ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាស៊ី

លោកត្រាំ​ ពឹង​អូស្ត្រាលី​ឲ្យ​ជួយ​ប្រមូលព័ត៌មាន​ទាក់ទង​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​អាមេរិក​ស្តីអំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី

media លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (ស្តាំ)។ REUTERS/Jonathan Ernst

នៅពេលថ្មីៗនេះ លោកដូណាល់ ត្រាំ បានស្នើសុំឲ្យអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្ត ជួយខ្លួន ក្នុងការប្រមូលយកព័ត៌មាននានា ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាអាមេរិក ជុំវិញរឿងរ៉ាវស្តីអំពី ការលូកដៃរបស់រុស្ស៊ី ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ កន្លងទៅ។ ក្រោយទទួលបានសំណើខាងលើ នៅថ្ងៃអង្គារ ទី១ តុលានេះ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានឆ្លើយវិញភ្លាមថា លោក ពេញចិត្តនឹងជួយលោកដូណាល់ ត្រាំ តបតាមសំណូមពរ។

ឆ្លើយតបទៅនឹងការស្នើសុំរបស់លោកដូណាល់ ត្រាំ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលី បានឲ្យដឹងថា​ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីស្វែងរកការពិត ជុំវិញសំណុំរឿងនៃការចូលជ្រៀតជ្រែករបស់រុស្ស៊ី។ ជាការជ្រៀតជ្រែក ក្នុងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នាឆ្នាំ ២០១៦ ដើម្បីជួយលោកត្រាំ ឲ្យជាប់ឆ្នោត និងជាសំណុំរឿង ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំណែងជាប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ តាំងពីឈ្នះការបោះឆ្នោតរហូតមក។

ការបោះដៃចូលជួយរបស់អូស្ត្រាលី ពិតណាស់ វាធ្វើឲ្យ លោកដូណាល់ ត្រាំ សប្បាយចិត្ត ពីព្រោះថា វាអាចឲ្យលោកបានដឹងខ្លះ អំពីការរកឃើញនានា របស់រដ្ឋអាជ្ញាអាមេរិក។ ក៏ប៉ុន្តែ វាក៏ជាចលនាអាក្រក់មួយផងដែរ ជំរុញឲ្យមានការចោទប្រកាន់លោកត្រាំ កាន់តែច្រើន ក្នុងការដែលលោក​ ប្រើប្រាស់មុខតំណែង តួនាទី ដើម្បីសុំជំនួយពីសម្ព័ន្ធមិត្ត ឲ្យលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក។

ជាក់ស្តែង កាលពីចុងខែកញ្ញា កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីដូណាល់ ត្រាំ ទើបតែទទួលរងនូវការចោទប្រកាន់មួយ។ ជាការចោទប្រកាន់ ក្នុងការដែលលោក ស្នើសុំឲ្យប្រធានាធិបតីអ៊ុយក្រែន ជួយស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធ នឹងលោក ចូ បៃឌិន ដែលជាគូប្រកួតប្រជែងតំណែង ជាប្រធានាធិបតីរបស់លោក មកពីបក្សប្រជាធិបតេយ្យ។ លោកត្រាំ ពឹងពាក់អ៊ុយគ្រែន  ពីព្រោះថា កូនប្រុសម្នាក់របស់លោកលោក ចូ បៃឌិន ធ្វើការក្នុងក្រុមហ៊ុនឧស្ម័នមួយរបស់អ៊ុយក្រែន។

គួររំឭកជូនថា អូស្ត្រាលី និងអង់គ្លេស គឺជាប្រទេសដ៏មានសារៈសំខាន់ខ្លាំង ជុំវិញដំណើរការនៃការស៊ើបអង្កេតស្តីអំពីព័ត៌មាននានា ទាក់ទងនឹងការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

តាមពិតទៅ ដំណើរការស៊ើបអង្កេត បានចាប់ផ្តើម ក្នុងខែកក្កដា ឆ្នាំ ២០១៦​ បន្ទាប់ពី ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក FBI ទទួលបានដំណឹង ពីមន្ត្រីការទូតអូស្ត្រាលី ប្រចាំនៅក្នុងប្រទេសអង់គ្លេស អំពីកិច្ចប្រជុំរវាងមនុស្សមួយក្រុម ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមចារកម្មរុស្ស៊ី ដែលបានជួបនឹងមន្ត្រីឃោសនាបោះឆ្នោតរបស់លោកត្រាំ៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ