អានតួអត្ថបទ
អាល្លឺម៉ង់-ប៉ូឡូញ

អាល្លឺម៉ង់​​បដិសេធ​​ចេញសង​​ការខូចខាត​​សង្គ្រាមលោក​​ទៅ​អោយ​​ប៉ូឡូញ​

រដ្ឋាភិបាល​អាល្លឺម៉ង់​គូសបញ្ជាក់ទៅ​ប៉ូឡូញ​ថ្ងៃសុក្រ​នេះ​ ថា​គ្មានអ្វីតំរូវអោយ​អាល្លឺម៉ង់ ចេញ​​​សង​​ការខូចខាត​​សង្គ្រាមលោក​លើកទី២​ ទៅអោយ​​ប៉ូឡូញ​ទេ។​ រដ្ឋាភិបាល​អាល្លឺម៉ង់​គូស​បញ្ជាក់​ដូច្នេះ ក្រោយ​ពេល​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លើកឡើង​​កាលពី ថ្ងៃព្រហស្បតិ៍​ថា ប៉ូឡូញ​មានសិទ្ធិ​ទទួលបាន​សំណង​ពីអាល្លឺម៉ង់។​

នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោកស្រី ​Beata Szydlo
នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោកស្រី ​Beata Szydlo REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ូឡូញ​មួយរយៈពេល​ចុងក្រោយនេះ ​មាន​ការលើកឡើង​ពី​ការទាមទារ​អោយ​អាល្លឺម៉ង់​ចេញ​សំណង​ខូខខាត​សង្គ្រាម​លោកលើកទី២ ដោយសារ​តែ​ប្រធាន​គណបក្ស​អភិរក្ស​កាន់អំណាច​ គឺលោក Jaroslaw Kaczynski បាន​ចោទ​អាល្លឺម៉ង់​ថា មិនទទួលខុសត្រូវ​​ចំពោះ​សង្គ្រាមលោក​លើកទី២ ដែលបាន​កើតឡើង ពី​ឆ្នាំ​១៩៣៩ ដល់ឆ្នាំ​១៩៤៥នោះ។ ​ថ្ងៃព្រហស្បតិ៍​កន្លងទៅ លោកស្រី​នាយករដ្ឋមន្ត្រី​ប៉ូឡូញ Beata Szydlo ក៏បាន​លើកឡើង​ដែរថា ប៉ូឡូញ​មានសិទ្ធិ​ទទួលសំណង​ខូចខាតនេះ ប៉ុន្តែ គ្រាន់តែប៉ូឡូញ​មិនទាន់​បានធ្វើសំណើ​សុំផ្នែកនយោបាយ​​​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ប៉ូឡូញលើកឡើង​​ថា អាច​នឹង​សុំអោ​យអាល្លឺម៉ង់​សង​រហួត​មួយពាន់ពាន់លាន​ដុល្លារ​ទៀតផង។

អ្នកនាំពាក្យ​រដ្ឋាភិបាលអាល្លឺម៉ង់​តបទៅវិញថា អាល្លឺម៉ង់​​ទទួលខុសត្រូវ​ចំពោះ សង្ក្រាមលោក ហើយ​​រឿងដោះស្រាយ​សំណងខូចខាតសង្ក្រាម​​ ​បង្កឡើង​ដោយ​របប​ណាហ្ស៊ី ​បានធ្វើចប់សព្វគ្រប់​តាំងពីឆ្នាំ១៩៥៣ម្ល៉េះ។ អាល្លឺម៉ង់​បានចេញសងការខូចខាត​អោយប្រទេស​ជាច្រើន ​ប៉ុន្តែ កាលនោះ ប៉ូឡូញ​សម្រេចចិត្ត​មិនយក​សំណង​ពី​អាល្លឺម៉ង់ទេ។ រដ្ឋាភិបាល​លោកស្រី​មែរគែល​បានលើកឡើង​​ថា​ ប៉ូឡូញ​បាន​គូសបញ្ជាក់​ច្រើនដង​មកហើយ ពិសេស​ក្នុង​ឆ្នាំ១៩៧០ និង​ឆ្នាំ២០០៤​ថា ​បដិសេធ​មិនយកសំណង​ពី​អាល្លឺម៉ង់ទេ។ ​ដូច្នះ អាល្លឺម៉ង់​ចាត់ទុកថា រឿងនេះ​វាចប់ សព្វគ្រប់ហើយ។ ប៉ុន្តែ បើយោងតាម​រដ្ឋាភិបាលប៉ូឡូញ កាលនោះ ការដែល​ប៉ូឡូញ​សម្រេច​ចិត្ត​មិនយក​សំណង​ពី​អាល្លឹម៉ង់ ក៏ដោយសារ​ទទួលសម្ពាធ​ពី​​អតីតសហភាព​សូវៀត​ដែរ ព្រោះថា កាលនោះ ​​ប៉ូឡូញ​ជាសមាជិក​ក្រុម​កុម្មុយនិស្ត។ ​

ថ្ងៃសុក្រ​នេះ ក្រុមអាចារ្យ​គ្រិស្តសាសនា​ប៉ូឡូញ​បាន​ស្នើអោយ​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​កុំបង្ក​រឿងល្អក់កករ​ដល់​ទំនាក់ទំនង និងទំនុកចិត្ត​​ទ្វេភាគី​ជាមួយ​អាល្លឺម៉ង់។ ក្រុមអាចារ្យ​ប៉ូឡូញ​ស្នើ​អោយ​រដ្ឋាភិបាល​​ផ្តល់តម្លៃ​ នឹកឃើញ​ឡើងវិញ​នូវ​​​ការផ្សះផ្សា​រវាង​ប្រទេស​ទាំង២ ក្រោយពេល​របប​កុម្មុយនិស្ត្រ​ដួលរលំ​មក។ ទំនាក់ទំនង​រវាង​អាល្លឺម៉ង់​និង​ប៉ូឡូញ​មានភាពតានតឹង ដោយសារ​ថ្មីៗនេះ​ លោកស្រី​មែរគែល បាន​រិះគន់​ពី​របប​និតិរដ្ឋ​នៅ​ប៉ូឡូញ៕ ​​​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ