ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

អឺរ៉ុប​​ខ្វែង​គំនិត​គ្នា​​ចំពោះ​បញ្ហា​​កូរ៉េខាងជើង​ ​

អឺរ៉ុប​​ខ្វែង​គំនិត​គ្នា​​ចំពោះ​បញ្ហា​​កូរ៉េខាងជើង​ ​
 
លោក គឺម ជុងអ៊ុន អបអរ​ជោគជ័យ​ការសាកល្បង​​នុយក្លេអ៊ែរ ជាមួយ​ទាហាន​​កុរ៉េខាងជើង​ Korean Central News Agency (KCNA)

ថ្ងៃអាទិត្យ​នេះ សារព័ត៌មាន​អាល្លឺម៉ង់​​ចុះផ្សាយ​បទសម្ភាស​ដែលបានធ្វើ​ជាមួយ​ប្រមុខដឺកនាំ អង់​ហ្កឺឡា មែរគែល។ ​ក្នុងដំណោះស្រាយ​វិបត្តិ​កូរ៉េខាងជើង លោកស្រី​​​មែរគែល ចង់ឃើញ​ការចរចា​ការទូត​​មួយ ដែល​យក​គំរូតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ប៉ុន្តែ បារាំង​វិញ​មានជំហរ​ទៅរក​អាមេរិក​និង​ជប៉ុន​ដែលចង់​ពង្រឹងទណ្ឌកម្ម​បន្ថែមសម្ពាធ​លើ​ក្រុងព្យុងយ៉ាង។​

ថ្ងៃសៅរ៍​ម្សិលមិញ​ កូរ៉េខាងជើង​​ទាមទារ​អោ​យបារាំង​ធ្វើគំរូ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ​កូរ៉េខាងជើង​លើកឡើង​ដូច្នេះ ដើម្បី​​ឆ្លើយត​ប​ទៅ​នឹង​បារាំង​ដែល​បាន​លើកឡើង​ថា​​ នុយក្លេអ៊ែរ​​កូរ៉េខាងជើង​គំរាម​រហូត​ដល់​ទ្វីបអឺរ៉ុប។ ​ស្អែកនេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​​​ប្រជុំគ្នា​ដើម្បី​បោះឆ្នោត​​លើ​សេចក្តីសម្រេចស្នើ​ដោយ​អាមេរិក​ បន្ថែមទណ្ឌកម្ម​លើ​កូរ៉េខាងជើង។​

ហេតុអ្វី​បារាំង​គាំទ្រ​​​អាមេរិក​និង​ជប៉ុន សម្រេច​យកជម្រើស​​​​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​​​កូរ៉េខាងជើង​?​

បារាំង​យល់ថា នុយក្លេអ៊ែរ​កូរ៉េខាងជើង​គំរាម​មិនត្រឹម​តែ​ស្ថិរភាព​សន្តិសុខ​តំបន់​ទេ គឺ​គំរាម​​រហូត​ដល់ទៅ​​ទ្វីប​​​អឺរ៉ុប​ទៀតផង។ នេះ​ដោយសារតែ​​កូរ៉េខាងជើង​នៅតែបន្តបាញ់​​មីស៊ីល​​បាលីស្ទិក​ បំពាន​សេចក្តីសម្រេច​អង្គការ​សហប្រជាជាតិ។ ពិសេសការ​​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន បូករួម​ទាំង​ការបាញ់​មីស៊ីល​រំលង​ទឹកដី​ជប៉ុន​ថ្មីៗនេះ​ផង។

ម្ល៉ោះហើយ​ទើប​ប្រធានាធិបតីបារាំង​យល់ស្រប​តាម​គំនិត​របស់​លោក​ដូណាល់ ត្រាំ និង​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ចង់​បន្ថែមទណ្ឌកម្ម​លើកូរ៉េខាងជើង​អោយ​កាន់តែ​ធ្ងន់​ថែមទៀត។ ម្សិលមិញនេះ លោក​ម៉ាក្រុង​បាន​និយាយ​​​ជាមួយ​លោក​ត្រាំ និង​លោកអាបេ ពី​ភាពចាំបាច់​​រួបរួមគ្នា ​ដើម្បី​បញ្ចេញ​ប្រតិកម្ម​តបទៅ​កូរ៉េខាងជើង​។ ​​ប្រហែល​ដោយសារ​តែ​​បារម្ភរឿង​សន្តិសុខ​អឺរ៉ុបនេះ​ហើយ​ ទើប​​លោក​ម៉ាក្រុង​ថែមទាំង​រហូត​​​​​សុំអោយ​សហភាព​​អឺរ៉ុប​គិតគូរ​រឿង​កូរ៉េខាងជើង​។ លោក​ម៉ាក្រុង​​ថែមទាំង​​​ចេញមុខ​អះអាង​​បង្ហាញ​សាមគ្គីភាព​បារាំងជាមួយ​ជប៉ុនទៀតផង។

កូរ៉េខាងជើង​មិនសប្បាយចិត្ត​ទេ ដែល​លឺ​សំដី​រដ្ឋមន្ត្រី​ការបរទេស​បារាំង ​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ លើកឡើង​រហូតថា ​កូរ៉េខាងជើង​អាច​មាន​សមត្ថភាព​វាយប្រហារ​​​ដល់​អឺរ៉ុប គំរាម​ទ្វីបអឺរ៉ុប។ រឿងរ៉ាវ​គឺរវាង​តែ​កូរ៉េខាងជើង​ជាមួយ​អាមេរិក​ ហេតុអ្វីបានជា​បារាំង​ចេះមកចេញ​មុខ​លូកលាន់ អោយបញ្ហា​រាលដាល​ដល់​អឺរ៉ុបដែរ? ម្សិលមិញនេះ លោក​រី តុកសុន ធ្វើការ​ខាង​​​​​​នាយកដ្ឋាន​អឺរ៉ុប នៅ​ក្រសួង​ការបរទេស​​កូរ៉េខាងជើង រិះគន់​បារាំងថា “មេដឺកនាំ​បារាំង​​គិតតែ​នាំគ្នាប្រកាសអាសន្ន​ មិនសមហេតុផល ​ទាក់ទង​​​រឿង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង។ បើ​អាវុធ​នុយក្លេអ៊ែរ​មិនល្អ អញ្ចឹងបារាំង​ត្រូវ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​​ដែរទៅ បើ​បារាំង​មិនទទួលការគំរាម​ពី​អ្នកណា​ផងនោះ” !

អាល្លឺម៉ង់​ចង់​បាន​ដំណោះស្រាយ​​ការចរចា​​ការទូត យកគំរូ​តាម​​កិច្ចព្រមព្រៀងអ៊ីរ៉ង់

ខាង​អាល្លឺម៉ង់​ ប្រមុខដឺកនាំអង់ហ្កឺឡា ​​មែរគែល​ យល់ស្រប​តាមចិន​ដែលចង់​បាន​ដំណោះស្រាយ​តាមបែបការទូត។ ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ទើប​នឹង​និយាយ​រឿង​កូរ៉េខាងជើង​ជាមួយ​លោកស្រី​មែរគែល ហើយ​មេដឺកនាំ​ទាំង២​ក៏​បង្ហាញ​ជំហរ​​ដោះស្រាយ​​បញ្ហា​កូរ៉េខាងជើង ​តាមបែប​ការទូត​ដែរ។ លោកស្រី​មែរគែល​ប្រាប់ថា បើ​មាន​ការអញ្ជើញ​អោយ​អាល្លឺម៉ង់​ចូលរួម​ក្នុង​ការចរចា​រឿងកូរ៉េ​ លោកស្រី​នឹង​ឆ្លើយ​យល់ព្រមភ្លាម។​ លោកស្រី​មែរគែល បាន​បង្ហាញ​បំណងដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ដោយ​យកគំរូតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​អ៊ីរ៉ង់​សម្រេច​បាន​ជាមួយ​ប្រទេស​មហាអំណាច កាលពី​ឆ្នាំ​២០១៥ តំរូវអោ​យអ៊ីរ៉ង់​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ។​ ជាថ្នូរ សហគមន៍​អន្តរជាតិ​ដកទណ្ឌកម្ម​ពី​អ៊ីរ៉ង់​។ បើ​ធ្វើដូចគ្នា គឺថា កូរ៉េខាងជើង​ត្រូវបន្ថយ​កម្មវិធី​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការព្យួរ​ទណ្ឌកម្ម​ដែរ។ សម្រាប់​អាល្លឺម៉់ង់ ត្បិតថា ការចរចា​ការទូត​នេះប្រើពេល​យូរ ប៉ុន្តែវា​ជា​ដំណោះស្រាយ​ល្អគ្រាន់បើ​ដែរ ជាជាង​ប្រជែង​មុខយក្ស​ជាមួយ​កូរ៉េខាងជើង។

ដោយឡែក ការដែល​​​​​អង្គការ​សហប្រជាជាតិដាក់ទណ្ឌកម្មលើ​ក្រុងព្យុងយ៉ាង​៧លើក​មកហើយ ក៏​ដើម្បី​ជំរុញអោយ​មានការ​ចរចា​ដែរ។ អង្គការ​សហប្រជាជាតិ​បានឃើញ​គំរូ​ពង្រឹងទណ្ឌកម្ម​បែបនេះ ​ផ្តល់​ផលវិជ្ជមា​ន​ជាមួយ​ប្រទេស​ដូចជា​អ៊ីរ៉ង់​ និង​អាហ្វ្រិក​ខាងត្បូង​នេះហើយ។ ​​​

អាមេរិកបាន​ដាក់សំណើទណ្ឌកម្ម​ថ្មីលើ​ក្រុងព្យុងយ៉ាង ​​​ចង់​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​សំណើ​នេះ ​​ថ្ងៃចន្ទ​ស្អែក១១កញ្ញា​នេះ។ ប៉ុន្តែ​ មិនដឹងថា តើ​ចិន​និង​រុស្ស៊ី​ចេញ​វេតូ​ជំទាស់ រឺ​យ៉ាងណាទេ។ ​ចិន​និង​រុស្ស៊ីឃើញថា ទណ្ឌកម្ម​៧លើក​មកហើយ ក៏​មិននៅតែ​មិនអាច​​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ដដែល។ សំណើ​ដាក់ទណ្ឌកម្ម​ថ្មីរបស់អាមេរិក​លើកនេះ ដូចជា​កាន់តែ​ធ្ងន់ សម្រាប់លោកគឺម ជុងអ៊ុន។ ​ជាសំណើ​គ្រោង​ដាក់​ទណ្ឌកម្ម​លើផ្នែកប្រេង បង្កក​ទ្រព្យសម្បត្តិ​លោក​គឹម ជុងអ៊ុន ​បញ្ជូន​ពលករ​កូរ៉េខាងជើង​ទៅស្រុកកំណើតវិញ ហាម​ការនាំចូល​សម្លៀកបំពាក់​កូរ៉េខាងជើង ហើយ​ក៏អាច​មាន​ការត្រួតពិនិត្យ​កប៉ាល់​ផ្សេងៗ​ដែល​ជាប់​សង្ស័យ​ផងដែរ។ ​​​ចិន​និង​រុស្ស៊ី​យល់ស្រប​តែ​លើ​ចំណុច​ហាមការនាំចូល​​សម្លៀកបំពាក់​​​ប៉ុណ្ណោះ។ យោងតាម​​មន្ត្រីការទូត ចិន​និង​រុស្ស៊ី​អាច​បារម្ភ​ថា បើដាក់​​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ កូរ៉េខាងជើង​​អាច​នឹង​ដុនដាប​ដោយសារ​ប្រឈម​នឹង​ជនភៀសខ្លួនកាន់តែ​ច្រើន។ តាមប្រភព​ព័ត៌មាន​មិនបញ្ចេញ​ឈ្មោះ​ ពេលនេះ ​អាមេរិក​ក៏ប្រហែល​ជា​បន្ធូរ​សំណើ​ថ្មី​នេះទៅវិញ​​បន្តិចដែរ អាច​បន្ធូររឿង​​​ប្រេង និង​ការត្រួតកប៉ាល់​សង្ស័យ​តាមសមុទ្រ។

ដោយឡែក ​លោក​គឺម ជុងអ៊ុន មិនបានខ្វល់​ទណ្ឌកម្ម​អ្វីទេ។ លោកគឺម បាន​​សុំអោយ​ក្រុម​ស្រាវជ្រាវកូរ៉េខាងជើង​​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​​ ដើម្បី​អោយ​កូរ៉េខាងជើង​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរពេញលេញ។ ថ្មីៗនេះ ​លោក​គឺម ជុងអ៊ុន​​បានអបអរ​ជោគជ័យ​នៃ​ការសាកល្បងនុយក្លេអ៊ែរ​លើកទី៦របស់​កូរ៉េខាងជើង​ ​ហើយ​បានទាំង​រៀបចំ​ជប់លៀង​អោយ​ក្រុមស្រាវជ្រាវ​ជាតិកូរ៉េខាងជើង​ទៀតផង។ ​​ ​

​អង្គការ​សហប្រជាជាតិ៖កាន់តែ​ដាក់​​​ទណ្ឌកម្មលើ​កូរ៉េខាងជើង​ កូរ៉េខាងជើង​​កាន់តែ​​បង្វែរ​ទណ្ឌកម្ម​​

ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​ដាក់​លើ​កូរ៉េខាងជើង​ច្រើនលើក​មកហើយ តែ​កូរ៉េខាងជើង​​នៅតែ​អាច​បញ្ចេញ​ទំនិញ​លក់ទៅក្រៅស្រុក រកចំណូល​មក​អភិវឌ្ឈន៍​កម្មវិធី​នុយក្លេអ៊ែរ។ ​បើ​យោងតាម​របាយការណ៍​​ស៊ើបអង្កេតរបស់​​អង្គការ​សហប្រជាជាតិ ​ចុះផ្សាយ​ចុងសប្តាហ៍​នេះ ​​កូរ៉េខាងជើង​បង្វែរ​ទណ្ឌកម្ម​អង្គកា​រសហប្រជាជាតិច្រើនដង​មកហើយ។ ក្រុងព្យុងយ៉ាង​ប្រើប្រទេស​ទី៣ អោយជួយ​បញ្ចេញ​ផលិតផល​ក្នុងស្រុក​ ទៅលក់​នៅ​បរទេស។​ ​​​ក្រុមជំនាញ​អង្គការ​សហប្រជាជាតិ​បាន​ស៊ើបអង្កេត​លើ​កូរ៉េខាងជើង ពីខែកុម្ភៈ​ដល់​ខែ​សីហា​កន្លងទៅ។ ក្នុង​រយៈ​ពេលនេះ ក្រុមស៊ើបអង្កេត​រកឃើញថា ​កូរ៉េខាងជើង​​បាន​ប្រើ​ប្រទេស​ផ្សេងៗ​ជា​អន្តរការី ជួយនាំចេញ​ទំនិញ ទៅក្រៅស្រុក​ ធ្វើអោយ​​​រដ្ឋ​កូរ៉េខាងជើងរកចំណូល​បាន​​យ៉ាងហោច​ក៏​២៧០លាន​ដុល្លារ ដែរ ពីខែ​កុម្ភៈ​ដល់​ខែ​សីហា​កន្លងទៅ។ ​​​​

អង្គការ​សហប្រជាជាតិ​សង្ស័យ​ថា​ ស៊ីរី និង​ប្រទេស​អាហ្វ្រិក​មួយចំនួន​អាច​ជាប់ ពាក់ព័ន្ធ ថា ជួយ​កូរ៉េខាងជើង។ ក្រុមជំនាញ​អង្គការ​សហ​ប្រជាជាតិ​​​​លើកឡើងថា ទណ្ឌកម្ម​មានមែន តែ​មិនសូវ​ជា​អនុវត្ត​ត្រឹមត្រូវ​​​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កូរ៉េខាងជើង

    វិបត្តិ​​កូរ៉េខាងជើង៖​លោក​ស៊ី ជីនពីង​ សុំអោយ​​លោក​​ម៉ាក្រុង​​ចូលរួមដោះស្រាយ​​​​ភាព​​​​តានតឹង​​​​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    នុយក្លេអ៊ែរកូរ៉េខាងជើង៖​លោក​ស៊ី ជីនពីង និង​លោក​ដូណាល់ ត្រាំ​បន្ត​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណាត់​ការ​លើ​លោក​គីម ជុងអ៊ុន

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    វិបត្តិ​កូរ៉េ​ខាងជើង៖ ​​ផ្លូវដើរ​​ណា​ខ្លះ ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​នីមួយៗ?

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង

    ប្រទេស​មហា​អំណាច​ និយាយ​មិនត្រូវ​គ្នា ​រឿង​ដំណោះ​ស្រាយ​វិបត្តិ​កូរ៉េ​ខាង​ជើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ