានស្តាប់​ហេតុផល​របស់​នាងអាល់គូណាន់ មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍​ថៃ បាននិយាយថា​ អាជ្ញាធរថៃ​ នឹងមិនចាប់បង្ខំ​បញ្ជូនខ្លួន​នាងអាល់គូណាន់​ ត្រលប់ទៅកាន់​ប្រទេសកំណើត​ គឺ​ប្រទេសអារ៉ាសាអូឌីតវិញឡើយ​ ប្រសិនបើ​នាងមិ​នយល់ព្រមនោះ​។

គួរកត់សម្គាល់​ផងដែរ​ថា នាង​ អាល់គូណាន់​ នាពេលនេះ​ គឺ​កំពុងស្ថិតនៅក្រោម​ការគ្រប់គ្រង​ និង​ការពារ​របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន​ក្នុង​ទីក្រុងបាងកក​។ មួយវិញទៀត​ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ ក៏កំពុងតែ​ដុតដៃដុតជើង​ ស្វែងរក​ឪកាស​បញ្ជូន​នាង​ទៅកាន់ប្រទេសទី៣​ ជាទី​ដែល​មានសុវត្ថិភាព​សម្រាប់នាងផងដែរ​។

កន្លងមក​ អាល់គូណាន់​ ធ្លាប់បានប្រាប់ថា​ នាងចង់សុំ​សិទ្ធិជ្រកកោន​ ពីប្រទេសសេរី​ណាមួយក៏បាន​ ដែលក្នុងនោះរួមាន​ ប្រទេសកាណាដា​ សហរដ្ឋអាមេរិក​ អូស្ត្រាលី​ ឬក៏​ប្រទេសអង់គ្លេស​។ ទាក់ទងរឿងនេះដែរ​ បើតាម​ព័ត៌មាន​ដែលចេញផ្សាយដោយ​ សារព័ត៌មាន​បារាំង​ AFP​ តំណាង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ កាលពីថ្ងៃ​អង្គារ​ ម្សិលមិញនេះ​ បានស្នើទៅកាន់​ រដ្ឋាភិបាលអូស្ត្រាលី​ ឲ្យផ្តល់​សិទ្ធិជ្រកកោន​សម្រាប់​ នារីអារ៉ាប៊ីសាអូឌីត​ អាល់គូណាន់​ រួចរាល់ហើយ​។

អូស្ត្រាលី​ផ្តល់ភ្លើងខៀវ​ចំពោះ​ការស្នើសុំ​សិទ្ធិជ្រកកោន​របស់នាង​អាល់គូណាន់​

មួយថ្ងៃ​បន្ទាប់ពីទទួលបានសំណើរ​ របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន​រួចមក​ រដ្ឋាភិបាលអូស្ត្រាលី​ហាក់ដូចជា​បញ្ចេញ​សញ្ញាវិជ្ជមាន​ ដែល​មានន័យយល់ព្រម​ទទួលយកនារី​អារ៉ាប៊ីសាអូឌីត​ ឲ្យស្នាក់នៅ​ក្នុងទឹកដី​ប្រទេសអូស្ត្រាលី​ហើយ​។

ជាក់ស្តែង​ មន្ត្រីអូស្ត្រាលី​ជាច្រើននាក់​ បាននិយាយថា​ សំណើរ​សុំសិទ្ធិជ្រកកោន​របស់​ នាង​អាល់គូណាន់​ រៀបចំដោយ​អង្គការសហប្រជាជាតិ​ ទំនងជា​ត្រូវបាន​ទទួលយក​ក្នុងពេលឆាប់ៗនេះហើយ​។ ជាមួយគ្នានេះផងដែរ​ រដ្ឋមន្ត្រីសុខាភិបាល​អូស្ត្រាលី​ បានលើកឡើងថា​ ប្រសិនបើ​នាងអាល់គូណាន់​ ត្រូវបាន​រដ្ឋាភិបាលអូស្ត្រាលី​ ផ្តល់​សិទ្ធិជ្រកកោនមែននោះ​ មន្ត្រី​អូស្ត្រាលី​នឹងរួសរាន់​ផ្តល់ទិដ្ឋាការ​មនុស្សធម៌ដល់នាង​ ឲ្យបានឆាប់បំផុត​តាម​ដែលអាចធ្វើតាម​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ថៃ

    ថៃ៖​នារីជនជាតិ​អារ៉ាប៊ីសាអូឌីត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​បាងកក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ