អានតួអត្ថបទ

អាមេរិក-អាស៊ាន​ចាប់​បើក​សមយុទ្ធ​ជើងទឹក​រួមគ្នា​ជា​លើកទី១

សហរដ្ឋ​អាមេរិក និង​ប្រទេស​ទាំង១០​ជា​សមាជិក​អាស៊ាន បាន​ចាប់ផ្តើម​បើក​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹករួមគ្នា​ជាលើកទី១​ នៅថ្ងៃ​ចន្ទ​នេះ ដោយ​នឹង​ត្រូវ​បន្ត​ធ្វើ​រហូតដល់​ថ្ងៃ​សុក្រ។ សមយុទ្ធ​រួមគ្នា​មិន​ធ្លាប់មាន រវាង​អាមេរិក និង​អាស៊ាន​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​សមយុទ្ធ​រួមគ្នា រវាង​ចិន និង​អាស៊ាន កាល​ពី​ឆ្នាំ​ទៅមិញ ហើយ​ធ្វើឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ឥទ្ធិពលគ្នា រវាង​អាមេរិក និង​ចិន នៅ​ក្នុង​តំបន់​អាស៊ាន ជាពិសេស នៅ​ក្នុង​ជម្លោះ​សមុទ្រចិន​ខាង​ត្បូង។

នាវាចម្បាំង​អាមេរិក ឈ្មោះ USS Montgomery (LCS 8) ដែល​ត្រូវ​ចូលរួម​​នៅ​ក្នុង​សមយុទ្ធទ័ពជើងទឹករួមគ្នា​ជាមួយ​អាស៊ាន (រូបថតឯកសារ)
នាវាចម្បាំង​អាមេរិក ឈ្មោះ USS Montgomery (LCS 8) ដែល​ត្រូវ​ចូលរួម​​នៅ​ក្នុង​សមយុទ្ធទ័ពជើងទឹករួមគ្នា​ជាមួយ​អាស៊ាន (រូបថតឯកសារ) Manman Dejeto/AFP
ផ្សាយពាណិជ្ជកម្ម

សមយុទ្ធ​រួមគ្នា​មិនធ្លាប់មាន រវាង​អាមេរិក និង​អាស៊ាន​នេះ ត្រូវ​បាន​ចាប់បើក​ធ្វើ​ជាមួយ​នឹង​ពិធីផ្លូវការ​មួយ នៅ​ឯមូលដ្ឋាន​ទ័ពជើងទឹកថៃ ស្ថិត​នៅ​ខាង​ត្បូង​តំបន់ទេសចរណ៍​ផាតាយ៉ា ក្នុងខេត្ត​ឆុនបុរី។

សមយុទ្ធនេះ​ត្រូវ​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​កងទ័ពជើងទឹកអាមេរិក និង​ថៃ ដែល​ឆ្នាំនេះ​គឺ​ជា​ប្រធានផ្លាស់វេន​របស់​អាស៊ាន ហើយសមយុទ្ធនេះ​​មានការ​ចូលរួម​ដោយ​នាវាចម្បាំង​ចំនួន ៨គ្រឿង យន្តហោះចម្បាំង ៤គ្រឿង ព្រមទាំង​ទាហាន​ជាង​១ពាន់នាក់ មក​ពី​អាមេរិក និង​ប្រទេស​ទាំង១០​ដែលជា​សមាជិក​អាស៊ាន។

បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក ប្រតិបត្តិការ​នៃ​សមយុទ្ធ​រយៈពេល​៥ថ្ងៃ​នេះ នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ​ក្នុង​តំបន់​ឈូងសមុទ្រថៃ និង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង មុននឹង​ត្រូវ​បិទបញ្ចប់​នៅថ្ងៃ​សុក្រ នៅ​ឯ​ប្រទេស​សិង្ហបុរី។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ នាយសេនាធិការ​​កងទ័ព​ជើងទឹកថៃ បាន​លើកឡើង​ថា សមយុទ្ធរួមគ្នា​នេះ​ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​សមត្ថភាព​របស់​អាស៊ាន នៅ​ក្នុង​ការ​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា​ទប់ទល់​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​តាម​ផ្លូវសមុទ្រ ហើយ​ថា វា​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅនឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះទេ ដោយ​​សមយុទ្ធ​នេះ​​​​មិនមាន​ការ​ហាត់សម​ប្រតិបត្តិការ​សឹក​ណាមួយ​នោះទេ។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សមយុទ្ធ​​នេះ​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សារ​មួយ​សំដៅ​ទៅ​​ចិន ដែល​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​​​ជាលើកដំបូង​ជាមួយ​អាស៊ាន​នេះ​ដែរ កាល​ពី​ខែ​តុលា​​ឆ្នាំទៅមិញ។

មេបញ្ជាការរង​នៃ​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​សមយុទ្ធ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ បាន​ធ្វើការ​គូសបញ្ជាក់ថា សមយុទ្ធរួមគ្នា​នេះ​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ រវាង​អាស៊ាន និង​អាមេរិក នៅ​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ ដែល​សេរី​ និង​បើក​ចំហ។ “ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ” (Free and Open Indo-Pacific) គឺ​ជា​យុទ្ធសាស្រ្តថ្មីមួយ ដែល​អាមេរិក​ទើបនឹង​​បាន​ដាក់ចេញ កាល​ពី​ឆ្នាំ២០១៧​កន្លងទៅ ក្នុងគោលដៅ​ធ្វើយ៉ាងណា​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ