ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 05/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 05/12 12h00 GMT

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?
 
ជំនួបកំពូល​អាស៊ាន​និង​ដៃគូ នៅទីក្រុង​បាងកក ថ្ងៃទី៤វិច្ឆិកា២០១៩ REUTERS/Athit Perawongmetha

ជំនួបកំពូល​អាស៊ាន​នៅ​ទីក្រុង​បាងកក ដែល​ទើប​នឹង​បិទបញ្ចប់​ទៅ​កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ ត្រូវបាន​គេ​ដាក់​ក្តីរំពឹង​ច្រើន​​ ទាក់ទង​នឹងការចុះ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ដ៏​សំខាន់មួយ ដែល​មាន​ការចូលរួម​ពី​សំណាក់​ប្រទេស​ទាំង១០​ក្នុង​អាស៊ាន និង​ប្រទេស​ជាដៃគូ​ចំនួន ៦​ផ្សេងទៀត។ ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ កិច្ចព្រមព្រៀង​នេះ​មិន​អាច​ចេញ​រួច ដោយសារ​តែ​ឥណ្ឌា​​មិនឯកភាព ហើយ​ថែម​ទាំង​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការចរចា។ តើ​ជោគវាសនា​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ទៅ​ជា​យ៉ាងណា នៅ​ក្រោយ​​ការដកខ្លួន​របស់​ឥណ្ឌា ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះ?

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែល​ត្រូវ​បាន​គេ​ហៅ​តាម​អក្សរកាត់​អង់គ្លេស​ថា “RCEP” (Regional Comprehensive Economic Partnership) បាន​ចាប់ផ្តើម​ឡើង​ដំបូង​ចេញ​ពី​គោលគំនិត​ចង់​ពង្រីក​​តំបន់​ពាណិជ្ជកម្ម​សេរី​​អាស៊ាន ទៅ​កាន់​ប្រទេស​ ៦ផ្សេងទៀត ដែល​ជា​ដៃគូ គឺ​រួមមាន​ ចិន ជប៉ុន ឥណ្ឌា កូរ៉េ​ខាង​ត្បូង អូស្រ្តាលី និង​នូវែលសេឡង់។ ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​បាន​ចាប់ផ្តើម​ឡើង​ជា​ផ្លូវការ ក្រោយ​ពី​មាន​​សេចក្តីសម្រេច​​ក្នុង​ជំនួបកំពូល​អាស៊ាន នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ២០១២​កន្លងទៅ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ប្រ​មើ​លឃើញ​ថា​ ប្រសិនបើ​វា​អាច​ចេញ​ជា​រូបរាងឡើងមែន​នោះ វា​នឹង​ត្រូវ​ក្លាយ​ទៅជា​លំហពាណិជ្ជកម្ម​សេរី​ដ៏​ធំមួយ​នៅលើ​ពិភពលោក ដោយ​ប្រទេស​ទាំង ១៦ នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​បូក​បញ្ចូល​គ្នា មាន​ប្រជាជន​រហូត​ដល់​ទៅ​ប្រមាណ​ជា​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក ហើយ​មានទំហំ​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​ប្រមាណ​​ជា ១ភាគ៣ នៃ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។ ម្យ៉ាងទៀត ប្រទេស​​​មួយ​ចំនួន រួមមាន​ដូចជា ​ចិន ឥណ្ឌា ក៏ដូចជា​តំបន់​អាស៊ាន ក្រៅពី​មាន​ប្រជាជន​ច្រើន​ហើយ​នោះ ​សេដ្ឋកិច្ច​ក៏​មាន​កំណើន​​​ខ្ពស់​ជាប់​ជា​ប្រចាំ ហើយ​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​ក៏​មាន​កំណើន​លឿន ដែល​អាច​ជា​ទីផ្សារមួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់។

ក៏ប៉ុន្តែ នៅពេលនេះ កិច្ចព្រមព្រៀង RCEP នេះ នៅសល់​តែ ១៥ប្រទេស​តែ​ប៉ុណ្ណោះ ក្រោយ​ពី​ឥណ្ឌា​បាន​ប្រកាស​ដកខ្លួន​ចេញ​​កាល​ពី​ថ្ងៃ​ចន្ទ។ ឥណ្ឌា​ដកខ្លួន​ចេញ គឺ​ដោយ​សារតែ​បារម្ភ​ខ្លាច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​របស់​ឥណ្ឌា​ត្រូវ​រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​ហូរចូល​នៃ​ទំនិញ​របស់​ចិន។

ជាការពិតណាស់​ថា ការ​ដកខ្លួន​របស់​ឥណ្ឌា​​មិនមែន​ជា​ឧបសគ្គ​​នាំ​​ឲ្យ​កិច្ចព្រមព្រៀង RCEP នេះ​ត្រូវ​បរាជ័យ​រក​ផ្លូវ​ចេញ​មិន​រួចនោះទេ។ ប្រទេស​ ១៥ផ្សេងទៀត​​នៅតែ​អាច​បន្ត​ចរចា ដើម្បី​​ឈាន​ទៅ​ចុះកិច្ចព្រមព្រៀង​នេះ​ដោយ​គ្មាន​ឥណ្ឌា ហើយ​មែនទែន​ទៅ ប្រទេស​ទាំង ១៥​​នេះ បាន​ប្រកាស​ឲ្យដឹង​រួច​ទៅហើយ​កាល​ពីថ្ងៃចន្ទ​ថា ពួកគេ​នឹង​​ធ្វើ​យ៉ាងណា​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង RCEP នេះ​ឲ្យ​បាន​ត្រឹម​ឆ្នាំ២០២០​ខាងមុខ បើទោះជា​គ្មាន​ឥណ្ឌា។

ក៏ប៉ុន្តែ គេ​មិន​ត្រូវ​ភ្លេចទេ​ថា ឥណ្ឌា​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់មួយ។ ក្រៅពី​មាន​ប្រជាជន​ច្រើន​រហូតដល់​ទៅ​ជាង ១ពាន់៣រយលាននាក់ ឥណ្ឌា​គឺ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ចម្បង​មួយ ហើយ​បើ​រាប់​ត្រឹមតែ​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៦ នៅ​​ក្នុង RCEP នេះ ឥណ្ឌា គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៣ បន្ទាប់​ពី​ចិន និង​ជប៉ុន។ ឥណ្ឌា​មិន​សំខាន់​ដល់​ថ្នាក់​មិន​អាច​ខ្វះបាន​នោះទេ ក៏ប៉ុន្តែ គ្មាន​ឥណ្ឌា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP នេះ បើទោះជា​ចេញរួច ក៏​នឹង​មិនមាន​វិសាលភាព​ធំធេង​ដូចជា​ការ​រំពឹង​ទុក​ពីមុន​នោះដែរ។

មែនទែន​ទៅ គេ​ឃើញ​ថា កិច្ចព្រមព្រៀង​ RCEP នេះ ហាក់​កំពុង​ដើរ​តាម​គន្លង​ផ្លូវ​ស្រដៀងគ្នា​ទៅនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ទៀត គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក។

ជាការពិតណាស់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក មាន​លក្ខណៈ​​ស៊ី​ជម្រៅជាង ដោយ​​ក្រៅ​ពី​វិស័យ​ពន្ធគយ គឺ​មាន​ការ​ធ្វើ​សមាហរណកម្ម​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ផ្សេងទៀត រួមមាន​ទាំង​វិធាន​ក្នុងការ​ការពារ​សិទ្ធិ​ពលករ បរិស្ថាន និង​ការការពារ​កម្មសិទ្ធិបញ្ញា ក្នុងពេល​ដែល​កិច្ចព្រមព្រៀង​ RCEP វិញ ផ្តោត​សំខាន់​​តែ​ទៅលើ​វិស័យ​ពន្ធគយ។

កន្លងមក​ កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​តែងតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គូ​ប្រជែង​នឹង​គ្នា ដោយ​កិច្ចព្រមព្រៀង​ RCEP ដែល​មាន​ការចូល​រួម​ពី​សំណាក់​ប្រទេស​​អាស៊ានទាំង១០ មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់ប្រទេស​ចិន ចំណែក​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក​វិញ ដែល​មាន​ប្រទេស​អាស៊ាន​តែ ៤​ចូលរួម (វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ព្រុយណេ) ​មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់​​គូប្រជែង​របស់​ចិន គឺ​សហរដ្ឋ​អាមេរិក មុនពេល​ដែល​លោក​ដូណាល់ ត្រាំ​ប្រកាស​ដកខ្លួន​ចេញ កាល​ពីឆ្នាំ២០១៧។

ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក ប្រទេស​ ១១ផ្សេងទៀត​ដែល​នៅ​សេសសល់​ នៅតែ​បន្ត​ចរចា រហូត​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា ដោយ​គ្មាន​អាមេរិក ក៏ប៉ុន្តែ ទុក​ទ្វារ​ចំហ​ឲ្យ​អាមេរិក​មក​ចូលរួម​វិញ​នៅថ្ងៃ​អនាគត។ ដូចគ្នា​ដែរ​ចំពោះ កិច្ចព្រមព្រៀង RCEP ក្រោយ​ការ​ដកខ្លួន​របស់​ឥណ្ឌា ប្រទេស ១៥ផ្សេងទៀត ប្តេជ្ញា​​​បន្ត​ចរចា និង​ចុះ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​នៅ​ឆ្នាំក្រោយ ដោយ​​ទុក​ទ្វាចំហ​សម្រាប់​ឲ្យ​ឥណ្ឌា​មក​ចូលរួម​ទៅថ្ងៃ​អនាគត។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក​នៅតែ​អាច​ចេញ​ជា​រូបរាង ក៏​ប៉ុន្តែ ត្រូវ​បាត់បង់​វិសាលភាពច្រើន ដោយ​ខ្វះ​អាមេរិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែល​​ខ្វះ​ឥណ្ឌា​ បើទោះបីជា​អាច​ចេញ​ជា​រូបរាង ហើយ​មាន​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី២​ជា​បង្គោល ក៏​ត្រូវ​បាត់បង់​វិសាលភាព​របស់​ខ្លួន​មិនតិចនោះដែរ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ