អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ព្រមាន​អាមេរិក​មិនឲ្យ​ដាក់​ពង្រាយ​មីស៊ីល​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសចិន នៅថ្ងៃអង្គារ ទី ៦ សីហានេះ បានព្រមានថាខ្លួន នឹងចាត់វិធានការឆ្លើយតបភ្លាមៗជាមិនខាន ប្រសិនណាបើអាមេរិក នៅតែមានៈ ហ៊ានបន្តដាក់ចេញនូវផែនការ ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រតិកម្មខ្លាំងៗរបស់ប៉េកាំងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវ៉ាស៊ីនតោនបានដកខ្លួនជាស្ថាពរចេញពី​សន្ធិសញ្ញា ស្តី​ពី​អាវុធ​នុយក្លអ៊ែរ រយៈ​ចម្ងាយមធ្យមជា​មួយរុស្ស៊ី និងបានប្រកាសពីគម្រោងពង្រាយមីស៊ីលនៅអាស៊ី។

លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងប្រធានាធបិតីចិនលោកស៊ី ជីនពីង។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងប្រធានាធបិតីចិនលោកស៊ី ជីនពីង។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

អាមេរិកប្រកាសអំពីគម្រោងចង់ដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

នាខណៈនេះ ទំនាក់ទំនងរវាងអាមេរិក និងចិន ដែលសុទ្ធតែជាប្រទេសមហាអំណាចពិភពលោកដូចគ្នា បានធ្លាក់ចូលក្នុងភាពល្អក់កករកាន់តែខ្លាំងជាងមុន។ ដោះស្រាយសង្គ្រាមពាណិជ្ជកម្មនឹងគ្នាមិនទាន់រួច រកផ្លូវចេញពីជម្លោះបច្ចេកវិទ្យានឹងគ្នាមិនទាន់ទាំងបានផង ស្រាប់តែអាមេរិកនឹងចិនឥឡូវនេះ ប៉ះគ្នារឿងថ្មីមួយបន្ថែមទៀត ទាក់ទងនឹងគម្រោងដាក់ពង្រាយមីស៊ីលរបស់អាមេរិកនៅក្នុងតំបន់អាស៊ី។

តាមពិតទៅ ចិនបានខឹងក្តៅស្លឹកត្រចៀកខ្លាំង ទប់ខ្លួនមិននឹង រហូតដល់បញ្ចេញប្រតិកម្មខ្លាំងៗ ចង្អុលចំមុខអាមេរិក ដោយសារតែបានឮពីសេចក្តីប្រកាសចុងក្រោយរបស់អាមេរិក។ ជាសេចក្តីប្រកាសដែលធ្វើឡើងដោយ រដ្ឋមន្រ្តីការពារជាតិអាមេរិកដែលទើបឡើងកាន់តំណែងគឺ ម៉ាក អេសពឺរ លោក Mark Esper អំពីគម្រោងការរបស់អាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម កៀកក្បែរនឹងទឹកដីចិន។

លោកម៉ាក អេសពឺរ កាលពីថ្ងៃសៅរ៍ ទី ៣ សីហា បាននិយាយថា អាមេរិកបានដកខ្លួនជាផ្លូវការចេញពី សន្ធិសញ្ញាស្តី​ពី​អាវុធ​នុយក្លអ៊ែរ​ចម្ងាយមធ្យមជាមួយរុស្ស៊ី ដូច្នោះហើយវាយមានន័យថា អាមេរិកក៏មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការដាក់ពង្រាយអាវុធយុទ្ធភណ្ឌរបស់ខ្លួន។

សម្តីនេះ លោកប្រមុខការពារជាតិអាមេរិក ចង់សំដៅពីផែនការដាក់ពង្រាយមីស៊ីល រយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាតំបន់ ដែលជាទីប្រឈមមុខដាក់គ្នាក្តៅបំផុតមួយ រវាងអាមេរិក និងចិន នាពេលបច្ចុប្បន្នផងដែរ។

ក្នុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន មុនចេញទៅធ្វើទស្សនកិច្ច ទៅកាន់តំបន់អាស៊ីរយៈពេល១សប្តាហ៍ លោកអេស ពឺរ ប្រធានមន្ទីរបញ្ចកោនថ្មីបានបញ្ជាក់ថា អាមេរិកចង់ដាក់ពង្រាយមីស៊ីលឲ្យបានឆាប់ៗនៅអាស៊ី ដោយមិនចង់បង្អែបង្អង់ចាំយូរអ្វីទៀតនោះទេ។

លោកបន្ថែមថា បើតាមចិត្តលោកផ្ទាល់តែម្តង លោកចង់ដាក់ពង្រាយមីស៊ីលឲ្យបានត្រឹមរយៈពេលប៉ុន្មានខែខាងមុខទៀត។ ប៉ុន្តែលោកថា បើពិនិត្យមើលតាមស្ថានការណ៍ជាក់ស្តែង អ្វីៗអាចត្រូវការពេលច្រើនជាងការរំពឹងទុករបស់លោក។

តែទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ អាមេរិកនៅមិនទាន់បញ្ជាក់ប្រាប់នៅឡើយទេ ថាខ្លួននឹងដាក់ពង្រាយមីស៊ីលនៅទីតាំងណាមួយឲ្យប្រាកដ។ ក៏ប៉ុន្តែបើតាម ក្រុមអ្នកជំនាញ ទីតាំងដែលទំនងជាងគេបំផុតគឺកោះហ្គាំ ដែលជាកន្លែងមានបំពាក់សម្ភារៈយោធាសំខាន់ៗរបស់អាមេរិក ​និងមានទីតាំងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ។

វិធានការរបស់ចិន តបតទៅកាន់គម្រោងដាក់ពង្រាយមីស៊ីលរបស់អាមេរិកនៅអាស៊ី

ផែនការចុងក្រោយរបស់អាមេរិកដែលទើបប្រកាសចេញ កំពុងតែធ្វើឲ្យប្រទេសចិន ដែលជាដៃគូប្រកួតប្រជែងយ៉ាងស្វិតស្វាញរបស់អាមេរិក ក្នុងការដណ្តើមយកឥទ្ធិពលនៅក្នុងតំបន់ មានការខឹងសម្បាជាខ្លាំង។ តែទោះជាបែបយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ចិននៅមិនទាន់បានបញ្ចេញសកម្មភាពអ្វីធំដុំនោះទេ ក្រៅតែពីគំរាម ព្រមានដោយពាក្យសម្តីធ្ងន់ៗ ទៅកាន់សហរដ្ឋអាមេរិករបស់លោកដូណាល់ ត្រាំ។

គួរកត់សម្គាល់ដែរថា សម្រាប់លោកប្រមុខការពារជាតិអាមេរិក ចិនមិនគួរភ្ញាក់ផ្អើលអ្វីទេចំពោះរឿងនេះ។ តែសម្រាប់ចិនវិញ ចិនថា វាជារឿងសំខាន់ណាស់សម្រាប់សន្តិសុខជាតិចិនទាំងមូល។ សម្រាប់ចិន ការដាក់ពង្រាយអាវុធ ឬមីស៊ីលរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺប្រៀបបីដូចជា អាមេរិកឈរកាន់អាវុធ នៅពីមុខទ្វារផ្ទះរបស់ចិន ហើយនេះជាគ្រោះថ្នាក់ខ្លាំងបំផុតមួយរបស់ចិនផងដែរ។

ជាក់ស្តែង ប្រធានផ្នែកត្រួតពិនិត្យអាវុធរបស់ក្រសួងការបរទេសចិន លោក Fu Cong បាននិយាយថា ចិនពិតណាស់មានការព្រួយបារម្ភខ្លាំង អំពីគម្រោងផែនការថ្មីចុងក្រោយរបស់អាមេរិកនេះ។

ដោយឡែកទន្ទឹមនឹងលើកឡើងអំពីសេចក្តីព្រួយបារម្ភ លោក Fu Cong ក៏បានធ្វើការព្រមានទៅអាមេរិកដែរថា ចិនប្រាកដណាស់ នឹងមិនឈឱបដៃនៅស្ងៀមនោះទេ ប្រសិនណាបើអាមេរិក ហ៊ានតែដាក់ពង្រាយមីស៊ីលនៅអាស៊ីមែននោះ។ បន្ថែមលើនេះ ចិនថានឹងចាត់វិធានការតបតឲ្យបានស័ក្តិសមជាទីបំផុត បើអាមេរិកនៅតែផ្គើន ហ៊ានពង្រាយអាវុធនៅអាស៊ី ដែលចិនចាត់ទុកថាជាដែនឥទ្ធិពលរបស់ខ្លួន។

ព្រមជាមួយគ្នានេះ ទីក្រុងប៉េកាំង ថែមទាំងបានអំពាវនាវផងដែរ ដល់ប្រទេសជិតខាងប្រទេសជិតខាងរបស់ខ្លួន និងជាសម្ព័ន្ធមិត្តរបស់អាមេរិក មានដូចជា អូស្ត្រាលី ជប៉ុននិងកូរ៉េខាងត្បូង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

ប៉េកាំង ថាអូស្ត្រាលី ជប៉ុននិងកូរ៉េខាងត្បូង មិនត្រូវអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធបែបនេះ នៅលើទឹកដីរបស់ពួកគេនោះទេ ពីព្រោះអីវាមិនបានបម្រើផលប្រយោជន៍សន្តិសុខជាតិរបស់ប្រទេសទាំងនោះឡើយ។

គោលជំហររបស់អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងជុំវិញគម្រោងដាក់ពង្រាយមីស៊ីលរបស់អាមេរិក

រហូតមកទល់នឹងពេលនេះ ក្នុងចំណោមប្រទេសទាំងបីមានតែប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូង ទេដែលចេញមុខ និយាយពីបញ្ហាចុងក្រោយដែលកំពុងកើតមាននៅក្នុងតំបន់។ ដោយឡែក ជប៉ុន នៅមិនទាន់បាននិយាយអ្វីឡើយ ហើយនៅតែរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន។

នៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីម៉ូរីស ចនសុន បាននិយាយថា ទីក្រុងកង់បេរ៉ា នៅមិនទាន់ទទួលបានសំណើអ្វី ពីអាមេរិកនោះទេ​ ហើយកង់បេរ៉ា ក៏នៅមិនទាន់សម្រេចអ្វីដែរ ទាក់ទងនឹងការដាក់ពង្រាយមីស៊ីលរបស់អាមេរិក ដែលជាសម្ព័ន្ធនៅក្នងទឹកដីរបស់ខ្លួន។

ស្រដៀងគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួននៅមិនទាន់បានជួបពិភាក្សាជាមួយ អាមេរិក អំពីគម្រោងដាក់ពង្រាយមីស៊ីលនៅអាស៊ីប៉ាស៊ីហ្វិកឡើយ។

ទីក្រុងសេអ៊ូល ក៏បានបញ្ជាក់ដែរថា ខ្លួននៅមិនទាន់បានពិនិត្យមើលសំណុំរឿងនេះនៅឡើយទេ ហើយក៏គ្មានគម្រោង អនុញ្ញាតឲ្យអាមេរិករបស់លោកដូណាល់ត្រាំ បោះទីតាំងលើទឹកដីកូរ៉េខាងត្បូង ដើម្បីដាក់ពង្រាយមីស៊ីលនោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ