ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/01 12h00 GMT
អាស៊ី

អូស្ត្រាលី​ជួបភាគីថៃ​ក្រោយ​អ.ស.ប​ ស្នើឲ្យ​ទទួលយក​ជនភៀសខ្លួន​ជនជាតិ​អារ៉ាប៊ីសាអូឌីត

media  
នារីជនជាតិអារ៉ាប៊ីសាអូឌីត និងអាជ្ញាធរថៃ នៅឯសណ្ឋាគារមួយក្នុងបរិមាណព្រលានយន្តហោះសុវណ្ណភូមិ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០១៩។ Thailand Immigration Police via REUTERS ATTENTION EDITORS

នៅថ្ងៃ​ព្រហស្បតិ៍នេះ​ លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ បានជួបពិភាក្សា​ជាមួយនឹង​ភាគីថៃហើយ​ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់ប្រាប់​ឡើយថា​ លោកស្រីលើកយក​ចំណុចអ្វី ខ្លះ​ទៅនិយាយជាមួយ​មន្ត្រីថៃ​នោះទេ។ តែទោះជាយ៉ាងណាក្តី​ ដំណើរ​ទៅកាន់​ប្រទេសថៃ​របស់​ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​នាថ្ងៃនេះ​ ត្រូវគេ​ជឿថា​ធ្វើឡើង​ក្រោយពី​អង្គការសហប្រជាជាតិ​ បានអំពាវនាវឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ទទួលយក​ នារីវ័យក្មេងម្នាក់​ដែល​រត់គេចចេញពី​ប្រទេសអារ៉ាប៊ីសាអូឌីត​ ក្នុងនាមជា​ជនភៀសខ្លួន​។

ក្រោយ​អ.ស.ប​ ស្នើសុំ​ប្រទេសអូស្ត្រាលី​ ឲ្យយល់ព្រម​ទទួលយក​ នារី​អារ៉ាប៊ីសាអូឌីត​ រួចមក​ ភាគីអូស្ត្រាលី​ហាក់បង្ហាញសញ្ញាវិជ្ជមាន​ឆ្លើយតបនឹង​សំណើរនេះ​។ ជាពិសេស​ ក្រោយពីទទួលបាន​សំណើរនេះ​រួចមក​ រដ្ឋមន្ត្រី​ការបរទេសអូស្ត្រាលី​ក៏​ប្រញាប់ប្រញាល់​ ធ្វើដំណើរ​មកជួបពិភាក្សាជាមួយ​ភាគីថៃភ្លាមៗ​តែម្តង​។

ទាក់ទិនរឿងនេះដែរ​ គួរជ្រាបថា​ កាលពីប៉ុន្មានថ្ងៃមុន​ អាជ្ញាធរថៃ​ ធ្លាប់បាន​គម្រាមថា​ នឹងបញ្ជូនខ្លួន​នារី​អារ៉ាប៊ីសាអូឌីត​ ទៅកាន់​ប្រទេសអារ៉ាប៊ីសាអូឌីត​វិញ​ បើទោះជា​មន្ត្រីទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំទីក្រុងបាងកក​ និយាយថា​ខ្លួនមិនបាន​ទាមទារឲ្យ​រដ្ឋាភិបាលថៃ​ធ្វើដូច្នោះ​យ៉ាងណាក្តី​។

ក៏ប៉ុន្តែ​ ដោយសារ​រឿងនេះ​មានការចាប់អារម្មណ៍ពី​មនុស្សទូទាំងពិភពលោក​ និង​ស្របពេល​ដែល​មានការស្នើសុំពី​សាម៉ីខ្លួនផងនោះ​ ប៉ូលិសថៃ​ក្រោយមក​ក៏ប្រកាសថា​មិនចាប់បង្ខំបញ្ជូនខ្លួន​នារីអារ៉ាប៊ីសាអូឌីត​ ទៅ​ប្រទេសកំណើតវិញឡើយ​ និងបាន​ប្រគល់រូបនាង​ឲ្យស្ថិតនៅ​ក្រោមការ​គាំពារ​របស់​ ឧត្តមស្នងកា​រអ.ស.ប​ ទទួល​បន្ទុក​ជនភៀសខ្លួន​ ប្រចាំនៅ​ទីក្រុងបាងកកវិញ​។

រហូតមកដល់​ល្ងាចថ្ងៃព្រហស្បតិ៍នេះ​ មន្ត្រីអូស្ត្រាលី​មិនទាន់បាន​បញ្ចេញសារ ​ជាលក្ខណៈ​ផ្លូវការណាមួយ​នៅឡើយទេ​ ថាយល់ព្រមទទួល​នារីជនជាតិអារ៉ាប៊ីសាអូឌី​ត គឺ​នាងអា​ល់គូណាន់​ ឲ្យស្នាក់នៅ​ក្នុងទឹកដី​នៃប្រទេសអូស្ត្រាលី​ នោះ​។

តែទោះជាយ៉ាងណាក្តី​ គេជឿថា​ពេល​ជួបចរចា​ជាមួយនឹង​មន្ត្រីថៃ​ ក្រៅតែពី​ចរចារ​សំណុំរឿង​ផ្តល់សិទ្ធិជ្រកកោន​ដល់​ នារីអារ៉ាប៊ីសាអូឌីត​ រដ្ឋមន្ត្រី​ការបរទេសអូស្ត្រាលី​ លោកស្រី​ Marise Payne​ អាច​នឹង​ខិតខំ​បញ្ចុះបញ្ចូលអាជ្ញាធរថៃ​ ឲ្យដោះលែង​បុរសម្នាក់ទៀត​ ដែលជា​អតីតកីឡាករបាល់ទាត់​ជាតិ​បារ៉ែន​ ឈ្មោះ​ Alaraibi​។  

សូមរឮកជូនថា​ លោកAlaraibi​ ត្រូវបាន​អូស្ត្រាលី​ផ្តល់សិទ្ធិជ្រកកោន​ ក្នុងនាម​ជាជនភៀសខ្លួន​ នៅគ្រាកន្លងមក​ គឺ​បន្ទាប់ពី​លោក​រត់ភៀសខ្លួនចេញពី​ការបង្ក្រាបទៅលើ​ចលនាបដិវត្តន៍​ផ្ការីកអារ៉ាប់​ the Arab Spring នៅក្នុង​ប្រទេសបារ៉ែន​។ លោក Alaraibi ត្រូវបាន​ប៉ូលិសថៃចាប់ឃុំខ្លួន​ កាលពីខែវិច្ឆិកា​ ឆ្នាំមុន​ ខណៈដែល​រូបលោក​និងភរិយា​កំពុង​ធ្វើតែដំណើរកំសាន្ត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ