អានតួអត្ថបទ

អាល្លឺម៉ង់​គ្រោងនឹង​អនុម័ត​ច្បាប់អន្តោប្រវេសន៍​ដើម្បី​ទាក់ទាញពលករបរទេស

ដើម្បីទាក់ទាញ​បុគ្គលិកបរទេស​មក​បំពេញកម្លាំងពលកម្ម​ដែល​កំពុងខ្វះខាត​នៅក្នុង​ប្រទេស​ រដ្ឋាភិបាលអាល្លឺម៉ង់​ គ្រោងនឹង​អនុម័ត​លើច្បាប់​អន្តោប្រវេសន៍ថ្មីមួយ​នៅថ្ងៃពុធ​ ទី១៩​ ធ្នូនេះ​ បើទោះបីជា​មានការប្រឆាំងជំទាស់​មួយចំនួន​យ៉ាងណាក៏ដោយ​។

ប្រមុខដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល។
ប្រមុខដឹកនាំអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មែរគែល។ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

នា​ខណៈពេលនេះ​ ក្រុមហ៊ុន​ឧស្សាហកម្មជាច្រើន​ក្នុងប្រទេសអាល្លឺម៉ង់​កំពុងតែរង់ចាំ​យ៉ាងអន្ទះសារចំពោះ​ការដាក់ឲ្យអនុវត្ត​នូវច្បាប់​អន្តោប្រវេសន៍ថ្មី​ ដើម្បីអាច​ស្រូបយក​ពលរដ្ឋបរទេស​ ឲ្យទៅធ្វើការ​នៅក្នុងវិស័យឧស្សាហកម្ម​អាល្លឺម៉ង់​ដែល​កំពុងតែស្រេកឃ្លាន​កម្លាំងពលកម្មថ្មី​។ ច្បាប់ថ្មី​ដែលគ្រោងនឹងអនុម័ត​នៅថ្ងៃនេះ​នឹង​អនុញ្ញាតឲ្យ​អ្នកស្វែង​រកការងារ​មកពីខាងក្រៅ​សហភាពអឺរ៉ុប​ដែលមានដូចជា​ផ្នែកចុងភៅ​ ឬអ្នកបច្ចេកទេស​ផ្នែកបច្ចេកវិទ្យាព័ត៌មាន​ អាចសាកល្បង​ធ្វើការក្នុង​ប្រទេសអាល្លឺម៉ង់​រយៈពេល ៦ ខែ​ ក្នុងករណី​ដែលពួកគេ​អាចនិយាយ​ភាសាអាល្លឺម៉ង់​ និង​មានប្រាក់កាស​សម្រាប់ចំណាយខ្លួនឯងបានក្នុ​ងអំឡុងពេលនោះ​។

សូមជម្រាបជូនថា​ បច្ចុប្បន្ននេះ​ ប្រទេសអាល្លឺម៉ង់​កំពុង​ត្រូវការ​កម្លាំងពលកម្មខ្លាំង​ ជាក់ស្តែង​មានក្រុមហ៊ុន​ សហគ្រាសក្នុងស្រុក​ប្រមាណជា​ ៦០%​ កំពុងស្វែងរក​ពលករក្រៅស្រុក​។ ប្រសិនណាបើ​ រដ្ឋាភិបាល​មិនស្វែងរក​ដំណោះស្រាយទេនោះ​ ឧស្សាហកម្ម​របស់អាល្លឺម៉ង​នឹងជួប​ហានិភ័យ​នាពេលខាងមុខ​។

ដោយឡែក​ បើតាម​ទីភ្នាក់ងារសារព័ត៌មានបារាំង​ AFP​ ច្បាប់​អន្តោប្រវេសន៍នេះ​ត្រូវបាន​គាំទ្រយ៉ាងពេញទំហឹង​ពីសំណាក់បណ្តាក្រុមហ៊ុន​សហគ្រាស​ក្នុងស្រុកអាល្លឺង់ម៉ង់​។ ក៏ប៉ុន្តែ​ទន្ទឹមគ្នានេះ​ ក៏មានអ្នកខ្លះព្រួយបារម្ភ​និងមិនចង់ឲ្យ​រដ្ឋាភិបាលអនុម័ត​លើច្បាប់នេះដែរ​ពីព្រោះពួកគេខ្លាចថា​ច្បាប់ថ្មីនេះ​អាចធ្វើឲ្យប្រទេសអាល្លឺម៉ង់​ធ្លាក់ក្នុងវបត្តិបន្ថែមទៀតបាន​។

ច្បាប់ថ្មីនេះ​អាច​បង្កជា​ភាពចម្រូងចម្រាស​ក្នុងសង្គម​ដោយហេតុថា​ផែនការ​ស្រូបយកជាតិសាសន៍ផ្សេងទៀត​ឲ្យមកធ្វើការនៅ​អាល្លឺម៉ង់​ អាចធ្វើឲ្យប៉ះពាល់​ដល់​ជនអន្តោប្រវេសន៍​រាប់សែននាក់​ដែលកំពុងរង់ចាំ​ទទួលសិទ្ធិជ្រកកោន​ដើម្បីអាចធ្វើការ​និងរស់នៅ​ក្នុងប្រទេសអាល្លឺម៉ង់បាន​។

តែទោះជាយ៉ាងណាក្តី​ មន្រ្តីរដ្ឋាភិបាល​អាល្លឺម៉ង់បានចេញមុខបញ្ជាក់ថា​ច្បាប់​អន្តោប្រវេសន៍​ថ្មីនេះ​ នឹងមិនប៉ះពាល់ដល់​សិទ្ធិសុំជ្រកកោន​របស់ជនភៀសខ្លួនឡើយ​។ គួរ​រឭកជូនថា​ ប្រទេសអាល្លឺម៉ង់​ បាននិងកំពុងពើបប្រទះ​ទៅនឹងការបែកបាក់ផ្ទៃក្នុង​ដោយសារតែ​លំហូរចូលដ៏ច្រើន​នៃ​ជនភៀសខ្លួន​និងពលករចំណាកស្រុក​ពីប្រទេសស៊ីរី​-អ៊ីរ៉ាក់​ ដែលមាន​ចំនួនរហូតដល់ជាង​មួយលាននាក់​ ចាប់តាំងពីឆ្នាំ​២០១៥​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ