អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណៈកម្មការ​អឺរ៉ុប ​ជា​ផ្ទាំង​ស៊ីប​ភេរវកម្ម​ជីហាតមក​ពី​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

​គម្រោង​​ភេរវកម្ម​ជីហាតនៅ​អឺរ៉ុប​​ជា​ច្រើន ទំនង​ជា​ត្រូវ​បាន​អាជ្ញាធរ​បែលហ្សិក​កម្ចាត់​ទាន់​ពេល​វេលា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្នុង​នោះ​មាន​មួយ​​សំដៅ​វាយប្រហារ​ប្រឆាំង​នឹង​គណៈកម្មការ​អឺរ៉ុប។ នេះ​បើ​តាម​ការ​ប្រភព​ព័ត៌មាន​ហូឡង់។ ជា​ភេរវជន​ដែល​ចាប់​ខ្លួន​បាន​ទំនង​ជា​បាន​រៀប​ចំ​ផែនការ​វាយប្រហារ​​ភេរវកម្ម​ ដោយ​ការ​បាញ់​រះ​សម្លាប់​ជីវិត​មនុស្ស​ឱ្យ​បាន​ច្រើន​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពោល​គឺ​មានទម្រង់​ស្រដៀង​នឹង​ភេរវកម្ម​នៅ​មុខ​សារៈមន្ទីរ​ជនជាតិ​ជីហ្វ នា​ទីក្រុង​ព្រុចសែល កាលពី​ខែ​ឧសភា​កន្លង​ទៅ។

​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក
​ទីស្នាក់ការ​គណៈកម្មការ​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​បែលហ្ស៊ិក បាន​បញ្ជាក់​ព័ត៌មាន​នេះ​ភ្លាម​នៅ​ល្ងាច​មិញ ថា​ពិត​ជា​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ភេរវកម្ម​​ជីហាត​ប្រឆាំង​នឹង​គណៈកម្មការ​អឺរ៉ុប​មែន​ និង​បាន​ចាប់​ខ្លួន​​​ភេរវជន​សង្ស័យយ៉ាង​ហោច​ណាស់​​ពីរ​នាក់​មក​ពី​ក្រុង​ឡាអេ​ប្រទេស​ហូឡង់ ដើម​កំណើត​តួកគី ជា​ជីហាត​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​។ ប៉ុន្តែ​នៅ ព្រឹក​ថ្ងៃនេះ គេ​ពុំ​ឃើញ​មាន​ការ​ពង្រឹង​សុវត្ថិភាព​អ្វី​ពិសេស​នៅ​ជុំ​វិញ​ទីស្នាក់ការ​គណៈកម្មការអឺរ៉ុប​ទេ។

 
ភេរវកម្មជីហាត​សម្លាប់​មនុស្ស​ឱ្យ​បាន​ច្រើន
 
បើ​តាម​​ព័ត៌មាន​ផ្តល់​ដោយ​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​ហូឡង់ ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ដែល​ទើប​ត្រលប់​មកពី​​ធ្វើ​ជា​ជីហាត​នៅ​ស៊ីរី បាន​រៀប​ចំ ផែនការ​វាយប្រហារ​ភេរវកម្ម​ មិន​មែន​សំដៅ​លើ​បុគ្គល​ជា​តំណាង​គណៈកម្មការ​អឺរ៉ុប​ណា​ម្នាក់​​ឱ្យ​ពិត​ប្រាកដ​ទេ !  តែ​កម្មវត្ថុ​គឺ​ត្រូវ​​សម្លាប់​មនុស្ស​ឱ្យ​បាន​ច្រើន​បំផុត គឺ​ដូចភេរវកម្ម​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​មុខ​សារៈ​មន្ទីរ​ជនជាតិ​ជីហ្វ នៅ​ទីក្រុង​ព្រុចសែល កាលពី​ខែ​ឧសភា​។ ភេរវកម្ម​ដែល​កាល​ណោះបាន​ផ្តាច់ជីវិត​មនុស្ស​អស់​បួន​នាក់ និង​​​ទំនង​ជា​ស្នាដៃ​របស់​ភេរវជន​ ម៉េឌី នេម៉ូស ជា​ជនជាតិ​បារាំង ធ្លាប់​បម្រើ​ការ​ជា​ជីហាត​ ​ជា​ឆ្មាំគុក នៅ​ស៊ីរី។ ​

តាមការ​ពិត​មាន​មនុស្ស​ជា​ច្រើន​នាក់ផ្សេង​​ទៀត​ ត្រូវ​ចាប់​ខ្លួន​បាន តែ​អាជ្ញាធរ​បែលហ្ស៊ិកបាន​លាក់​ព័ត៌មាន​ដោយ​​ចេតនា​មិន​បង្ហើប​បង្ហាញ អំពី​អត្តសញ្ញាណជន​សង្ស័យ អំពី​ផែនការ​និង​ចំណុច​ស៊ីប​ភេរវកម្ម​អ្វី​ទាំង​អស់ ដើម្បី​កុំ​ឱ្យ​សាធារណជន​​​ភ័យ​ជ្រួល​ច្របល់។ ​សូម​បញ្ជាក់​ថា អាគារ​ដែល​ជា​ទីស្នាក់​ការ​គណៈកម្មការ​អឺរ៉ុប​នៅទីក្រុង​ព្រុចសែល ជា​ទីតាំង​មាន​បុគ្គលិក​រាប់​ពាន់​នាក់​ធ្វើ​ការ ខ្លះ​ជា​​មន្ត្រី​ ជា​អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​ និងរបស់​​ប្រទេស​ជា​សមាជិក​ទាំង​២៨។ ម្យ៉ាង​ទៀត​​ព្រុចសែល​ជា​​ក្រុង​ដែល​មាន​ទីស្នាក់​កណ្តាល​អូតង់ និង​ក្រុមហ៊ុន ព្រមទាំង​អង្គការ​អន្តរជាតិ​ច្រើន​តាំង​នៅ​ តែ​បែលហ្ស៊ិក​ជ្រើសរើស ​ប្រើ​វិធានការ​សន្តិសុខបែប​ខ្មូរ​មុខ​និង​ស្ងាត់ៗ។ បើ​តាម​កាសែត ​បែលហ្សិក​ បាន​កម្ចាត់​ផែនការ​ភេរវកម្មជា​ស្នាដៃ​ពួក​សកម្មជន​រដ្ឋ​អ៊ីស្លាម​ជីហាត​បាន​ច្រើន​ករណី​ណាស់​ គ្រាន់​តែ​មិន​បំពង​ព័ត៌មាន​ឱ្យ​ខ្ចរខ្ចាយ​មក​ក្រៅ​ប៉ុណ្ណោះ។​

ពលរដ្ឋ​បែលហ្សិក​៤០០​នាក់​ធ្វើ​ជីហាត​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់

​បែលហ្សិកក៏​ដូច​ជា​បណ្តា​ប្រទេស​ក្នុង​អឺរ៉ុប​​ផ្សេង​ទៀត សុទ្ធ​តែព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ចំនួន​ពលរដ្ឋ​ទៅ​ធ្វើ​ជីហាត​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​​ដូច​គ្នា។ ចំនួន​ជនជាតិ​បែលហ្ស៊ិក​រត់​ចូល​ធ្វើ​ជា​យុទ្ធជន​ប្រយុទ្ធ​តស៊ូ​ដើម្បី​បុព្វហេតុ​សាសនា​នៅ​ស៊ីរីនិង​អ៊ីរ៉ាក់​ មាន​ប្រមាណ​៤០០​នាក់ តិច​ជាង​ពាក់​កណ្តាល​បើ​ប្រៀប​ទៅ​នឹង​បារាំង តែ​បើនិយាយ​ពី​​អត្រា​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ស្រុក​វិញ គឺ​បែលហ្សិក​នាំ​មុខ​បារាំង​ឆ្ងាយ​ណាស់។ នៅ​ក្នុងចំណោម​​ពលរដ្ឋ​៤០០​នាក់​ ប្តូរ​ខ្លួន​ទៅ​ជាជីហាត មាន​៩០​នាក់ បាន​ត្រលប់មក​ប្រទេស​វិញ។ ជា​ទូទៅ​នៅ​ពេល​ត្រលប់មក​វិញ ពួក​ជីហាត​ កាន់​តែ​ដាច់ខាត កាន់​តែ​មាន​គំនិត​សង​សឹក​កាន់​ខ្លាំង​ ក្លាយ​ជាគ្រោះ​ថ្នាក់​សម្រាប់​ជាតិ និង​​សម្រាម​ក្នុង​ភ្នែក​ភ្នាក់ងារ​ស៊ើបការណ៍​។

ពង្រីក​សម្ព័ន្ធ​អន្តរជាតិ​នៅ​អង្គ​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ

សង្គ្រាម​ស៊ីវិល​នៅស៊ីរី និងវិបត្តិ​នៅ​​អ៊ីរ៉ាក់ ​នេះ​បាន​ក្លាយ​ជា​ដី​ដ៏​មាន​ជីរជាតិ​សម្រាប់​បណ្តុះ​គំនិត​ជីហាត និង​ជ្រុល​និយម​ ឱ្យ​ដុះ​លូត​លាស់​ពេញ​​​ពិភពលោក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​បារ៉ាក់​អូបាម៉ា បាន​ប្រកាស​នៅល្ងាចមិញ ថា​នឹង​ពាំនាំ​យក​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​​បរទេស​ (ពលរដ្ឋ​នៃ​ប្រទេស​លោក​ខាង​លិច)​ ចូល​ខ្លួន​ទៅ​បម្រើ​ជីហាតរដ្ឋ​អ៊ីស្លាម​​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ ទៅ​ ពិភាក្សា​ ក្នុង​ជំនួប​ប្រជុំ​ពិសេស​ដឹក​នាំ​ដោយ​រូប​លោក​ផ្ទាល់​ ឱកាស មហាសន្និបាត​ប្រចាំ​ឆ្នាំ​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​នៅ​ទីក្រុង​ញូវយ៉ក​ សប្តាហ៍​ក្រោយ​នេះ។ លោក​អូបាម៉ា​ក៏​គ្រោង​នឹង​ឆ្លៀត​ប្រើ​មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ​នេះ ដើម្បី​ពង្រីក​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម ដើម្បី​រួម​គ្នា​កម្ទេច​ឱ្យ​អស់​ឬសគល់​ជ្រុលនិយម​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ