អានតួអត្ថបទ

ធនាគារពិភពលោក​ស្នើឲ្យ​លោកត្រាំ​ប្រយ័ត្នប្រយែង​រឿង​សង្រ្គាម​ពាណិជ្ជកម្ម

បន្ទាប់​ពី​ប្រទេស​ជា​គូប្រជែង និង​ជា​សម្ព័ន្ធមិត្ត ហើយ​បន្ទាប់​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ គឺ​ដល់​ធនាគារពិភពលោក ដែល​បាន​ចេញមុខ​ស្នើ​ឲ្យ​លោក​ដូណាល់ត្រាំ​មាន​ការប្រយ័ត្នប្រយែង កុំ​បង្កើត​ជា​សង្រ្គាម​ពាណិជ្ជកម្ម។ នាយិកាប្រតិបត្តិធនាគារ​ពិភពលោក​បាន​លើកឡើង នៅថ្ងៃ​ព្រហស្បតិ៍​ថា នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម គ្មានទេ​អ្នកឈ្នះ គឺ​មានតែ​អ្នក​ចាញ់។

លោកស្រី គ្រីស្តាលីណា ចជីយេវ៉ា (Kristalina Georgieva) នាយិកាប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (រូបថតឯកសារ)
លោកស្រី គ្រីស្តាលីណា ចជីយេវ៉ា (Kristalina Georgieva) នាយិកាប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (រូបថតឯកសារ) Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី គ្រីស្តាលីណា ចជីយេវ៉ា (Kristalina Georgieva) នាយិកាប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក បាន​​ធ្វើការ​រំឭក​ដល់​លោក​ដូណាល់ត្រាំ អំពី​ផលវិបាក​ចំពោះ​សហរដ្ឋ​អាមេរិក​ខ្លួនឯង នៅពេល​ដែល​លោក​ចច ដាបិលយូ ប៊ូស សម្រេច​យកពន្ធ​លើ​ការនាំចូល​ដែកថែប កាល​ពី​ពេល​កន្លងមក ដោយ​នៅពេលនោះ វា​បាន​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​រហូត​ដល់​ទៅ​រាប់សិបម៉ឺននាក់​ត្រូវ​បាត់បង់​ការងារ។

ថ្លែង​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជា​​មួយ​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល នៅថ្ងៃ​ព្រហស្បតិ៍​ លោកស្រី ចជីយេវ៉ា បាន​ស្នើ​ឲ្យ​លោក​ដូណាល់ត្រាំ​ធ្វើការ​ពិចារណា​ឲ្យ​បាន​យ៉ាង​ល្អិតល្អន់​បំផុត អំពី​ផលវិបាក ដែល​បង្ក​ឡើង​ដោយ​ការ​ដាក់រនាំងពន្ធគយ​។

សម្រាប់​លោកស្រី​នាយិកា​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក មេរៀន​ពី​អតីតកាល​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ការ​ដាក់រនាំងពន្ធគយ​មិនមែន​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ឧនភាព​ជញ្ជីង​ពាណិជ្ជកម្ម​នោះទេ ផ្ទុយ​ទៅវិញ វា​​គឺ​ជា​ឧបសគ្គ​ដ៏ចម្បងមួយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ថា នៅ​ពេលណា​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ថយចុះ អ្នក​ដែល​ងាយរងផលប៉ះពាល់​ខ្លាំង​ជាងគេ គឺ​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស​អ្នកមាន ពីព្រោះ​ថា ការយកពន្ធលើ​ទំនិញនាំចូល​ វាប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ទំនិញ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ត្រូវកើនឡើង ហើយ​នេះ​នឹង​ជា​ចំណោទ​ដល់​ជីវភាព​របស់​ប្រជាជន​ដែល​មាន​ចំណូលទាប។

ពីខាង​សហរដ្ឋ​អាមេរិក​វិញ គេ​សង្កេតឃើញ​ថា លោក​ដូណាល់ត្រាំ​ហាក់ដូចជា​បាន​បន្ទន់​ឥរិយាបថ​មកវិញ​បន្តិច​ទាក់ទង​នឹង​ការ​យកពន្ធលើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម ដោយ​បាន​លើកឡើង នៅថ្ងៃ​ព្រហស្បតិ៍​ថា អាមេរិក​នឹង​រក្សា​ជំហរទន់ភ្លន់ និង​មាន​ការបត់បែន ចំពោះ​បណ្តា​ប្រទេស​ ដែល​លោក​ចាត់ទុកថា​ជា “មិត្តភក្តិពិតប្រាកដ” របស់​អាមេរិក។

គួរបញ្ជាក់ថា គម្រោង​យក​ពន្ធគយ​លើ​ការនាំចូល​ដែកថែប និង​អាលុយមីញ៉ូម​នេះ ត្រូវ​បាន​លោក​ដូណាល់ត្រាំ​ប្រកាស​ឲ្យដឹង​តាំង​ពី​សប្តាហ៍​មុន គឺ​ការនាំចូល​ដែកថែប​នឹង​ត្រូវ​យក​ពន្ធ​រហូតដល់​ទៅ ២៥% ចំណែក​អាលុយមីញ៉ូម​នឹង​ត្រូវ​យក​ពន្ធ ១០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ