អានតួអត្ថបទ

អាល្លឺម៉ង់​រឹតបន្តឹង​ច្បាប់ពាក់ព័ន្ធនឹង​ការវិនិយោគ​របស់​បរទេស

នៅថ្ងៃពុធ​ ទី១៩​ ធ្នូ​ ឆ្នាំ២០១៨​ ប្រទេសអាល្លឺម៉ង់​បានសម្រេច​រឹតបន្តឹងច្បាប់​ស្តីអំពី​ការលក់​ភាគហ៊ុនក្នុងស្រុក​ទៅឲ្យ​វិនិយោគិន​បរទេស​។ វិធានការ​ពង្រឹង​វិស័យពាណិជ្ជកម្ម​ថ្មីនេះ​ត្រូវបានធ្វើឡើង​ ដោយសារ​រដ្ឋាភិបាល​អាល្លឺម៉ង់​មានការព្រួយបារម្ភ​អំពី​ក្រុមហ៊ុនចិន​ដែលបានទិញយក​និងកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុនអាល្លឺម៉ង់​ជាច្រើន​នាពេលបច្ចុប្បន្ននេះ​។

ប្រធានាធិបតីបារាំងគឺលោកអេម៉ានុយអែល ម៉ាក្រុង និងប្រមុខដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល។
ប្រធានាធិបតីបារាំងគឺលោកអេម៉ានុយអែល ម៉ាក្រុង និងប្រមុខដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល។ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ច្បាប់ពាណិជ្ជកម្ម​ថ្មីនេះ​អនុញ្ញាតឱ្យ​រដ្ឋាភិបាលអាល្លឺម៉ង់​មានសិទ្ធិ​ពិនិត្យមើល​កិច្ចការផ្ទៃក្នុង​របស់ក្រុមហ៊ុន​និង​សហគ្រាស​មួយចំនួន​ដែល​ធ្វើការពាក់ព័ន្ធនឹង​វិស័យបច្ចេកវិទ្យា​ ហេដ្ឋារចនាសម្ព័ន្ធ​ រួមទាំង​ក្រុមហ៊ុន​ដែលធ្វើការ​ផ្តល់សេវាកម្ម​ និង​ទូរគមនាគមន៍​។

ក្រៅពីនេះ​ បន្ទាប់ពីបាន​ពិភាក្សាគ្នា​យ៉ាងម៉ត់ចត់​រួចមក​ រដ្ឋាភិបាលអាល្លឺម៉ង់​ក៏បានសម្រេច​នូវក្រឹត្យមួយ​ផងដែរ​ដើម្បី​កាត់បន្ថយ​ការចូលវិនិយោគ​របស់ក្រុមហ៊ុនបរទេស​។ នៅត្រង់ចំណុចនេះ​ វិធានការ​ពាណិជ្ជកម្មរបស់ថ្មី​អាល្លឺម៉ង់ ​កំណត់ឲ្យ​ក្រុមហ៊ុនបរទេស​អាចទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុនក្នុងស្រុកបាន​ត្រឹមចំនួនតែ​១០% ប៉ុណ្ណោះ​។ ចំនួននេះ​តិចជាង​កាលពីគ្រាមុន​ដែល​អនុញ្ញាតឲ្យ​អ្នកវិនិយោគ​បរទស​អាចទិញ​ភាគហ៊ុន​រហូតដល់ចំនួន​២៥%​។

សូមជម្រាបជូនថា​ នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ អាល្លឺម៉ង់​និង​បណ្តាប្រទេស​សហភាពអឺរ៉ុប​ផ្សេងទៀត​មានការព្រួយបារម្ភ​កាន់តែខ្លាំងឡើងៗ​អំពីវត្តមានក្រុមហ៊ុនចិន​ដែលកំពុងបន្តកើនឡើង​ ជាពិសេស​នៅក្នុង​វិស័យបច្ចេកវិទ្យា​ អាកាសចរណ៍​ និងវិស័យយោធា​។ល។ ជាក់ស្តែង​ នៅពេលថ្មីៗនះ​ ប្រមុខដឹកនាំ​អាល្លឺម៉ង់​គឺលោកស្រី មែរគែល បានជួបពិភាក្សា​ ជាមួយ​ប្រធានាធិបតីបារាំង​គឺ​លោកអេម៉ានុយអែល​ ម៉ាក្រុង​ ទៀតផង​ដើម្បី​រិះរក​វិធីរាំងខ្ទប់​ឥទ្ធិពល​របស់ក្រុមហ៊ុនចិន​ដែលកំពុងកើនឡើងច្រើន​ក្នុងទីផ្សារអឺរ៉ុប​។

គួររំឭកជូនថា​ វិធានការ​រឹតបន្តឹង​លើការវិយោគរបស់​ក្រុមហ៊ុនបរទេស​ បានធ្វើឲ្យក្រុមអ្នកជំនួញ​អាល្លឺម៉ង់​មួយចំនួន​មិនពេញចិត្តឡើយ​។ ពួកគេ​បានរិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថា​ជា​នយោបាយ​ការពារនិយមជ្រុល​ ហើយ​អាច​ធ្វើឲ្យប៉ះពាល់ដល់​សេដ្ឋកិច្ច​របស់ប្រទេសបាន​។

ជាមួយគ្នានេះ​ សភាពាណិជ្ជកម្ម​និងឧស្សាហកម្ម​អាល្លឺម៉ង់​ក៏បានលើកឡើង​ដែរថា​ការកែប្រែ​ច្បាប់ពាណិជ្ជកម្មថ្មី​អាចបង្ហាញពី​សញ្ញាអវិជ្ជមានមួយ​ដល់ដៃគូបរទេស​ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុនអាល្លឺម៉ង់​។

ឆ្លើយតបនឹង​មតិរិះគន់ខាងលើ​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​អាល្លឺម៉ង់​បាននិយាយ​ដោយទទូចថា​ វិធានការថ្មី​របស់​ប្រទេសនេះ​មិនមែនជា​និន្នាការ​ការពារនិយម​នោះទេ​។ តែ​វា​ជា​នយោបាយ​ដើម្បី​ពង្រឹងសមត្ថភាព​របស់រដ្ឋ​ក្នុងការ​ការពារ​ផលប្រយោជន៍ជាតិ​និង​ធានាឲ្យបាន​សន្តិសុខ​របស់ប្រទេសជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ