អានតួអត្ថបទ

ឥណ្ឌា​ គ្រោង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​អាមេរិក​នៅ​សប្តាហ៍ក្រោយ​

ប្រទេសឥណ្ឌា នៅទីបំផុតបានសម្រេចដំឡើងពន្ធលើទំនិញមួយចំនួនរបស់អាមេរិកមានជាអាទិ៍ គ្រាប់ផ្លែអាល់ម៉ុន វ៉ាល់ណាត់ និងផ្លែប៉ោមជាដើម។ ការសម្រេចរបស់ឥណ្ឌានេះ ធ្វើឡើងបន្ទាប់ពីមានការពន្យារពេល ជាច្រើនលើកច្រើនដង រាប់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៨ មកម្ល៉ោះ។

នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី។
នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី។ TERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

និន្នាការដំឡើងពន្ធលើមុខទំនិញរបស់អាមេរិក ដែលត្រូវបានពន្យារពេលស្ទើរតែ ១ឆ្នាំ ទំនងជាដាក់ចេញឲ្យអនុវត្ត ដោយរដ្ឋាភិបាលទីក្រុងញូវដែលី ចាប់ពីសប្តាហ៍ក្រោយនេះតទៅហើយ ដោយគ្មានការពន្យារពេលតទៅមុខទៀតនោះទេ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Press Trust of India ក្រសួងហិរញ្ញវត្ថុឥណ្ឌានឹងធ្វើសេចក្តីប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗនេះ អំពីការដំឡើងពន្ធលើមុខទំនិញរបស់អាមេរិក។ ឥណ្ឌា ចាត់ទុកថានេះមិនមែនជាការសម្រេចចិត្តមួយដ៏ងាយស្រួលនោះទេ ក៏ប៉ុន្តែវាជារឿងដែលរដ្ឋាភិបាលឥណ្ឌា ត្រូវតែធ្វើនៅទីបំផុត។

សូមជ្រាបថា ឥណ្ឌា បានសម្រេចដំឡើងពន្ធលើមុខទំនិញរបស់អាមេរិកទាំងអស់ចំនួន ២៩ មុខ ក្នុងតម្លៃទឹកប្រាក់ប្រមាណជា ២២០ លានដុល្លារ ទោះបីជាមានការក្រើនរំឭកពីអាមេរិកថា ការធ្វើបែបនេះអាចជាទង្វើមិនសមស្រប ទៅតាមច្បាប់របស់ អង្គការពាណិជ្ជកម្មពិភពលោកក៏ដោយ។

គួរគូសបញ្ជាក់ជូនដែរថា នៅគ្រាកន្លងមកឥណ្ឌាមានការស្ទាក់ស្ទើរ ក្នុងការដំឡើងពន្ធលើមុខទំនិញរបស់សហរដ្ឋអាមេរិក ដោយសារតែទំនាក់ទំនងល្អ និងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ដោយឡែក នៅទីបំផុតទៅ ប្រទេសឥណ្ឌា បានដាច់ចិត្តប្រកាសអំពីគម្រោងដំឡើងពន្ធខាងលើ ទំនងមកពីមូលហេតុពីរសំខាន់ៗ។

ទី១ អាចមកពីឥណ្ឌា អន់ចិត្តនឹងអាមេរិក ដែលយកពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម របស់ឥណ្ឌា ទោះបីជាមានការស្នើសុំលើកលែង ពីឥណ្ឌាហើយយ៉ាងណាក្តី។ ទី២ នៅគ្រាកន្លងមក ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសម្រេចលុបចោលនូវសិទ្ធិពាណិជ្ជកម្មសម្រាប់ប្រទេសឥណ្ឌា ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP)។

ការណ៍នេះ បានធ្វើឲ្យប្រទេសឥណ្ឌា ខាតបង់ផលប្រយោជន៍យ៉ាងច្រើនជាទីបំផុត ពីសិទ្ធិពាណិជ្ជកម្មខាងលើ ដែលធ្លាប់បានអនុញ្ញាតឱ្យឥណ្ឌា នាំចេញនូវមុខទំនិញដែលមានតម្លៃរហូតដល់ចំនួនជាង ៥,៦ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ