អានតួអត្ថបទ
អ.ស.ប.-កូរ៉េខាងជើង

អ.ស.ប.៖​មាន​ពលរដ្ឋ​កូរ៉េខាងជើង ៣ភាគ៤ ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់

អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ក្តីបារម្ភ​របស់​ខ្លួន​ចំពោះ​កង្វះអាហារ​បរិភោគ​នៅ​ក្នុង​ទឹកដី​កូរ៉េខាងជើង។ នៅ​ក្នុង​របាយការណ៍​មួយ​មាន​ចំណងជើង​ថា « សាធារណរដ្ឋ​កូរ៉េ ២០១៦៖តម្រូវការ និង​អាទិភាព » ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មេសា អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​កូរ៉េខាជើង​ជាង ៣ភាគ៤​ត្រូវ​ការ​ជំនួយមនុស្សធម៌​គ្រប់បែប​ជា​បន្ទាន់។

អ.ស.ប.៖មានពលរដ្ឋកូរ៉េខាងជើង ៣ភាគ៤ ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់
អ.ស.ប.៖មានពលរដ្ឋកូរ៉េខាងជើង ៣ភាគ៤ ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​មិន​បាន​ស្តីបន្ទោស​អ្វី​ធំដុំ​ដាក់​រដ្ឋអំណាច​កូរ៉េខាងជើង​ទេ តែ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ទោះ​បី​ជា​មាន​ការ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​របស់​រដ្ឋអំណាច ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម​ក៏​ដោយ ក៏​វិស័យ​មួយ​នេះ​នៅ​មិន​ទាន់​អាច​ផ្តល់​ផលិផល​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត​ពលរដ្ឋ​កូរ៉េខាងជើង​ទាំង ២៥លាននាក់​បាន​ទេ។ មូលហេតុ​មក​ពី​ភាព​រាំងស្ងួត​ដែល​បាន​កាត់​បន្ថយ​ការ​ប្រមូលផល​កសិកម្ម​យ៉ាង​ច្រើន​នា​ឆ្នាំ​កន្លង​ទៅ។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ មាន​ពលរដ្ឋ​កូរ៉េខាងជើង​ជាង ៣ភាគ៤ ពោល​ជាង ១៨លាននាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​អាហារ​បរិភាគ និង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​គ្រប់បែប​ជា​បន្ទាន់។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ក៏​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សហគមន៍​អន្តរជាតិ​ដែល​មិន​បាន​ចាប់​អារម្មណ៍​ពី​វិបត្តិ​កង្វះ​ស្បៀងអាហារ​នៅ​កូរ៉េខាងជើង។ របាយការណ៍​ដដែល​បាន​អះអាង​ថា កង្វះ​អាហារ​បរិភោគ​នៅ​កូរ៉េខាងជើង​បាន​ក្លាយ​ជា​ក្តីកង្វល់​ដែល​មិន​អាច​មើល​រំលង​បាន ព្រោះ​វា​ជា​មូលហេតុ​មួយ​នៃ​ការ​ស្លាប់ និង​ការ​ឈឺស្កាត់ ពិសេស​នៅ​លើ​ស្រ្តីភេទ និង​កុមារ​មាន​អាយុ​ក្រោម ៥ឆ្នាំ។

ថ្មីៗ​កន្លង​ទៅ​នេះ របាយការណ៍​ឆ្នាំ ២០១៥ របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​ហៅ​កាត់​ថា FAO បាន​ឲ្យ​ដឹង​ថា អត្រា​នៃ​ចំនួន​ពលរដ្ឋ​កូរ៉េខាងជើង​ខ្វះ​អាហារ​បរិភាគ​ក្នុង​ចន្លោះ​ឆ្នាំ ២០១៤-២០១៦ មាន​ចំនួន ៤១,៦% ពោល​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ចន្លោះ​ឆ្នាំ ២០០៥-២០០៧ ដែល​មាន ៣៥,៥%។ សូម​ជម្រាប​ជូន​ថា ភាព​រាំងស្ងួត ការ​គ្រប់គ្រង​មិន​បាន​ល្អ និង​ការ​ចំណាយ​លុយ​ច្រើន​នៅ​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ គឺ​ជា​ប្រភព​នៃ​គ្រោះទុរ្ភិក្ស​សម្លាប់​ពលរដ្ឋ​កូរ៉េខាងជើង​ជា​ច្រើន​ម៉ឺននាក់​ក្នុង​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ៩០។

អ្វី​ជា​ក្តីបារម្ភ​របស់​អង្គការ​សហប្រជាជាតិ​ពេល​នេះ គឺ​មិនចង់​ឃើញ​គ្រោះទុរ្ភិក្ស​កើត​មាន​ជា​ថ្មី​នៅ​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា ជំនួយ​អន្តរជាតិ ពិសេស​ជំនួយ​អាមេរិក និង​ជំនួយ​កូរ៉េខាងត្បូង​ជិត​ខាង​សម្រាប់​កូរ៉េខាងជើង​បាន​កាត់​បន្ថយ​ច្រើន ដោយសារ​តែ​ភាព​តានតឹង​នុយក្លេអ៊ែរ​បង្ក​ឡើង​ដោយ​របប​ក្រុង​ព្យុងយ៉ាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ