ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១

អាប៉ូឡូទី១១៖ មនុស្សជាន់ដីព្រះចន្ទ​ជា​លើកទី១
 
អវកាស​យានិក​ទាំង​៣​រូប នៃ​បេសកកម្ម​អាប៉ូឡូ​ទី​១១ NASA/Handout via REUTERS

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីបេសកកម្ម​អាប៉ូឡូទី១១ ដែល​នាំ​ ​ទៅ​ចុះចត​លើ​​​ឋាន​ព្រះចន្ទ កាលពីខែកក្កដា​ឆ្នាំ១៩៦៩។

(មានវីដេអូនៅខាងក្រោម)

នៅ​​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ ម៉ោង ៩ និង៣២នាទីព្រឹក ម៉ោង​នៅ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក (ត្រូវ​នឹង​ម៉ោង ១ និង៣២នាទី​រសៀល​ម៉ោងសកល) រ៉ុកកែត Saturn V ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ចេញ​ពី​ Cape Canaveral... នៅពីលើ​រ៉ុកកែត​នេះ គឺ​យានអវកាស​នៃ​បេសកកម្ម​អាប៉ូឡូ​ទី១១ ផ្ទុក​អវកាសយានិក​ចំនួន ៣រូប គឺ នៀល អាមស្ត្រង (Neil Armstrong) ជា​មេបញ្ជាការ, ម៉ៃឃើល ខូលីនស៍ (Michael Collins) អ្នក​បើកបរ​យាន​ធំ (Command and Service Module) ដែល​គេ​ប្រសិទ្ធនាម​ឲ្យថា “Columbia” និង បើស អាល់ឌ្រីន (Buzz Aldrin) អ្នក​បើកបរ​កូនយាន​សម្រាប់​ចុះ​លើ​ដីព្រះចន្ទ (Lunar Module) ដែល​គេ​ប្រសិទ្ធនាម​ឲ្យថា “Eagle”។

២នាទី និង​៤២វិនាទី ក្រោយ​ពី​ត្រូវ​បាញ់​ចេញ​ពីដី កំណាត់​ទី១ (First Stage) នៃ​រ៉ុកកែត Saturn V ត្រូវ​ផ្តាច់ចេញ​ពី​តួរ៉ុកកែត ហើយ​ម៉ូទ័រ​នៃ​កំណាត់​ទី២ (Second Stage) ក៏​ចាប់ផ្តើម​ដំណើរការបន្ត។ ៩នាទី និង​៩វិនាទី កំណាត់​ទី២​ក៏​បាន​​ផ្តាច់ខ្លួន​ចេញ​ដែរ ហើយ​​​កំណាត់​​ទី៣ (Third Stage) ​ជា​អ្នក​បន្ត​វេន នាំ​អាប៉ូឡូ​ទី១១ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី។

ក្រោយ​ពី​ហោះ​បាន ២ម៉ោង និង ៤៤នាទី និង​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី​បាន​១ជុំ​កន្លះ កំណាត់​ទី៣ នៃ​រ៉ុកកែត​ Saturn V ក៏​បាន​ចាប់ផ្តើម​បញ្ឆេះ​ម៉ូទ័រ​ឡើង​សា​ជា​ថ្មី​ម្តងទៀត ដើម្បី​រុញ​យាន​​អាប៉ូឡូទី១១ ឲ្យចេញ​ពី​គន្លង​តារាវិថី​នៃ​ផែនដី ហើយ​ធ្វើ​ដំណើរ​សំដៅ​ទៅកាន់​ព្រះចន្ទ។

នៅថ្ងៃទី១៩កក្កដា ក្រោយ​ពី​បាន​​ចំណាយ​ពេល​ ៣ថ្ងៃ ហោះកាត់​ទី​អវកាស ក្នុង​ចម្ងាយ​រហូតដល់​ទៅ​ជិត ៤០ម៉ឺន​គីឡូម៉ែត្រ អាប៉ូឡូ​ទី១១ ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់ព្រះចន្ទ ដោយ​ពី​ដំបូង​ហោះ​ហួស​ទៅ​ដល់​ខាង​ក្រោយ​ព្រះចន្ទ រួច​ហើយ​បន្ថយ​ល្បឿន​ ដើម្បី​អាច​ហោះ​ចូល​ទៅ​ក្នុង​​គន្លង​តារាវិថី​ជុំវិញ​​ព្រះចន្ទ។

នៅថ្ងៃ​ទី២០​កក្កដា ក្រោយ​ពី​បាន​ហោះ​ជុំវិញ​ព្រះចន្ទ​ជាច្រើន​ជុំ រហូត​អាច​ស្ថិត​នៅ​ក្នុងគន្លង​តារាវិថី​មួយ​ដែល​មាន​ស្ថិរភាព​ទៅតាម​ការ​ចង់​បាន​រួចហើយ អវកាសយានិក​ពីររូប គឺ នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន ក៏​បាន​ចូល​ទៅ​ក្នុង​ Lunar Module រួចហើយ​ផ្តាច់ខ្លួន​ចេញ​ពី​យាន​ធំ សំដៅ​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ ចំណែក​ឯ ម៉ៃឃើល ខូលីនស៍ ស្ថិត​នៅ​ក្នុង​យានធំ (Command and Service Module) ហោះ​ចាំ​នៅ​ខាងលើ ក្នុង​តារាវិថី​ជុំវិញ​ព្រះចន្ទ។

នៅម៉ោង ៨ និង១៧នាទី​យប់ថ្ងៃទី២០កក្កដា​ម៉ោងសកល Lunar Module ក៏​បាន​ចុះចត​ដល់​ដី​ព្រះចន្ទ នៅត្រង់​តំបន់​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Sea of Tranquility”។​ ​ក្រោយ​ពី​បាន​សម្រាក​នៅ​ក្នុង​យាន​ប្រមាណ​ជា ៣ម៉ោង អវកាសយានិក​ទាំង​២រូប​ក៏​បាន​ចាប់ផ្តើម​រៀបចំ​ខ្លួន​ចេញ​ពី​យាន ដោយ​ នៀល អាមស្ត្រង ជាអ្នក​ចេញ​មុន ចុះ​តាម​ជណ្តើរយាន ហើយ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ឈាន​ជើង​ជាន់​លើ​ដី​ព្រះចន្ទ ​​នៅម៉ោង ២ និង៥៦នាទី​រំលងអធ្រាត​ឈាន​ចូល​ថ្ងៃ​ទី២១​កក្កដា មុន​ បើស អាល់ឌ្រីន ប្រមាណ​ជា​ ២០នាទី។

នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន បាន​ចំណាយ​ពេល​នៅលើ​ព្រះចន្ទ​គិតជាសរុប​ចំនួន ២១ម៉ោង និង ៣៦នាទី ដោយ​ក្នុងនោះ មាន​មួយផ្នែក​ធំ​ គឺ​ចំណាយ​ពេល​ធ្វើការ និង​សម្រាក​នៅ​ខាង​ក្នុង​យាន ចំណែក​ឯ​ជាង២ម៉ោង​ផ្សេងទៀត គឺ​ធ្វើការ​នៅលើ​ដីព្រះចន្ទ​ដោ​យផ្ទាល់ ដើម្បី​ធ្វើ​ពិសោធន៍​​ខាង​វិទ្យាសាស្រ្ត​ ព្រមទាំង​ប្រមែប្រមូល​យក​ថ្ម​​ព្រះចន្ទ​យក​ត្រឡប់​ទៅ​ផែនដី​វិញ​ ដើម្បី​បន្ត​សិក្សា​លម្អិត​អំពី​ព្រះចន្ទ។

នៅម៉ោង ៥ និង​៥៤នាទី​ល្ងាច​ថ្ងៃ​ទី២១​កក្កដា នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន ក៏​បាន​ហោះ​​ចេញ​ពី​ផ្ទៃដី​ព្រះចន្ទ​ ដោយ​ប្រើ​ផ្នែក​ខាង​លើ​នៃ​កូន​យាន Lunar Module។ តាមការពិត Lunar Module នេះ ត្រូវបាន​គេ​ចែកចេញ​ជាពីរ​ផ្នែក គឺ​ផ្នែក​ខាង​ក្រោម ដែល​គេហៅ​ថា “Descent Stage” ហើយ​ដែល​គេ​ប្រើ​​សម្រាប់​ចុះចត​លើ​ព្រះចន្ទ និង​ក្រោយ​មក​ទៀត​ត្រូវ​ប្រើ​ជា​ទម្រ សម្រាប់​បាញ់​បង្ហោះ​ផ្នែក​ខាង​លើ ដែលគេហៅថា “Ascent Stage” ដើម្បី​នាំ​អវកាសយានិក​ចេញ​ពី​ផ្ទៃដី​ព្រះចន្ទ ត្រឡប់​ទៅ​កាន់​យាន​ធំ​វិញ ដែល​កំពុងហោះនៅ​ចាំខាងលើ ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ។

ក្រោយ​ពី​បាន​ហោះ​ទៅ​តភ្ជាប់​ជាមួយ​នឹង​យាន​ធំ ហើយ នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន បាន​ផ្ទេរ​ទៅ​កាន់​យាន​ធំ​រួចហើយ ផ្នែក​ចុងក្រោយ​នៃ Lunar Module នេះ ក៏​ត្រូវ​បាន​គេ​ផ្តាច់ចេញ​ផងដែរ មុននឹង​បញ្ឆេះ​ម៉ូទ័រ​យាន​ធំ​ឲ្យ​ចាកចេញ​ពី​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ ហោះ​សំដៅ​ត្រឡប់​មក​កាន់​ភពផែនដី​វិញ ដោយ​ត្រូវ​ចំណាយ​ពេល​ ៣ថ្ងៃ ដូចជា​កាល​ពី​ពេល​ហោះ​ពីផែនដីដែរ។

តាមការពិត​ទៅ យានធំ ឬ Command and Service Module នេះ ក៏​ត្រូវ​គេ​ចែក​ចេញ​ជា​ពីរ​ផងដែរ គឺ Service Module ដែល​ជា​​ផ្នែកធំ​រាងជា​ស៊ីឡាំង ហើយ​ដែល​មាន​ផ្ទុក​ប្រព័ន្ធម៉ាស៊ីន​សម្រាប់​ដំណើរការ​យាន និង Command Module ដែល​ជា​​ផ្នែក​តូច​ខាង​មុខ ដែល​មាន​រាង​ជា​សាជី ហើយ​ដែលជា​បន្ទប់​បើកបរ​មាន​ផ្ទុក​អវកាសយានិក​ទាំង៣រូប។

នៅ​ពេល​ដែល​យាន​ហោះ​ជិត​មក​ដល់​ភពផែនដី Command Module និង Service Module ត្រូវ​បាន​គេ​ផ្តាច់​ចេញ​ពី​គ្នា ដោយទុក​​តែ Command Module មួយតែ​ប៉ុណ្ណោះ​ឲ្យ​ហោះ​ចុះ​មក​ផែនដី។

ក្រោយ​ពី​ត្រូវ​បន្ថយ​ល្បឿន​ដោយសារ​ភាព​កកិត​នឹង​បរិយាកាស​ភពផែនដី​ផង និង​ក្រោយ​មក​ទៀត​ដោយសារ​ឆ័ត្រយោង​ផង Command Module បាន​ធ្លាក់​ចុះ​ទៅ​ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​មាន​នាវាផ្ទុក​យន្តហោះ​មួយគ្រឿង​របស់​អាមេរិក​នៅ​រង់ចាំ​ជាស្រេច​នៅ​ក្បែរ​នោះ។

អវកាសយានិក​​ទាំង ៣រូប នៃ​បេសកកម្ម អាប៉ូឡូទី១១​បាន​វិលត្រឡប់​មក​ដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព ដោយ​នាំ​យក​មក​ជាមួយ​នូវ​ថ្ម​ពីព្រះចន្ទ​ប្រមាណ​ជា ២២គីឡូក្រាម ដើម្បីទុក​សិក្សា ក៏ប៉ុន្តែ ពួកគេ​ក៏​បាន​បន្សល់​ទុក​នូវ​របស់​ជាច្រើន​ផងដែរ នៅលើ​ដីព្រះចន្ទ។ ក្រៅ ​ពី​ផ្នែក​ខាងក្រោម​នៃ​កូនយាន Lunar Module គឺ​មាន​ទង់ជាតិ​អាមេរិក, ថាស​ដែល​មាន​ចារ​នូវ​សារ​របស់​ប្រមុខដឹកនាំ​ប្រទេស​ចំនួន ៧៣, ផ្លាក​ដែល​មាន​ហត្ថលេខា​របស់​ប្រធានាធិបតី​អាមេរិក រីឆាដ និចសុន និង​អវកាសយានិក​អាប៉ូឡូ​ទី១១​ទាំង៣រូប រួមជាមួយ​នឹង​ពាក្យ​​ដែល​បង្ហាញថា មនុស្សជាតិ​បាន​មក​ចុះចត​លើ​ដីព្រះចន្ទ​ក្នុង​ចេតនា​សន្តិភាព ("Here men from the planet Earth first set foot upon the Moon. July 1969, A.D. We came in peace for all mankind.")។

ក្រៅវត្ថុអនុស្សាវរីយ៍​ផ្លូវការ​អស់​ទាំងនេះ អវកាសយានិក​អាប៉ូឡូទី១១​ក៏​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ផងដែរ ដោយ​ក្នុងនោះ​រួមមានស្លាកឈ្មោះ​អវកាសយានិក​អាមេរិក​៣រូប ដែល​ត្រូវ​បាត់បង់ជីវិត​នៅ​ក្នុង​បេសកកម្ម​អាប៉ូឡូទី១ (ឆ្នាំ១៩៦៧) និង​ជាពិសេស​ជាងនេះ​ទៅទៀត នៀល អាមស្ត្រង និង​បើស អាល់ឌ្រីន ក៏​បាន​បន្សល់ទុក​ផងដែរ​នូវស្លាកឈ្មោះ​​អវកាសយានិក​សូវៀត​ពីររូប គឺ វ៉្លាឌីមៀរ កូម៉ារ៉ូវ (Vladimir Kormarov) ដែល​បាត់បង់​ជីវិត​ក្នុង​បេសកកម្ម (ឆ្នាំ១៩៦៧) និង យូរី ហ្កាហ្ការីន (Yuri Gagarin) ដែល​នៅតែ​ជាប់​ឈ្មោះ​ថា​ជា​មនុស្ស​ដំបូងបង្អស់ ដែល​បាន​ហោះ​ចេញ​ទៅ​ក្នុង​ទីអវកាស។

ការបន្សល់ទុក​នូវ​ស្លាកឈ្មោះ​អវកាសយានិក​សូវៀត ដែល​ជា​គូសត្រូវ នៅ​ក្នុងពេល​ដែល​សង្រ្គាម​ត្រជាក់​កំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅបែបនេះ គឺ​ជា​កាយវិការ​មួយ​បញ្ជាក់​ថា សម្រាប់​អវកាសយានិក​អាប៉ូឡូ បើទោះបីជា​នៅលើ​ដី មាន​ការបែងចែក​ជា​ជាតិសាសន៍​ ជា​ប្រទេស ដែល​​​មាន​ទៅដោយ​ជម្លោះ និង​ការប្រជែងគ្នា ក៏ប៉ុន្តែ នៅ​ក្នុង​ទីអវកាសវិញ ជោគជ័យ​នៅ​ក្នុងការ​ចុះចត​លើ​ដីព្រះចន្ទ វា​គឺ​ជា​ជោគជ័យ​រួម​របស់​មនុស្សជាតិ​ទាំងមូល៕

  • ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    ដើមកំណើត​នៃ​គម្រោង​អាប៉ូឡូ​ទៅ​ឋានព្រះចន្ទ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីដំណើរ​ដើម​ទង​នាំ​ទៅដល់​ការ​ចាប់កំណើត​នៃ​បេសកកម្ម​​អាប៉ូឡូ​​​ …

  • ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    ព្រះចន្ទ៖ ​“ទ្វីបទី៨” ​នៃ​ភពផែនដី

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​គម្រប់ ៥០ឆ្នាំ …

  • តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    តើ​ប្រព័ន្ធលេខ​បច្ចុប្បន្ន​មាន​ដើមកំណើត​មក​ពីណា?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    ហេតុអ្វី​បានជា​ខែ​កុម្ភៈ​មាន​ត្រឹមតែ​២៨ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    ហេតុអ្វី​បានជា​គេ​បែងចែក​១ថ្ងៃ​ជា​២៤ម៉ោង?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  • តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    តើនរណា​ជាអ្នក​រកឃើញ​ថា​មួយឆ្នាំ​មាន​៣៦៥ថ្ងៃ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​​​​​បន្ត​ធ្វើការ​រៀបរាប់ អំពីដំណើរវិវឌ្ឍន៍​នៃ​ការយល់ដឹង​របស់​មនុស្សជាតិ​ទៅលើ​ចក្រវាល ដោយ​សូមលើកឡើង …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ