អានតួអត្ថបទ

កំហឹងបាន​កើនឡើងក្រោយ​ភេរវកម្មនៅកាប៊ូល​កាលពីថ្ងៃសៅរ៍

កំហឹងបានកើនឡើងយ៉ាងខ្លាំង​បន្ទាប់ពីព្រឹត្តិការណ៍​បំផ្ទុះ​រថយន្ត​សង្រ្គោះ​បន្ទាន់​កាលពីថ្ងៃ​សៅរ៍​ម្សិលមិញ​ដែល​បានសម្លាប់​មនុស្ស​ ចំនួន ១០៣នាក់ ​នៅ​​ក្រុង​​កាប៊ូល អាហ្វហ្កានីស្ថាន។ ចំពោះករណីនេះ​ ប្រធានាធិបតី​អាមេរិក​ លោកដូណាល់ត្រាំ ក៏បាន​សម្ដែង​នូវការ​មិនពេញចិត្ត​យ៉ាងខ្លាំង ហើយថែមទាំង​បានទាមទារ​អោយមាន​ការធ្វើ​សកម្មភាព​ដោយមិន​រួញរាដើម្បី​ប្រឆាំង​ទៅនឹង​ក្រុមតាលីបង់។

បុរសអាហ្វហ្គានីស្ថាន សែងក្តាមឈូសជនរងគ្រោះដែលស្លាប់ដោយសារការផ្ទុះឡានសង្គ្រោះបន្ទាន់ ក្រុងកាប៉ូល ថ្ងៃទី២៨ មករា​ ២០១៨
បុរសអាហ្វហ្គានីស្ថាន សែងក្តាមឈូសជនរងគ្រោះដែលស្លាប់ដោយសារការផ្ទុះឡានសង្គ្រោះបន្ទាន់ ក្រុងកាប៉ូល ថ្ងៃទី២៨ មករា​ ២០១៨ REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

កំហឹង​សាធារណៈជន​បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានការបំផ្ទុះរថយន្តសង្រ្គោះ​បន្ទាន់កាលពីថ្ងៃសៅរ៍ម្សិលមិញ​ដែលជាភេរវកម្ម​ទី៣ក្នុងប្រទេស​អាហ្វហ្កានីស្ថាន​ក្នុងសប្តាហ៍នេះ។​​​ យោងតាមទិន្នន័យ​ដែលទទួលបានចុងក្រោយបំផុត ភេរវកម្មថ្ងៃសៅរិ៍នេះ បានសំលាប់មនុស្សយ៉ាងតិច១០៣នាក់​ និងបង្កអោយមាន​របួស២៣៥នាក់ផងដែរ។

ក្រោយភេរវកម្ម​នៅកាប៊ូលនេះកើតឡើង ប្រធានាធិបតីអាមេរិក​ លោកដូណាល់ត្រាំ ក៏បានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយលោកបានសម្ដែងនូវការថ្កោលទោសទៅលើក្រុមតាលីបង់ ដែលត្រូវបានគេស្គាល់ថាជាក្រុមភេរវជននៅពីក្រោយរឿងបំផ្ទុះគ្រាប់បែកកន្លងមក។

លោកដូណាល់ត្រាំបានលើកឡើងថា សហរដ្ឋអាមេរិកនៅតែផ្ដូរផ្ដាច់ក្នុងការគាំទ្រអោយអាហ្វហ្កានីស្ថានមានសុវត្ថិភាព និងមិនមានភេរវកម្មដែលសំដៅគោលដៅទៅលើអាមេរិក សម្ព័ន្ធមិត្តរបស់អាមេរិក រួមទាំងប្រទេសដទៃទៀតដែលពុំគាំទ្រនូវមនោគមវិជ្ជាអាក្រក់របស់ពួកគេ។

លោកបានបន្ថែមទៀតថា ឥលូវនេះ ប្រទេសទាំងអស់គួរធ្វើសកម្មភាពដោយមិនរួញរាក្នុងការប្រឆាំងទៅនឹងក្រុមតាលីបង់ និងបក្សពួកដទៃទៀតដែលជួយគាំទ្រពួកគេ។

ចំពោះរឿងនេះដែរ រដ្ឋាភិបាលរបស់អាហ្វហ្កានីស្ថានផ្ទាល់ ក៏បានថ្កោលទោសទៅលើក្រុមតាលីបង់ផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃប្រទេសនេះ លោក Rahimi បានដោយដឹងក្នុងសន្និសិទ្ធកាសែតមួយថា​ ជនរងគ្រោះភាគច្រើនគឺជាប្រជាជននៅក្នុងតំបន់ ហើយបន្ទាប់ពីមានហេតុការនេះបានកើតឡើង ជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួនដើម្បីធ្វើការស៊ើបអង្កេត។

ចំណែកឯប្រជាជនទូទៅវិញ ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ជនរងគ្រោះនៅក្នុងរឿងនេះ។ ស្របពេលជាមួយគ្នានេះដែរ នៅតាមបណ្ដាញសង្គមដូចជា Facebook និងTwitter ពួកគេក៏បានបង្ហាញនូវការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខសង្គមនៅក្នុងប្រទេស ជាពិសេសគឺនៅទីក្រុងកាប៊ូលតែម្ដង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ