ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាមេរិក

អ.ស.ប ស្នើឲ្យ​មានការ​ស៊ើបអង្កេត​ដោយឯករាជ្យ​អំពី​ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង​

media  
កប៉ាល់ដឹកប្រេងមួយគ្រឿងដែលត្រូវផ្ទុះឆេះ ដោយសាររងការវាយប្រហារកាលពីថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១៩។ ISNA/Handout via REUTERS

អគ្គលេខាធិការអង្គការអ.ស.ប លោកអាន់តូនីញ៉ូ ហ្គូទែរស៍ បានប្រកាសឲ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ ប្រកបដោយសុចរិតភាព និងឯករាជ្យភាព អំពីហេតុការណ៍វាយប្រហារទៅលើកប៉ាល់ដឹកប្រេង២ គ្រឿង នៅឈូងសមុទ្ទអូម៉ង់។ ការពិតនៅមិនទាន់បានត្រូវបានរកឃើញ  ហើយនាខណៈពេលនេះ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងជាខ្លាំង ដោយសារតែអាមេរិក នៅតែបន្តចង្អុលមុខអ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ ទោះបីអ៊ីរ៉ង់ចេញមុខបដិសេធរួចទៅហើយក្តី។

ភ្លាមៗក្រោយមានការទាមទារពីសហរដ្ឋអាមេរិក លោកអាន់តូនីញ៉ូ ហ្គូទែរស៍ ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកការពិត ថាតើនរណា ដែលជាអ្នកនៅពីក្រោយការវាយប្រហារ ទៅលើកប៉ាល់ដឹកប្រេងឲ្យពិតប្រាកដ។

លោកអគ្គលេខាធិការអង្គការអ.ស.ប បាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដឹងពីការពិត។ ហើយដើម្បីដឹងការពិតបាន លុះត្រាណាតែមានអង្គភាពឯករាជ្យមួយ ធ្វើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់វិនិច្ឆ័យយ៉ាងសុក្រឹតជាទីបំផុត។

គួរគូសបញ្ជាក់ជូនថា ទោះបីជាប្រតិបត្តិការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ នៅមិនទាន់បានចាប់ផ្តើមប្រតិបត្តិការយ៉ាងណាក្តី ក៏សហរដ្ឋអាមេរិកបានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅឲ្យប្រទេសអ៊ីរ៉ង់បាត់ទៅហើយ។

ជាក់ស្តែង កាលពីថ្ងៃសុក្រ ម្សិលមិញ ពោលក្រោយពីហេតុការណ៍វាយប្រហារមួយថ្ងៃ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញចង្អុលចំមុខ អ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយរឿងនេះ។ លោកត្រាំ និយាយថា គេដឹងថានេះជាទង្វើរបស់អ៊ីរ៉ង់ ព្រោះគេឃើញមានឆ្មាំអ៊ីរ៉ង់ទៅយកគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ នៅបាតកប៉ាល់រងគ្រោះមួយគ្រឿង។

អ៊ីរ៉ង់ ចេញមុខបដិសេធ ឯអាមេរិកនៅបន្តចោទប្រកាន់ ដូច្នោះហើយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ដុនដាបមួយកម្រិតទៀត។ តែទោះបី អ៊ីរ៉ង់ កំពុងប្រឈមមុខដាក់គ្នាជាមួយអាមេរិកខ្លាំងយ៉ាងនេះក្តី អ្នកវិភាគមួយចំនួន យល់ឃើញថា សង្គ្រាមដោយអាវុធ រវាងប្រទេសទាំងពីរទំនងជាមិនអាចកើតមានឡើងនោះទេ។ ជាពិសេស អ្នកវិភាគ បកស្រាយថា ទីក្រុងតេហរ៉ង់ ពិតជាគ្មានចេតនាណាមួយឡើយ ចង់ធ្វើសង្គ្រាមជាមួយទីក្រុងវ៉ាស៊ីនតោន។

គួរជម្រាបជូនថា ការពិត ស ខ្មៅ អ្នកណាខុស អ្នកណាត្រូវ នៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេ។ ដូច្នោះហើយ ការពិតជាយ៉ាងណានោះ គេមានតែរង់ចាំមើលលទ្ធផលដែលបានមកពី ការស៊ើបអង្កេតរបស់អង្គភាពអន្តរជាតិនិងឯករាជ្យ របស់អ.ស.ប តែប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ