អានតួអត្ថបទ

អ.ស.ប ថា​សហភាពអឺរ៉ុប​អាចជា​អ្នក​ទាញយក​ផលចំណេញច្រើន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​

ទាំងសហរដ្ឋអាមេរិក​ ទាំងប្រទេសចិន​ មិនបាន​ផលចំណេញអ្វី​ ពីសង្គ្រាមពាណិជ្ជកម្ម​រវាងគ្នានិងគ្នា​នោះទេ​។ ក៏ប៉ុន្តែ​ អ្នក​ដែល​អាចទទួលបាន​ផលចំណេញច្រើន​ ដោយសារ​ជម្លោះពាណិជ្ជកម្ម​ រវាង​ប្រទេសមហាអំណាច​សេដ្ឋកិច្ចទាំងពីរ​ គឺ​សហភាពអឺរ៉ុប​ វិញ​ឯណោះទេ​។ នេះ​ បើតាមរបាយការណ៍​មួយ​ របស់​អង្គការសហប្រជាជាតិ​ ចេញផ្សាយ​កាលពីថ្ងៃចន្ទ​ ទី៤ កុម្ភៈ​ ឆ្នាំ២០១៩​ ម្សិលមិញនេះ​។

លោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ជួបពិភាក្សាគ្នាអំពីបញ្ហាវិវាទពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០១៨។
លោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ជួបពិភាក្សាគ្នាអំពីបញ្ហាវិវាទពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០១៨។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អ.ស.ប​ មានចំណងជើង​ថា​ “សង្គ្រាម​ពាណិជ្ជកម្ម​៖ អ្នកខាតបង់​ និងអ្នកចំណេញ​” បានព្យាករណ៍ថា​ សហភាពអឺរ៉ុប​នឹងក្លាយជាអ្នក​ដែលអាចទាញយកផលចំណេញបានច្រើនជាងគេ​ ពី​ជម្លោះពាណិជ្ជកម្ម​រវាងអាមេរិក​និងចិន​។ បើតាមរបាយការណ៍របស់អ.ស.ប ដដែលនេះ​ សហភាពអឺរ៉ុប​ នឹង​ទទួលបានផលចំណេញ​ក្នុងតម្លៃទឹកប្រាក់​ចំនួន​ ៧០​ ពាន់​លានដុល្លារ​ មកក្នុងដៃ​។

ទាក់ទងរឿងនេះដែរ​ ប្រធានផ្នែក​របស់​អ.ស.ប​ ស្តីអំពី​ពាណិជ្ជកម្ម​ និង​ការអភិវឌ្ឍន៍​ លោកស្រី​ Pamela Coke-Hamilton បាននិយាយថា​ បើយោងទៅតាម​ការសិក្សាវិភាគ​ គោលនយោបាយ​ដំឡើងពន្ធ​របស់​សហរដ្ឋអាមេរិក​ និងប្រទេសចិន​ មិនបាន​ផ្តល់ផលប្រយោជន៍​ ឬប្រាក់ចំណេញអ្វី​ ដល់បណ្តា​ក្រុមហ៊ុន​របស់ប្រទេស​ទាំងពីរឡើយ​។

ជាមួយគ្នានេះ​ លោកស្រី​បានបញ្ជាក់បន្ថែមថា​ វិវាទ​ពាណិជ្ជកម្ម​នឹងធ្វើឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ចរបស់អាមេរិក​ និងចិន​ ហើយ​ប្រទេសផ្សេងៗទៀត​ទេ​ដែល​ជាអ្នក​ទាញបានផលចំណេញ​ពិតប្រាកដនោះ​។

ជាក់ស្តែង​ បើតាម​ការសិក្សា​របស់ អ.ស.ប​​ នៅពេល​ដែលរងគ្រោះដោយសារ​នយោបាយ​ដំឡើងពន្ធ​ពីសំណាក់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន នោះ​មុខទំនិញ​ចិន​ប្រមាណ​ជា​ ៨០ ភាគរយ​ អាចនឹង​ស្វែងរកទីផ្សារថ្មី​ នៅក្នុងប្រទេសផ្សេងៗទៀត​។

ស្រដៀងគ្នានេះដែរ​ មុខទំនិញ​អាមេរិកប្រមណជា​ ៨៥ ភាគរយ​ ដែលរងគ្រោះ​ ដោយសារការ​ដំឡើងពន្ធច្រើន​ ពីសំណាក់​រដ្ឋាបាលទីក្រុងប៉េកាំង​ នឹងងាក​ទៅរកទីផ្សារថ្មី​នៅឯប្រទេសដទៃទៀត​វិញដូចគ្នា​។ មួយវិញទៀត​ ប្រទេស​ដែលជា​គោលដៅថ្មី​ របស់មុខទំនិញ​ អាមេរិក និងចិន គឺ បណ្តា​ប្រទេស​សហភាពអឺរ៉ុប​។ មិនតែប៉ុណ្ណោះ​ ជប៉ុន​ ម៉ិចស៊ិក​ និង​កាដាណា​ ក៏អាច​ទាញផលចំណេញ​បានច្រើនដែរ​ ពីជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​-ចិន​។

គួររំឭកជូនថា​ នៅគ្រាកន្លងមក​ភាគីអាមេរិក​ និងចិន​ បានខិតខំពិភាក្សាគ្នា​ជាច្រើនលើក​ច្រើនសារ​ណាស់ដែរ​ ដើម្បីដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​រវាងគ្នា​និងគ្នា​ ក៏ប៉ុន្តែ​ ស្ថានការណ៍ ហាក់មិនធូរស្បើយនោះទេ​។ ​ជាក់ស្តែង របាយការណ៍​របស់​អ.ស.ប ថែមទាំងបាន​រំពឹងទុក​ជាមុនទៀតថា​ ប្រទេសទាំងពីរ​អាចនឹង​បន្តតំឡើងពន្ធ​ លើមុខទំនិញនានា ទៅលើគ្នាទៅវិញទៅមក​ទៀតផង​ នៅដើមខែមីនា​ ឆ្នាំ២០១៩​ ខាងមុននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ