អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចំនួន​និស្សិតចិន​សិក្សានៅ​អាមេរិក​ទំនងជាធ្លាក់ចុះ​​ ដោយសារ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្ទុះឡើងជាងមួយឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែមកទល់នឹងពេលនេះ ការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅតែបន្តកើតមាន និងបន្តកើនកំដៅឥតឈប់។ ក្រៅតែពីប្រឈមមុខដាក់គ្នារឿងពាណិជ្ជកម្ម និងរឿងបច្ចេកវិទ្យា ចុងក្រោយនេះវិស័យសិក្សាអប់រំ ក៏បានក្លាយទៅជាគោលដៅថ្មីនៃការប្រយុទ្ធគ្នា របស់ប្រទេសមហាអំណាចទាំងពីរផងដែរ។

លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក និងមេដឹកនាំចិនលោកស៊ី ជីនពីង។
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក និងមេដឹកនាំចិនលោកស៊ី ជីនពីង។ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងអប់រំចិនបានប្រកាសសារប្រាប់ ដល់បណ្តានិស្សិតចិនឲ្យមានការប្រុងប្រយ័ត្ន និងពិចារណាឡើងវិញ អំពីបំណងចង់បន្តការសិក្សាទៅកាន់សហរដ្ឋអាមេរិក ពីព្រោះថារដ្ឋាភិបាលអាមេរិកបាននិងកំពុងរឹតបន្តឹងលើការផ្តល់ទិដ្ឋាការឲ្យដល់ពួកគេ។ គេមើលឃើញថា ការប្រកាសរបស់ចិននេះ ធ្វើឡើងស្របពេលដែលភាពតានតឹងរវាងប្រទេសចិន និងអាមេរិកកំពុងបន្តឡើងកំដៅគួរឲ្យកត់សម្គាល់។

និន្នាការថ្មីចុងក្រោយនេះ សរបញ្ជាក់ឲ្យឃើញថា វិស័យអប់រំ បានក្លាយទៅជាគោលដៅថ្មីមួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយ រដ្ឋាភិបាលទីក្រុងប៉េកាំង។ តែទោះជាបែបនេះក្តី គេមើលឃើញថា ការប្រឈមមុខដាក់គ្នាថ្មី រវាងប្រទេសមហាអំណាចទាំងពីរនេះ អាចផ្តល់ផលប៉ះពាល់ដល់ភាគីខាងសងខាង។

ជាក់ស្តែងនៅពេលនិស្សិតចិន ពិបាកឬក៏មិនអាចសុំទិដ្ឋាការដើម្បីទៅរៀននៅអាមេរិកបានសាកលវិទ្យាល័យអាមេរិកជាច្រើននឹងបាត់បង់ប្រាក់ចំណូលរបស់ខ្លួន ដែលមានចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

គេត្រូវដឹងថា និស្សិតថ្នាក់បរិញ្ញបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចិន ដែលសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក មានចំនួនច្រើនលើសគេ បើប្រៀបធៀបនឹងសិស្សបរទេសផ្សេងទៀត។

បើតាមការចុះផ្សាយ របស់កាសែតចិន South China Morning Post នាថ្ងៃទី ៤ មិថុនា ឆ្នាំ២០១៩ ចំនួននិស្សិតចិន សិក្សានៅតាមសាកលវិទ្យាល័យអាមេរិក បានកើនឡើងយ៉ាងខ្លាំងយ៉ាងគំហុក ចាប់តាំងពីឆ្នាំ២០០៨-២០០៩ មក។ ជាពិសេស នៅឆ្នាំសិក្សា ២០១៧-២០១៨ និស្សិតចិន មានចំនួន១ ភាគ៣ នៃចំនួននិស្សិតបរទេសសរុបទាំងអស់ដែលរៀនសូត្រ នៅក្នុងទឹកដីអាមេរិក ដែលអត្រានេះស្មើនឹងចំនួនប្រមាណជា ៣៦៣ ៣៤១ សិស្សនិស្សិត។

ក្នុងបរិបទនេះ មានន័យថា សាកលវិទ្យាល័យអាមេរិកជាច្រើន អាចរកប្រាក់ចំណូលបានមិនតិចនោះទេ ពីការបង់ប្រាក់ដើម្បីសិក្សារបស់និស្សិតចិន។ ជាការពិត បើតាមសមាគមអ្នកសិក្សាអន្តរជាតិ ជាសរុបប្រាក់ដែលនិស្សិតចិនបង់ថ្លៃសិក្សា ផ្តល់ចំណូលដល់សេដ្ឋកិច្ចអាមេរិក ច្រើនរហូតដល់ ១៣ ពាន់ដុល្លារ ក្នុងរយៈពេលមួយឆ្នាំៗ។

គួរកត់សម្គាល់ដែរថា បើតាមការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយ វិទ្យាស្ថានសិក្សាអន្តរជាតិ និងមានចុះផ្សាយក្នុងកាសែតចិន South China Morning Post បង្ហាញឲ្យឃើញពីការថយចុះ នៃចំនួននិស្សិតចិន ដែលចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី នៅតាមស្ថាប័នអប់រំអាមេរិកប្រមាណជា ២០០ ស្ថាប័ន។ នេះមានន័យថា សាកលវិទ្យាល័យរបស់អាមេរិក នឹងបាត់បង់ប្រាក់ចំណូល ហើយសេដ្ឋកិច្ចរបស់​អាមេរិក ក៏ខាតបង់ប្រាក់ចំណូលបន្ថែមពីវិស័យអប់រំនេះដូចគ្នាដែរ។

ដោយឡែក មិនមែនមានតែស្ថាប័នអប់រំនៅអាមេរិកនោះទេ ដែលរងផលប៉ះពាល់ ពីការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលចិន និងអាមេរិក ក៏ប៉ុន្តែគឺនិស្សិតចិន ក៏បានក្លាយទៅជាជនរងគ្រោះផងដែរ។

គួរជម្រាបជូនថា សហរដ្ឋអាមេរិកគឺជាប្រទេសគោលដៅសិក្សាដ៏ធំបំផុតមួយ ដែលទាក់ទាញសិស្ស និស្សិតមកពីគ្រប់ទិសទីក្នុងសកលលោក ដែលក្នុងនោះរាប់បញ្ចូលទាំងនិស្សិតជាជនជាតិចិនផងដែរ។

នៅមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលអាមេរិក បានរឹតបន្តឹងចំពោះការផ្តល់ទិដ្ឋាការដល់និស្សិតចិន ដោយសារបារម្ភខ្លាចថា ក្នុងចំណោមពួកគេ អាចមានមនុស្សមួយចំនួនជាចារកម្មរបស់រដ្ឋាភិបាលចិន។

និស្សិតចិនមួយចំនួន នាពេលថ្មីៗនេះ ចាប់ផ្តើមបារម្ភ ក្នុងការទទួលបានទិដ្ឋាការទៅសិក្សានៅអាមេរិក ដូចចិត្តប៉ងប្រាថ្នារបស់ពួកគេ។ ក្រៅពីនេះ និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចិនខ្លះទៀត ក៏បាននិយាយប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bloomberg ដែរថា ថាពួកគេមានអារម្មណ៍ថា វិស័យអប់រំ និងទីផ្សារការងារនៅអាមេរិក លែងមានបរិយាសល្អ និងទទួលស្វាគមន៍ដូចពីមុនទៀតហើយ សម្រាប់និស្សិត ដែលជាជនជាតិចិន។

សរុបសេចក្តីមក នយោបាយចាប់យក វិស័យអប់រំ ជាគោលដៅនៃការប្រឈមមុខដាក់គ្នាថ្មី របស់សហរដ្ឋអាមេរិក ធ្វើឲ្យភាគីទាំងសងខាងរងផលប៉ះពាល់។ ជាក់ស្តែង នៅពេលពិបាកសុំទិដ្ឋាការទៅសិក្សានៅអាមេរិក និស្សិតចិនមួយចំនួនអាចបង្វែរទិសដៅ ទៅកាន់ប្រទេសដទៃទៀតមានដូចជាអង់គ្លេស កាដាណា និងអូស្ត្រាលីជាដើម ដែលនេះមានន័យថាអាមេរិកនឹងបាត់បង់ប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។

ចំណែកឯនិស្សិតចិន ដែលមិនទទួលបានទិដ្ឋាការវិញ នឹងបាត់បង់ឱកាសទៅសិក្សារៀនសូត្រនៅក្នុងប្រទេសដែលពួកគេចង់ទៅ និងមានអារម្មណ៍ថាមិនត្រូវបានគេទទួលស្វាគមន៍ ឬ ត្រូវគេរើសអើងជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ