ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/05 12h00 GMT

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​
 
យានអវកាស Dragon ពេលបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នាថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៩។ REUTERS/Mike Blake

នៅថ្ងៃសៅរ៍ ទី២ មីនានេះ ក្រុមហ៊ុន NASA និង SpaceX បានបាញ់បញ្ជូនយានអវកាសថ្មីឈ្មោះ Dragon ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ប្រកបដោយភាពជោគជ័យ។ យាន Dragon នឹងបំពេញបេសកកម្មរបស់ខ្លួន រយៈពេលមួយសប្តាហ៍ ដើម្បីសិក្សាពីលក្ខណៈទូទៅនៅក្នុងអវកាស ហើយបេសកកម្មលើកនេះ គឺជាប្រតិបត្តិការដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុនអវកាសរបស់អាមេរិក បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេលប្រមាណជា ៨ ឆ្នាំ កន្លងមកហើយ។

ការ​បាញ់បង្ហោះ​យាន​ Dragon ដោយ​ជោគជ័យ​ គឺជា​មោទនភាព​មួយ​របស់​អាមេរិក​

ការ​បាញ់​បញ្ជូន​យាន​ Dragonដោយ​ជោគជ័យ​អាច​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ដ៏គួរ​ឲ្យ​ចងចាំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក​ក្នុង​សម័យកាល​ប្រកួតប្រជែង​ដែនអំណាច​នៅ​អវកាស​។

បើតាម​លោក Bob Cabana អតីត​អវកាសយានិក​ម្នាក់​នៅឯ​មជ្ឈមណ្ឌល​អវកាស​ Kennedy​ ការបញ្ជូន​យាន​ទៅកាន់​ស្ថានីយ​អវកាស​របស់​ NASA និង ក្រុមហ៊ុនSpaceX​ គឺជា​ជោគជ័យ​គួរ​ជាទីមោទនៈមួយ​ដំបូងគេបង្អស់​បន្ទាប់ពី​ក្រុមហ៊ុន​ផ្អាក​ប្រតិបត្តិការ​នេះ​រយៈពេល​ ៨ ឆ្នាំ​ហើយ​ ដោយសារ​តែបញ្ហា​បច្ចេកទេស​មួយចំនួន​ និង​លក្ខខណ្ឌ​នៃ​សុវត្ថិភាព​។

គួររំឭកជូនថា​ កាលពី​ពេលកន្លងទៅ​ក្រុមហ៊ុន​អវកាស​អាមេរិក​មិនមាន​សមត្ថភាព​ផលិត​ កាំជ្រួច​ដោយ​ខ្លួនឯង​បាននោះទេ​ហើយ​ដើម្បី​បញ្ជូន​យានអវកាស​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិបាន​ អាមេរិក​ត្រូវការ​ចំណាយលុយ​រាប់លាន​ដុល្លារ​ជួល​កាំជ្រួច​ពី​ប្រទេស​រុស្ស៊ី​។

នៅថ្ងៃ​សៅរ៍​ ទី២​ ខែមីនា​នេះ​ ក្រុមហ៊ុន​អវកាស​អាមេរិក​ បាន​បញ្ជូន​យាន​ Dragon ដោយប្រើកាំជ្រួច​ផលិត​ឡើង​ដោយខ្លួនឯង​ ពោលគឺ​ផលិតដោយ​ក្រុមហ៊ុន​SpaceX ​ប្រកបដោយ​ភាពជោគជ័យ​។ នេះហើយ​ដែលជា​មូលហេតុ​នាំ​ឲ្យគេ​ចាត់ទុកថា​វា​ជា​ជោគជ័យ​ និង​ជា​មោទនភាព​ជាតិ​ដ៏​ធំ​បំផុតមួយ​របស់​សហរដ្ឋអាមេរិក​។ មួយវិញទៀត​ ចាប់ពីពេលនេះតទៅ​អាមេរិក​មិន​ចាំបាច់​ត្រូវការ​ចំណាយ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ជួល​កាំជ្រួច​ពី​ប្រទេសរុស្ស៊ី​ទៀត​នោះទេ​។

គោលបំណង​នៃ​ការ​បញ្ជូនយាន​ Dragon របស់​ក្រុមហ៊ុន​អវកាស​របស់​អាមេរិក​

បេសកកម្ម​របស់​យាន​ Dragon ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​មាន​រយៈពេល​មួយ​សប្តាហ៍​។ យាន​ Dragon​ ត្រូវបាន​បាញ់បង្ហោះចេញពី​មជ្ឈមណ្ឌល​អវកាស​ Kennedy​ ក្នុង​រដ្ឋ ​Florida​ នៅ​វេលា​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍ទី២ មីនា​នេះ​ ពោលគឺ​នៅ​វេលា​ម៉ោង​ ២ និង ៤៩ វិនាទី​ព្រឹក​ ម៉ោង​នៅ​សហរដ្ឋអាមេរិក​។

គេ​រំពឹង​ថា​យាន​ Dragon របស់​អាមេរិក​នឹង​ហោះ​ទៅដល់​ស្ថានីយ​អវកាស​អន្តរជាតិ​ISS​ នៅថ្ងៃ​អាទិត្យទី៣ មីនា​ និង​ហោះ​ត្រលប់​មកដល់​ផែនដី​យើងវិញ​នៅថ្ងៃសុក្រ​សប្តាហ៍​ក្រោយនេះ​។

គួរជ្រាបដែរថា​ នៅក្នុងយាន​ Dragon​ គេ​ក៏មាន​ដាក់ទៅ​ជាមួយ​ផងដែរ​នូវ​មនុស្ស​ម៉ាណាកាំង​ចំនួនមួយ​ដោយ​មាន​បំពាក់​ដោយ​ឧបករណ៍​ដើម្បី​អាច​ឲ្យ​គេ​សិក្សាពី​លក្ខខណ្ឌ​ទូទៅ​ដូចជា​លក្ខខណ្ឌ​នៃជីវិត និង​បរិយាកាស​នៅលើ​អវកាស​បាន​។

ក្នុង​ករណី​ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា​លក្ខខណ្ឌ​នៅទីនោះ​មានអំណោយផល​ល្អ​ ហើយ​ប្រសិនណាបើ​ប្រតិបត្តិការ​សាកល្បង​លើកនេះ​មានដំណើរការ​រលូន​រហូតដល់​ទីបញ្ចប់នោះ​ ក្រុមហ៊ុន​ NASA និង SpaceX នឹង​រៀបចំ​គម្រោង​បញ្ជូន​អវកាសយានិក​ពីរនាក់​របស់​ខ្លួនឲ្យទៅ​សិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​ស្ថានភាព​នៅ​អវកាស​នាចុងឆ្នាំ​២០១៩​នេះ​។

មូលហេតុ​នៅពីក្រោយ​ការស្រាវជ្រាវ​អំពីលក្ខខណ្ឌនៃជីវិត​ និង​បរិយាកាស​នៅអវកាស​ របស់​ក្រុមហ៊ុន NASA និង SpaceX

ការខិតខំ​ស្រាវជ្រាវ​អំពី​ស្ថានភាព​នៅក្នុង​លំហអាកាស​ក៏ដូចជា​លក្ខខណ្ឌនៃជីវិត​ និង​បរិយាកាស​របស់ក្រុមហ៊ុន NASA និង SpaceX នាខណៈនេះ​ គឺ​អាច​ដោយសារ​តែហេតុផល​នៃការ​ចង់​ធ្វើជំនួញ​ថ្មី​។

មាន​ព័ត៌មាន​លេចឮ​ថា​ ប្រសិនណាបើ​ការធ្វើ​តេស្ត​សាកល្បង​ទទួលបាន​លទ្ធផលល្អ​ ហើយ​លក្ខខណ្ឌ​អំណោយផល​គ្រប់គ្រាន់​សម្រាប់​សុវត្ថិភាព​របស់​មនុស្ស​ពេលទៅដល់​អវកាស​ នោះ​ NASA និង SpaceX នឹងចាប់ផ្តើម​ដំណើរការ​មុខជំនួញ​ទេសចរណ៍​ទៅកាន់​អវកាស​ នា​ពេលអនាគត​ខាងមុខនេះ​។

ជាក់ស្តែង​ នៅពេលថ្មីៗ​កន្លងមកនេះ​ អ្នកជំនាញ​របស់​ក្រុមហ៊ុន​ SpaceX​ ក៏​ធ្លាប់​បាននិយាយ​ដែរថា​គោលដៅ​របស់​ក្រុមហ៊ុន​គឺការ​ហោះហើរ​ ឬ​ធ្វើដំណើរ​របស់​មនុស្ស​ទៅកាន់​អវកាស​។ លោក​បាន​បន្ថែមទៀតថា​ ការនាំ​អ្នកទេសចរណ៍​ទៅលេង​នៅ​អវកាស​ គឺជា​គោលបំណងស្នូល​មួយ​នៃ​ការ​ធ្វើ​ជំនួញ​របស់​ SpaceX​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ