អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុបត្រូវការចិនច្រើនជាងចិនត្រូវការអឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​ជាមួយវិបត្តិបំណុលសាធារណៈ ​កំណើនសេដ្ឋកិច្ចថមថយ និងការធ្លាក់ចុះនៃសាមគ្គីភាពរវាងគ្នានិងគ្នា បណ្តា​ប្រទេស​សមាជិកសហគមន៍អឺរ៉ុប នឹង​ត្រូវការចិនច្រើនជាងចិនត្រូវការខ្លួន​ នា​ពេល​ខាងមុខ។

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង ពេល​ជួប​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៦ វិច្ឆិកា ២០១៩
លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង ពេល​ជួប​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៦ វិច្ឆិកា ២០១៩ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

អំឡុង​ដើម​ខែវិច្ឆិកានេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោមការដឹកនាំ​របស់ ​លោក​ស៊ី ជីនពីងបាន​ទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង។ កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិក រវាងប្រទេស​​ទាំងពីរ​ត្រូវ​សម្រេច​ឡើង ខណៈ​ ចិន​ប្រកាស​សន្យា​បើកចំហ​ទីផ្សារ ឱ្យ​កាន់តែច្រើនបន្ថែមទៀត ​ទៅកាន់​​បារាំង​ និងសហគមន៍​អឺរ៉ុប​។

ក្រោយមក តាមរយៈគេហទំព័រFacebookផ្លូវការរបស់​ខ្លួន ពីទីក្រុងសៀងហៃ លោក ម៉ាក្រុង បាន​សរសេរ​ថា “សព្វថ្ងៃនេះក៏ដូចកាលពីម្សិលមិញ ប្រទេសចិនត្រូវការការបើកចំហ​ទៅកាន់ពិភពលោក ខណៈពិភពលោកក៏ត្រូវការការបើកចំហរបស់ចិនដូចគ្នាដែរ” (Aujourd’hui comme hier, la Chine a besoin de son ouverture au monde comme le monde a besoin de son ouverture)។

ទោះជាយ៉ាងណា សម្រាប់ធាតុពិតជាក់ស្ដែង ទៅថ្ងៃខាង​មុខ បារាំង ឬ​ក៏​អឺរ៉ុបខ្លួនឯងទេ ដែល​នឹង​ត្រូវការពឹងពាក់​ចិន​ ច្រើន​ជាងចិន​ត្រូវ​ការពឹងពាក់អឺរ៉ុប។ តើ​មក​ពីមូលហេតុអ្វី?

អំឡុង​ឆ្នាំ​២០០៨ ទ្វីបអឺរ៉ុប​ទាំងមូល ត្រូវ​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង ពី​វិបត្តិ​ហិរញ្ញវត្ថុសកល។ ក្រោយមក វិបត្តិផ្សេង​ៗរួមមាន វិបត្តិ​ប្រាក់​​អ៊ឺរ៉ូ និង​វិបត្តិ​បំណុលសាធារណៈ បានកើតមាន​ឡើង និង​នៅ​បន្តជះឥទ្ធិពលអាក្រក់ លើ​តំបន់​មួយ​នេះ។

គេ​មិន​ត្រូវ​ភ្លេចទេថា អំឡុងវិបត្តិ​​ហិរញ្ញវត្ថុសកល ចិន​ជា​ប្រទេស​ធំតែមួយ​គត់​ ដែល​មាន​គ្រឹះសេដ្ឋកិច្ចរឹងមាំជាងប្រទេស​ណាៗទាំងអស់​លើពិភពលោក និង​អាច​ប្រឈម​ជាមួយ​វិបត្តិបាន​យ៉ាង​ល្អ។ អំឡុង​ពេល​នោះ កំណើនសេដ្ឋកិច្ច​ចិន ជា​ប្រភពនៃ​កំណើនសេដ្ឋកិច្ចសកល។ រដ្ឋាភិបាល​​​ចិន​ បាន​ចំណាយលុយយ៉ាងច្រើន ដើម្បីទិញមូលបត្របំណុល ពីបណ្តា​ប្រទេស​អឺរ៉ុប ដែល​វា​ជា​មូលហេតុ​យ៉ាងចម្បង​ រុញ​ច្រាន​ឱ្យ​សេដ្ឋកិច្ច​ ក្នុង​តំបន់​អឺរ៉ុបមាន​ស្ថិរភាព។

ក្រៅពី​បញ្ហាកំណើន​សេដ្ឋកិច្ច និង​បញ្ហា​បំណុលសាធារណៈ បណ្តាប្រទេស​អឺរ៉ុប​ផ្សេងៗ ជាពិសេស​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​នៅឡើយ ក្រោយ​អំឡុង​វិបត្តិ​ រួមមាន​ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ និង​ក្រិក ត្រូវការយ៉ាង​ចាំបាច់​ សម្រាប់​ពេល​បច្ចុប្បន្ន នូវ​ការវិនិយោគបរទេស ក្នុងទំហំទឹកប្រាក់យ៉ាងច្រើន។ ក្នុងស្ថានភាពបែប​នេះ គ្មាន​ប្រទេស​ណា ដែល​មាន​សក្តានុពល​ ដូចប្រទេសចិន​នោះទេ ព្រោះចិន​បច្ចុប្បន្ន មាន​ទាំងសមត្ថភាពបច្ចេកទេស ថវិកា និងបច្ចេកវិទ្យា។​

ត្រង់ចំណុចនេះហើយដែល​គេអាច​អង្កេតឃើញជារឿយៗ ប្រទេស​អឺរ៉ុបទាំងនេះ តែង​តែមាន​ជំហរទន់ភ្លន់ ក្នុងការប្រាស្រ័យទាក់ទង​ជាមួយ​​ប្រទេស​ចិន​។ ជាឧទាហរណ៍ ការ​បើក​ភ្លើងខៀវសម្រាប់​ការទាក់ទាញការវិនិយោគចិន និងការ​ទទួលយក​ប្រតិបត្តិការ គម្រោង​ 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei។

តើអ្វី​ទៅជាជំហររបស់​ចិន​​នៅថ្ងៃខាងមុខ? ផ្អែកតាម​អ្នក​ជំនាញទៅថ្ងៃអនាគត គេ​នឹង​អាច​អង្កេតឃើញថា ចិន​នឹង​ព្យាយាម​បង្កើត​ទំនាក់ទំនងទ្វេភាគី ជាមួយបណ្តាប្រទេស​អឺរ៉ុបនានា ជា​ជាងការប្រាស្រ័យទាក់ទងដោយ​ផ្ទាល់​ជាមួយ​សហគមន៍អឺរ៉ុបទាំងមូល។

សរុបជារួម ដោយ​សារការ​ធ្លាក់​ចុះ​នៃសាមគ្គីភាពក្នុងសហគមន៍អឺរ៉ុប ខណៈ​បណ្តាប្រទេសសមាជិកអឺរ៉ុប​នីមួយៗត្រូវការចិន​​ច្រើនជាង​ចិន​ត្រូវការ​ខ្លួន នុ៎ះទំនាក់ទំនងទ្វេភាគីនឹង​អាច​កើតមានឡើង៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ