អានតួអត្ថបទ

លោកដូណាល់ត្រាំ​លើកយក​រឿង​អាកាសធាតុ​ត្រជាក់ខ្លាំង​នៅ​អាមេរិក​មក​ចំអក​រឿង​ឡើងកម្តៅ​ផែនដី

ទីក្រុង​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​កំពុងតែប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់ខ្លាំង​កម្រជួប នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ អាជ្ញាធរ​នៅ​តាម​ក្រុង​អស់ទាំងនោះ​បាន​ប្រកាស​ឲ្យ​ប្រជាជន​មាន​ការ​ប្រុងប្រយ័ត្ន។ ចំណែក​លោក​ដូណាល់ត្រាំវិញ បាន​ឆ្លៀត​យក​អាកាសធាតុ​ត្រជាក់​នេះ មក​ចំអក​រឿង​ការ​ឡើងកម្តៅ​នៃ​ភពផែនដី ដែល​លោក​តែងតែ​បដិសេធ​មិនព្រម​ជឿ​តាំងពី​ដើមរៀងមក។

អាជ្ញាធរ​អាមេរិក​ព្យាករ​ថា នៅ​អំឡុង​បុណ្យ​ឆ្លងឆ្នាំ​នេះ តំបន់​ប៉ែក​ខាង​កើត​អាមេរិក​នឹង​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង​មិន​ធ្លាប់មាន
អាជ្ញាធរ​អាមេរិក​ព្យាករ​ថា នៅ​អំឡុង​បុណ្យ​ឆ្លងឆ្នាំ​នេះ តំបន់​ប៉ែក​ខាង​កើត​អាមេរិក​នឹង​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង​មិន​ធ្លាប់មាន @THEWORLDAROUNDNIKKI /via REUTERS
ផ្សាយពាណិជ្ជកម្ម

សរសេរនៅលើ​ទំព័រ​ធ្វីតធ័រ​ (Twitter) របស់​លោក កាល​ពីថ្ងៃ​ព្រហស្បតិ៍ លោក​ដូណាល់ត្រាំ​បាន​លើកឡើង​ថា នៅ​តំបន់​ប៉ែក​ខាង​កើត​សហរដ្ឋ​អាមេរិក​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​មិន​ធ្លាប់មាន។ ប្រសិនបើ​មាន​ការឡើងកម្តៅនៃ​ភពផែនដី​បន្តិច​ប្រហែល​ជា​ល្អ។ ការឡើងកម្តៅ​នៃ​ភពផែនដី​ដែល​អាមេរិក​ខំចំណាយលុយ​រាប់ពាន់លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់។

តាមការពិតទៅ ការណ៍​ដែល​លោក​ដូណាល់ត្រាំ​បដិសេធ​មិន​ព្រមជឿ​រឿង​ភពផែនដីឡើងកម្តៅ​មិនមែន​ជា​រឿង​ថ្មីទេ។ តាំងពី​ដើមរៀងមក លោក​ដូណាល់ត្រាំតែងតែ​បាន​លើកឡើង​ថា រឿង​ឡើងកម្តៅ​នៃ​ភពផែនដី​នេះ​គឺ​ជា​រឿង​ប្រឌិតឡើង​ដោយ​ចិន ដើម្បី​ធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​ក្រុមហ៊ុន​អាមេរិក។

ក៏ប៉ុន្តែ ការលើកឡើង​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដោយ​យក​ហេតុផលអាកាសធាតុ​ត្រជាក់​មួយពេល​ខាងក្រៅ មក​ធ្វើ​ជា​ទឡ្ហីករណ៍​ បដិសេធ​រឿង​ឡើងកម្តៅផែនដី វា​​បង្ហាញ​ថា ​លោក​ដូណាល់ត្រាំ ក្នុងឋានៈ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​ពិភពលោក ហាក់ដូចជា​ខ្វះការយល់ដឹង​ អំពី​អ្វីទៅ​ដែល​ហៅ​ថា “ការឡើងកម្តៅនៃ​ភពផែនដី”។

ជាការពិតណាស់​ថា តំបន់​ឆ្នេរសមុទ្រ​​ប៉ែក​ខាង​កើត​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង។ អាជ្ញាធរ​ក្រុង​ញូយ៉ក​ថែម​ទាំង​បាន​ធ្វើការ​ព្យាករ​ថា នៅ​ក្នុង​អំឡុង​បុណ្យឆ្លងឆ្នាំ​នេះ សីតុណ្ហភាព​នៅ​ញូយ៉ក​នឹង​ធ្លាក់​ចុះ​ត្រជាក់​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន (ក្នុង​អំឡុងពេល​ដូចគ្នា) ​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៦០មក។

ក៏ប៉ុន្តែ ដូចជា​ការលើកឡើង​របស់​នាយក​បណ្ឌិតសភាវិទ្យាសាស្រ្ត​ក្រុង​កាលីហ្វ័រញ៉ា​ឆ្លើយតប​ទៅនឹង​ធ្វីត​របស់​លោក​ដូណាល់ត្រាំ​ថា “បើទោះបីជាសីតុណ្ហភាព​បច្ចុប្បន្ន​នៅ​ខាង​ក្រៅ​អគារ Trump Tower (នៅ​ទីក្រុង​ញូយ៉ក) កំពុង​ធ្លាក់ចុះ​ត្រជាក់ខ្លាំង ក៏ប៉ុន្តែ ការប្រែប្រួល​អាកាសធាតុ​លើ​ភពផែនដី​គឺ​កំពុង​កើតមាន​យ៉ាងពិតប្រាកដ”។

តាំងពីដើមរៀងមក អ្ន​កវិទ្យាសាស្រ្ត​តែងតែ​បាន​ធ្វើការ​ពន្យល់​ជាច្រើន​ដង​រាប់មិនអស់រួចមកហើយ​ថា គេ​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ពី​ការឡើងកម្តៅ​ភពផែនដី ដោយ​គ្រាន់តែ​មើល​ទៅលើ​អាកាសធាតុ​​មួយពេល នៅ​កន្លែង​ណាមួយ​បាននោះទេ។ ការឡើងកម្តៅនៃ​ភពផែនដី គឺ​សំដៅ​ទៅលើ​ការ​កើនឡើង​នៃ​សីតុណ្ហភាព​គិតជាមធ្យម​នៅ​លើ​ភពផែនដី ដែល​គេ​សង្កេត និង​វាស់ នៅ​ក្នុងរយៈពេល​យូរអង្វែង។

ភពផែនដីឡើងកម្តៅ មិនមែន​មានន័យថា សីតុណ្ហភាព​នៅ​កន្លែងណាមួយ​នឹង​លែង​ចុះ​ត្រជាក់​ខ្លាំងនោះទេ។ ម្តងម្កាល​ សីតុណ្ហភាព​នឹង​នៅតែ​ចុះត្រជាក់ខ្លាំង ឬ​រហូត​ខ្លាំង​មិន​ធ្លាប់មាន តែ​ក្នុងពេល​ជាមួយគ្នា សីតុណ្ហភាព​ក្តៅខ្លាំង​មិន​ធ្លាប់មាន​ក៏​កើតមាន​ដែរ ហើយ​បន្តិចម្តងៗ សីតុណ្ហភាព​ចុះត្រជាក់ខ្លាំង​នឹង​មាន​កាន់តែ​តិចទៅៗ រីឯ​សីតុណ្ហភាព​ក្តៅខ្លាំងវិញ​កើតមាន​កាន់តែ​ញឹកញាប់ឡើងៗ។

យោងតាម​អ្នក​ជំនាញ​អាកាសធាតុ នៅ​ក្នុង​អង្គការ​ឧតុនិយមអន្តរជាតិ សីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី នៅ​ក្នុង​ឆ្នាំ២០១៦​កន្លងទៅនេះ បាន​កើនឡើង​ដល់​កម្រិតមួយ​ខ្ពស់​បំផុត​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​ឆ្នាំ២០១៧​នេះ សីតុណ្ហភាព​មធ្យម​នឹង​មាន​កម្រិត​ប្រហាក់ប្រហែល ឬ​ក៏​អាច​ឡើងលើស​ឆ្នាំ២០១៦​ទៀត​ក៏​អាច​ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ