ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាមេរិក

យន្តហោះ​ប៊ូអ៊ីង​ 737 MAX​ ប្រឈមនឹង​ការហាមឃាត់​មិនឲ្យ​ហោះហើរ​តាំងពី​ឆ្នាំ ​២០១៨​

media  
បុគ្គលិកធ្វើការនៅរោងចក្រប៊ូអ៊ីង ក្នុងទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។ REUTERS/Lindsey Wasson

យន្តហោះប៊ូអ៊ីង 737 MAX របស់អាមេរិក ត្រូវបានហាមឃាត់មិនឲ្យហោះហើរនៅទូទាំងពិភពលោក ក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅអេត្យូពី ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៥៧ នាក់ កាលពីដើមខែមីនា ឆ្នាំ២០១៩ នេះ។ ក៏ប៉ុន្តែ បើតាមប្រភពដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP តាមពិតទៅ​ យន្តហោះប៊ូអ៊ីង737 MAX បានប្រឈមនឹងការហាមឃាត់មិនឲ្យមានជើងហោះហើរ តាំងតែពីឆ្នាំទៅមិញមកម្ល៉េះ ក្រោយគ្រោះធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ដោយសារបញ្ហា​ប្រព័ន្ធ​បច្ចេកវិទ្យាថ្មី​ ដែលមានបំពាក់នៅលើយន្តហោះប្រភេទេនេះ។

បើតាមក្រុមអ្នកជំនាញអាមេរិក គេបានសង្ស័យថាប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលបានបំពាក់នៅលើយន្តហោះប្រភេទប៊ូអ៊ីង 737 MAX គឺជាមូលហេតុនៅពីក្រោយការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី និងអេត្យូពី។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនប៊ូអ៊ីង ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះត្រូវបានឡើង ដើម្បីជួយទប់លំនឹងនៃយន្តហោះកុំឲ្យធ្លាក់។

ទាក់ទងរឿងនេះដែរ បើតាមប្រភពដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីឆ្នាំទៅមិញ ក្រោយពីហេតុការណ៍ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ីភ្លាម ក្រុមអ្នកស៊ើបអង្កេតរបស់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានរកឃើញថា ក្រុមហ៊ុនប៊ូអ៊ីងបានដកលែងឲ្យមានប្រព័ន្ធសញ្ញា ដើម្បីជាជំនួយដល់អ្នកបើកបរ ក្នុងពេលភាពមិនប្រក្រតីនៃបច្ចេកវិទ្យាថ្មីនេះកើតមានឡើង។

ប​ន្ទាប់ពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ដែលបាននាំយកជីវិតមនុស្សចំនួន ១៨៩ នាក់ នាខែតុលា ឆ្នាំ ២០១៨ នោះដែរ ក្រុមហ៊ុនប៊ូអ៊ីង បានឲ្យដឹងថា ប្រព័ន្ធសញ្ញាត្រូវបានដកលែងឲ្យដំណើរការ លុះត្រាណាតែក្នុងករណីបង់លុយបន្ថែម ទើបប្រព័ន្ធសញ្ញាមួយនេះអាចបើកឲ្យដំណើរការបាន។ ក្រុមអ្នកជំនាញរកឃើញថា ក្រុមហ៊ុនប៊ូអ៊ីង បានសម្រេចលុបចោលប្រព័ន្ធសញ្ញាជំនួយ នៅលើយន្តហោះ737 MAX ដោយមិនបានប្រាប់ព័ត៌មានលម្អិតទៅកាន់អតិថិជនរបស់ខ្លួន ហើយនេះជាមូលហេតុដែលគេសង្ស័យថាធ្វើឲ្យយន្តហោះធ្លាក់។

គួរជម្រាបជូនថា ក្រោយសោកនាដកម្មធ្លាក់យន្តហោះប្រភេទប៊ូអ៊ីង 737 MAX ចំនួនពីរដងក្នុងចន្លោះពេលប្រមាណតែ ៤ ខែ ប្រទេសនានាជាច្រើននៅទូទាំងពិភពលោកបូករួមទាំងអាមេរិកខ្លួនឯងផង បានសម្រេចហាមមិនឲ្យយន្តហោះប្រភេទនេះហោះហើរទៀតឡើយ។ នេះ ជាហេតុផលដែលធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោករបស់អាមេរិកមួយនេះ រងផលប៉ះពាល់ជាខ្លាំង។ ជាក់ស្តែង រហូតមកទល់នឹងពេលនេះក្រុមហ៊ុនប៊ូអ៊ីងបានបាត់បង់តម្លៃទឹកប្រាក់រហូតដល់ចំនួន ១​ ០០០ លានដុល្លារសហរដ្ឋអាមេរិក។​ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននឹងបន្តខាតបង់ថវិកាកាន់តែច្រើនសន្ធឹកសន្ធាប់ ដោយសារក្រុមហ៊ុនត្រូវផ្តល់ប្រាក់សំណង ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើន និងលែងទទួលបានការបញ្ជាទិញទៀតជាដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ