ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

អូស្ត្រាលី​ បញ្ជូនកុមារ​ដែលជាជនភៀសខ្លួន​ ចេញពី​ជំរុំ​នៅប៉ាស៊ីហ្វិក​

media នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្កុត ម៉ូរីសុន ©AAP/Mick Tsikas/via REUTERS

នាយក​រដ្ឋមន្ត្រីអូស្ត្រាលី​ លោកស្កុត​ ម៉ូរីសុន​ បាននិយាយ​នៅថ្ងៃអាទិត្យ​ ទី៣​ កុម្ភៈ​ ឆ្នាំ២០១៩​ នេះថា​ ក្រុម​កុមារ​សេសសល់​ចុងក្រោយគេ​ ដែល​រស់នៅ​ក្នុងជុំរំ​ នៅឯកោះ​”ណូរូ”Nauruកំពុង​ត្រូវបាន​អាជ្ញាធរ​អូស្ត្រាលី​ រៀបចំ​បញ្ជូនខ្លួន​ ទៅកាន់​សហរដ្ឋអាមេរិក​ហើយ​។ ការប្រកាស​ របស់​នាយករដ្ឋមន្ត្រីអូស្រ្តាលី​នេះ​ ត្រូវគេជឿថា​ ធ្វើឡើង​បន្ទាប់ពី​មានការរិះគន់យ៉ាងចាស់ដៃ​ ចំពោះ​គោលនយោបាយ​ដ៏តឹងរឹង​ និង​សែនលំបាក​ របស់​ទីក្រុង​កង់បេរ៉ា​ ទៅលើជនភៀសខ្លួន​ ដែលក្នុងនោះ​មានទាំង​កុមារតូចៗផងដែរ​។

នៅពេលបច្ចុប្បន្ននេះ​ កុមារ​ដែល​ជា​ជនភៀសខ្លួន​ រស់នៅក្នុងជំរុំកោះណូរូ​ នៅសល់តែ៤​ នាក់ទៀត​ប៉ុណ្ណោះ​។ អាជ្ញាធរអូស្ត្រាលី​ បាន​សម្រេច​អនុញ្ញាត​ ឲ្យពួកគេ​ទៅរស់នៅ​ក្នុងប្រទេ​សអាមេរិក​ ជាមួយនឹង​ក្រុមគ្រួសារ​ របស់ពួកគេហើយ​។ នេះ​ គឺជា​ការលើកឡើង​ របស់លោកនាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ូរីសុន​ ដោយបានបន្ថែមថា​ កុមារៗ​ដែលរស់នៅ​ក្នុងជំរុំ​កោះណូរូ​ មាន​ចំនួនសរុប​ ១០៩ នាក់​ ហើយ​ពួកគេទាំងអស់​ ត្រូវបាន​បញ្ជូនចេញពី​កោះអស់ហើយ​។

សូមជម្រាបជូនថា​ អូស្ត្រាលី​មានគោលនយោបាយ​ រឹងតឹងខ្លាំងណាស់​ ចំពោះជនភៀសខ្លួន​ ដែល​ចង់ស្វែងរកសិទ្ធិជ្រកកោន​ នៅក្នុងប្រទេស​។ មិនតែប៉ុណ្ណោះ​ នៅគ្រាកន្លងមក​ ដើម្បីរារាំង​ ជនភៀសខ្លួន​ កុំឲ្យ​ធ្វើដំណើរ​ចូលក្នុងទឹកដីអូស្ត្រាលី​ តាមរយៈ​ការជិះទូកបាន​ រដ្ឋាភិបាល​ក្រុងកង់បេរ៉ា​ បានព្យាយាម​បញ្ជូនជនភៀសខ្លួនទាំងឡាយ​ ឲ្យទៅរស់នៅក្នុង​ ជំរុំភៀសខ្លួន​លើកោះណូរូ​។ ណូរូ​ ជាដែនកោះ​យ៉ាងដាច់ស្រយាល​ ស្ថិតនៅក្នុង​តំបន់ប៉ាស៊ីហ្វិក​។

ក៏ប៉ុន្តែ​ ដោយសារតែ​មានផ្ទុះការរិះគន់​ខ្លាំង​ ទាំងនៅក្នុងស្រុក​ និង ក្រៅស្រុក អំពី​គោលនយោបាយ​ទៅលើជនភៀសខ្លួន​ ទើប​រដ្ឋាភិបាលអូស្ត្រាលី​ ចាប់ផ្តើម​បន្ទន់ឥរិយាបថ​ និងស្វះស្វែង​រកវិធី​បញ្ជូនជនភៀសខ្លួន​ ជាពិសេស​កុមារ​ចេញពីកោះណូរូ​។

តែទោះជាយ៉ាងណាក្តី​ ឆ្លើយតបនឹង​មតិរះគន់​នេះដែរ​ អាជ្ញាអូស្ត្រាលី​ ថា​គោលនយោបាយ​ទាក់ទងនឹងជនភៀសខ្លួន​ របស់រដ្ឋាភិបាល​ គឺដើម្បី​រារាំងកុំឲ្យ​ជនភៀសខ្លួន​ ធ្វើដំណើរតាមសមុទ្រ ដែល​ប្រកបទៅដោយ​គ្រោះថ្នាក់បន្តទៀត​។

គួរជ្រាបថា​ នៅគ្រាកន្លងមក​ មានរបាយការណ៍​ជាច្រើនបញ្ជាក់ថា​ ជនភៀសខ្លួន​ដែលជាប់ឃុំឃាំង​នៅលើកោះណូរូ​ បានជួបប្រទះនឹង​បញ្ហាសុខភាពធ្ងន់ធ្ងរ​ ដោយសារ​តែលក្ខខណ្ឌ​រស់នៅ​ នៅទីនោះ​មានសភាពមិនល្អ​។

ធ្ងន់ធ្ងរជាងនេះទៅទៀត​ អ្នកកាសែត​របស់ទីភ្នាក់ងារ​ព័ត៌មានបារាំង​ AFP​ដែលបានទៅឃើញ​ ស្ថានភាពរស់នៅ​ផ្ទាល់​របស់ជនភៀសខ្លួន​នៅលើកោះណូរូ​ បានរាយការណ៍ថា​ លក្ខខណ្ឌរស់នៅ​ដ៏សែនយ៉ាប់យ៉ឺន​ បានធ្វើឲ្យ​ក្រុមជនភៀសខ្លួនមួយចំនួន​ មានវិបត្តិផ្លូវចិត្ត​។ មួយវិញទៀត​ ក្រុមគ្រួសារ​ជនភៀសខ្លួនខ្លះ​ ថែមទាំងបារម្ភខ្លាច​ សមាជិកគ្រួសារ​របស់ពួកគេ​ ធ្វើអត្តឃាតទៀតផង​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ