អានតួអត្ថបទ

សង្រ្គាមពាណិជ្ជកម្ម៖ ​ភាពតានតឹង​កើនឡើង​កាន់តែខ្លាំង​ក្រោយ​អាមេរិក​ដំឡើងពន្ធ​លើ​ទំនិញចិន

ភាពតានតឹង នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម រវាង​អាមេរិក និង​ចិន​បាន​​កើនឡើង​មួយកម្រិត​ទៀត នៅថ្ងៃ​សុក្រ​នេះ។ នៅ​ក្នុង​ពេល​ដែល​ភាគី​ទាំងពីរ​​​នៅ​កំពុង​បន្ត​ចរចា​គ្នា​នៅឡើយ ការ​ដំឡើងពន្ធលើ​ទំនិញ​ចិន ដែល​លោក​ដូណាល់ ត្រាំ​ប្រកាស​ដាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​បាន​ចាប់ផ្តើម​​ចូល​ជាធរមាន ចំណែក​ចិន​វិញ​បាន​ប្រកាស​ថា​នឹង​ចាត់វិធានការ​តបតវិញ។

ពន្ធនាំចូល​ទំនិញចិន​ ក្នុងទំហំទឹកប្រាក់ ២០០ពាន់លាន​ដុល្លារ នឹង​ត្រូវ​ដំឡើង​ពី​១០% ទៅដល់ ២៥%
ពន្ធនាំចូល​ទំនិញចិន​ ក្នុងទំហំទឹកប្រាក់ ២០០ពាន់លាន​ដុល្លារ នឹង​ត្រូវ​ដំឡើង​ពី​១០% ទៅដល់ ២៥% REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

ពន្ធ​ដែល​លោក​ដូណាល់ ត្រាំ ប្រកាស​ដំឡើង ហើយ​ដែល​ចាប់ផ្តើម​ចូល​ជា​ធរមាន នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ទាក់ទង​នឹង​មុខទំនិញ​​​ក្នុង​ទំហំទឹកប្រាក់ ២០០ពាន់លាន​ដុល្លារ ដែល​នាំចូល​ពីចិន​ទៅ​អាមេរិក ហើយ​ពន្ធ​នេះ​ត្រូវ​ដំឡើង​លើស​ពី​ទ្វេដង គឺ​​កាល​ពី​ពេល​កន្លងមក យក​ពន្ធ​ត្រឹមតែ ១០% ចាប់​ពីថ្ងៃ​សុក្រ​នេះ​ទៅ ពន្ធ​នាំចូល​នេះ​នឹង​ត្រូវ​ដំឡើង​រហូតដល់​ទៅ ២៥%។

ភ្លាមៗ​ក្រោយ​ពី​ការដំឡើងពន្ធ​នេះ​ចាប់ផ្តើម​ចូល​ជា​ធរមាន ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​សម្តែងនូវការ​ខកចិត្ត​​ផង និង​ក៏​បាន​ប្រកាស​ផងដែរ​ថា​ចិន​នឹង​ចាត់វិធានការ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​នេះ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនបាន​បញ្ជាក់​លម្អិត​នោះទេ​ថា តើ​វិធានការ​តប​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​រូបភាព​បែបណាពិតប្រាកដ។

គួររំឭកឡើងវិញ​ថា ចាប់តាំង​ពី​ផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម​នឹង​គ្នា​មក ចិន និង​អាមេរិក បាន​ប្រកាស​ដំឡើងពន្ធ​នាំចូល​​រវាង​គ្នា​ទៅវិញ​ទៅមក លើ​មុខទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​គិត​ជា​សរុប​ចំនួន​ជាង ៣៦០ពាន់​លាន​ដុល្លារ​មកហើយ។

​ក្រោយ​ពី​ដំឡើង​ពន្ធ​លើ​មុខ​ទំនិញ​ចិន ២០០ពាន់​លាន​ដុល្លារ​ នៅថ្ងៃ​សុក្រ​នេះ លោក​ដូណាល់ ត្រាំ ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​មន្រ្តី​របស់​លោក​ចាប់ផ្តើម​នីតិវិធី ក្នុង​ការ​រៀបចំ​ដំឡើង​ពន្ធ​លើ​មុខទំនិញ​ចិន​ទាំង ៣២៥ពាន់លាន​ដុល្លារ​ទៀត ដែល​នៅ​សេសសល់ ពោលគឺ គ្រោង​នឹង​យក​ពន្ធ ២៥% លើ​គ្រប់​មុខ​ទំនិញ​​ទាំងអស់ ដែល​នាំចូល​ពី​ចិន​​ទៅ​អាមេរិក។

ក្នុងពេល​ជាមួយគ្នា ដំណើរការ​ចរចា រវាង​ភាគី​ទាំងពីរ​នៅតែ​បន្ត​ធ្វើ។ គណៈប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្រ្តី បាន​ជួប​តំណាងរដ្ឋាភិបាល​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ហើយ​ក្រោយ​ពី​បាន​​ជជែក​គ្នា​អស់រយៈពេល ៩០នាទី ប្រមុខដឹកនាំ​ចរចា​ខាង​ភាគី​​អាមេរិក​បាន​ធ្វើការ​រាយការណ៍​ពីខ្លឹមសារ​នៃ​ជំនួប​នេះ​ដល់​លោក​ដូណាល់ ត្រាំ ហើយ​បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​ការចរចា​នេះ​ទៀត នៅថ្ងៃ​សុក្រ​នេះ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន។

ក៏ប៉ុន្តែ ជាមួយនឹង​ការដំឡើងពន្ធ​លើ​ទំនិញ​ចិន និង​​ការ​ចាត់វិធានការ​តបវិញ​ពី​ចិន ​នៅថ្ងៃ​សុក្រនេះ គេ​រំពឹង​ថា ការចរចា​ រវាង​ភាគី​ទាំងពីរ​អាច​នឹង​កាន់តែ​ស្មុគស្មាញ​ជាង​មុន ហើយ​អ្នក​ជំនាញ​ខ្លះ​បាន​លើកឡើង​ថា ថ្វីដ្បិត​តែ​ភាគី​ទាំងពីរ​ហាក់ដូចជា​សុទ្ធតែ​បង្ហាញ​ជំហរ​ចង់​បញ្ចៀស​សង្រ្គាម​ពាណិជ្ជកម្ម​នឹងគ្នា​ ក៏ប៉ុន្តែ​ ទោះជា​យ៉ាងណា​ លទ្ធភាព​នៃ​បរាជ័យ​ក្នុងការ​ចរចា​ពាណិជ្ជកម្ម​​ រវាង​ភាគី​ទាំងពីរ គឺ​នៅតែមាន ហើយ​ប្រូបាប៊ីលីតេ​នេះ​បរាជ័យ​នេះ​ត្រូវ​កើនឡើង​កាន់តែ​ខ្លាំង ជាមួយ​នឹង​ការ​កើនឡើង​នៃ​​ភាពតានតឹង​ ក្រោយ​ការ​ដំឡើងពន្ធ​ថ្មី​នៅថ្ងៃ​សុក្រ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ