អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក៖ ​អាស៊ាន​អាច​ក្លាយជា​ចំណុចស្នូល ​តែ​ក៏អាច​ប្រឈម​នឹង​ការ​បែកបាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

“ឥណ្ឌូប៉ាស៊ីហ្វិក” គឺ​ជា​យុទ្ធសាស្រ្ត​ថ្មី ដែល​ដាក់ចេញ​ដោយ​សហរដ្ឋ​អាមេរិក ហើយ​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ជាពិសេស ជប៉ុន អូស្រ្តាលី និង​ឥណ្ឌា។ ជាទូទៅ គេប្រមើល​មើលថា យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​ក្នុងការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន ហើយ​អាស៊ាន​អាច​នឹង​ដើរតួនាទី​ស្នូល នៅ​ក្នុង​យុទ្ធសាស្រ្ត​ថ្មីនេះ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​អាច​ជា​ប្រភព​ដែល​នាំ​ឲ្យ​​អាស៊ាន​បែកបាក់គ្នា​ផងដែរ។

ជំនួបកំពូល​អាស៊ាន​ + ប្រទេសដៃគូ អាច​នឹង​ក្លាយ​ជា​យន្តការ​ដ៏ចម្បងមួយ នៃ​យុទ្ធសាស្រ្ត "ឥណ្ឌូប៉ាស៊ីហ្វិក"
ជំនួបកំពូល​អាស៊ាន​ + ប្រទេសដៃគូ អាច​នឹង​ក្លាយ​ជា​យន្តការ​ដ៏ចម្បងមួយ នៃ​យុទ្ធសាស្រ្ត "ឥណ្ឌូប៉ាស៊ីហ្វិក" REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” មាន​ពាក្យ​ថា “ឥណ្ឌូ” និង “ប៉ាស៊ីហ្វិក” គឺ​សំដៅ​ទៅលើ​មហាសមុទ្រឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​នៅ​ចន្លោះ​​មហាសមុទ្រ​ទាំងពីរ​នេះ មាន​ទីតាំង​ដ៏សំខាន់​មួយ នៅ​ចំកណ្តាល គឺ​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយ​នឹង​អង្គការ​តំបន់ ដែល​មាន​ឈ្មោះថា “អាស៊ាន”។

ទីតាំង​ស្ថិត​នៅ​ចំកណ្តាលនេះ​​​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយ​ជា​តំបន់​ដែល​មាន​តួនាទី​ដ៏សំខាន់ នៅ​ក្នុង​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក ហើយ​រឹត​តែ​សំខាន់​ទៅទៀត នៅ​ក្នុង​ចក្ខុវិស័យ​របស់​សហរដ្ឋ​អាមេរិក ដែល​ចង់​ផ្តោត​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ ទៅលើ​វិស័យ​ដឹកជញ្ជូន និង​សន្តិសុខ​តាម​ផ្លូវ​សមុទ្រ ពីព្រោះ​ថា តំបន់អាស៊ាន​គឺ​ជា​ច្រក​ឆ្លងកាត់​ដ៏សំខាន់​ដែល​មិន​អាច​ខ្វះបាន នៃ​ផ្លូវនាវាចរណ៍ រវាង​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

គេ​ដឹង​ថា ​នៅ​ក្នុង​ចំណោម​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​សរុប​នៅ​ទូទាំង​ពិភពលោក មានរហូតដល់​ទៅ ១ភាគ៣ ត្រូវ​ឆ្លងកាត់​តាម​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ ចំណែក​ឯ​ច្រក​សមុទ្រ​ម៉ាឡាកា​វិញ ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​​ផ្លូវ​សមុទ្រ​សំខាន់ៗ ​ដែល​មាន​នាវា​ធ្វើ​ដំណើរ​ឆ្លងកាត់​​ច្រើន​ជាងគេ​ នៅលើ​ពិភពលោក។ ក្នុងពេល​ជាមួយគ្នា ច្រកសមុទ្រ​ម៉ាឡាកា​នេះ ក៏​ល្បីថា​ជា​តំបន់​ដែល​សម្បូរ​ចោរសមុទ្រ​ផងដែរ ដែល​ជា​បញ្ហា​អសន្តិសុខ​ដ៏​ចម្បងមួយ នៃ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ហើយ​ជា​បញ្ហា​ចោទ​ចម្បង​នៃ​ពាណិជ្ជកម្ម​ពិភពលោក។

ក្រៅពីទីតាំង​ភូមិសាស្រ្ត តំបន់​អាស៊ាន​ក៏​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ផងដែរ ខាង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ អាស៊ាន​មាន​ប្រជាជន​សរុប​រហូតដល់​ទៅ​ជាង ៦០០លាននាក់ ពោលគឺជា​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់ទី៣ នៅលើ​ពិភពលោក បន្ទាប់​ពី​ចិន និង​ឥណ្ឌា។ បើ​និយាយ​ពី​ផ្នែក​សេដ្ឋកិច្ច​វិញ ផលិតផល​ក្នុងស្រុកសរុប​នៃ​ប្រទេស​សមាជិក​អាស៊ាន​​បូក​បញ្ចូល​គ្នា អាច​បាន​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទី៥ ហើយ​ព្រមពេល​ជាមួយគ្នា​នេះ កំណើន​សេដ្ឋកិច្ច​របស់​អាស៊ាន​ក៏​មាន​កម្រិត​ខ្ពស់​​ជារៀងរាល់​ឆ្នាំ​ផងដែរ ដែល​នាំ​ឲ្យ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ព្យាករ​ថា នៅ​ឆ្នាំ២០៥០​ខាងមុខនេះ អាស៊ាន​អាច​នឹង​ក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទី៤ បន្ទាប់​ពី ចិន ឥណ្ឌា និង​សហរដ្ឋ​អាមេរិក។

ចំនួន​ប្រជាជន​ច្រើន ហើយ​បូករួម​ជាមួយ​នឹង​សេដ្ឋកិច្ច​រីកលូតលាស់​យ៉ាង​លឿន​បែបនេះហើយ ដែល​ជា​កត្តា​ឲ្យ​គេ​កំណត់​ថា អាស៊ាន គឺ​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​ ដែល​អាច​ជា​កម្លាំងច​លករ​ដ៏សំខាន់ សម្រាប់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

បើ​និយាយ​ពី​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​វិញ អាស៊ាន​គឺ​ជា​ចំណុច​ស្នូល​ដ៏​សំខាន់ នៃ​យន្តការ​ពហុភាគី​ ដែល​មាន​ទម្រង់​ស្រប​ទៅនឹង​យុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ដំណើរវិវឌ្ឍ​នៃ​យុទ្ធសាស្រ្ត ពី “អាស៊ីប៉ាស៊ីហ្វិក” ទៅ “ឥណ្ឌូប៉ាស៊ីហ្វិក” អាច​នឹង​ធ្វើ​ឲ្យ​យន្តការ​ពហុភាគី ដូចជា​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) លែង​សូវ​មាន​ប្រសិទ្ធភាព ហើយ​អាច​នឹង​ឲ្យ​គេ​ងាក​ទៅ​ផ្តោត​សារៈសំខាន់​លើ​យន្តការ​ពហុភាគី ដែល​ធ្វើ​ឡើង​​ជុំវិញ​អាស៊ាន រួមមាន​ដូចជា វេទិកាសន្តិសុខអាស៊ី ឬ “Shangri-La Dialogue” និង​ជាពិសេសជាង​នេះ​ទៅទៀត គឺ​ជំនួបកំពូល​អាស៊ីបូព៌ា ដែល​ជា​ជំនួបកំពូល​ប្រចាំឆ្នាំ រវាង​អាស៊ាន និង​ប្រទេស​ជាដៃគូ ដោយ​នៅ​ក្នុងនោះ មានការ​ចូលរួម​ពី​សំណាក់ ចិន សហរដ្ឋ​អាមេរិក ជប៉ុន អូស្រ្តាលី និង​ឥណ្ឌា ដែល​​សុទ្ធសឹង​ជា​ប្រទេស​សំខាន់ៗ នៅ​ក្នុង​យុទ្ធសាស្រ្ត​​ឥណ្ឌូប៉ាស៊ីហ្វិក។

សម្រាប់​សហរដ្ឋ​អាមេរិក អាស៊ាន គឺ​ជា​តំបន់​​ជា​យុទ្ធសាស្រ្ត​​ដ៏សំខាន់ នៅ​ក្នុង​ការ​ប្រជែង​ឥទ្ធិពល​ជាមួយ​នឹង​ចិន ដោយសារ​តែ​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ជា​សមាជិក​អាស៊ាន មាន​ប្រទេស​២ គឺ ហ្វីលីពីន និង​ថៃ ដែល​បាន​ចុះ​សន្ធិសញ្ញា​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ចំណែក​ឯ​ប្រទេស​៣​ផ្សេងទៀត គឺ សិង្ហបុរី ឥណ្ឌូណេស៊ី និង​វៀតណាម បើទោះបីជា​គ្មាន​សន្ធិសញ្ញា​សម្ព័ន្ធភាព ក៏ប៉ុន្តែ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ​អាមេរិក។

ក៏ប៉ុន្តែ សម្រាប់​អាស៊ានវិញ នៅ​ក្នុង​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ថ្មី​នេះ អាស៊ាន​អាច​នឹង​ក្លាយ​ជា​ចំណុច​ស្នូល និង​ជា​ទី​ចាប់អារម្មណ៍​របស់​ប្រទេស​មហាអំណាច ក៏ប៉ុន្តែ អាស៊ាន​ក៏​អាច​នឹង​ក្លាយ​ទៅ​ជា​សមរភូមិ​នៃ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ដ៏​ក្តៅគគុក​មួយ​ដែរ រវាង​ចិន និង​អាមេរិក។ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​​អាស៊ាន ក្រៅពី​មួយផ្នែក​មាន​ទំនាក់ទំនង​​ស្និទ្ធិ​នឹង​អាមេរិក មួយផ្នែក​ទៀត រួមមាន​ដូចជា កម្ពុជា ឡាវ និង​ភូមា ជាដើម មាន​ទំនាក់ទំនង​ស្និទ្ធិ​នឹង​ចិន។ ដូច្នេះ ការ​ប្រជែង​ឥទ្ធិពលគ្នា រវាង​អាមេរិក និង​ចិន នៅ​ក្នុង​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ថ្មីនេះ អាច​នឹងជាប្រភព​ដែល​នាំ​ឲ្យ​ផ្ទៃក្នុង​អាស៊ាន​ត្រូវ​បែកបាក់​ ហើយ​អាច​នឹងបង្ក​ជា​ឧបសគ្គ​ទៅដល់​កិច្ចសហប្រតិបត្តិការ និង​សមាហរ័ណកម្ម​​ក្នុង​អាស៊ាន​ខ្លួនឯង​ផ្ទាល់​ទៅវិញ។

មែនទែនទៅ គេ​សង្កេតឃើញ​ថា ប្រទេស​សមាជិក​អាស៊ាន​ក៏​ហាក់ដូចជា​មាន​ចក្ខុវិស័យ​មិន​ស្របគ្នា​នោះដែរ ជុំវិញ​យុទ្ធសាស្រ្ត​ឥណ្ឌូប៉ាស៊ីហ្វិក​ថ្មី​នេះ ហើយ​​ចាប់តាំង​ពី​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិកសេរី​និង​បើក​ចំហ” ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រកាស​ជា​សាធារណៈ នៅ​ដាណាង ប្រទេស​វៀតណាម កាល​ពី​ខែវិច្ឆិកា​ឆ្នាំ២០១៧​មក ប្រទេស​សមាជិក​អាស៊ាន​នៅ​មិនទាន់​អាច​ស្វែងរក​ជំហ​ររួម​ណាមួយ​ទាក់ទង​នឹង​យុទ្ធសាស្រ្ត​នេះ​នៅឡើយទេ រហូត​មក​ទល់​នឹង​ពេលនេះ។ គម្រោង​​ពិភាក្សា​រកជំហរ​រួម​ នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅ​ឈៀងម៉ៃ កាល​ពី​ថ្ងៃទី១៧ និង១៨មករា កន្លងទៅនេះ ក៏​មិនទទួល​បាន​លទ្ធផល​អ្វីនោះដែរ​ ដោយ​អាស៊ាន​បាន​រុញ​បញ្ហា​នេះ ទៅ​ជជែកគ្នា នៅ​ពេល​ក្រោយ​វិញ គឺ​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​មន្រ្តីជាន់ខ្ពស់​អាស៊ាន នៅ​ខែមីនា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ