បក្សប្រឆាំងអូស្ត្រាលី ទំនងជាឈ្នះការបោះឆ្នោតសភានាអាណត្តិនេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៨
អូស្ត្រាលីដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយដ៏ធំក្នុងពិភពលោក កំពុងរៀបចំការបោះឆ្នោតសភានាថ្ងៃសៅរ៍ ទី១៨ ឧសភានេះ។ ប្រជាពលរដ្ឋអូស្ត្រាលីជាច្រើនលាននាក់ បានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងសភា ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។ រហូតមកដល់ពេលនេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតនៅមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ។ តែទោះជាយ៉ាងនេះក្តី បើយោងទៅតាមការស្ទង់មតិបឋមបង្ហាញឲ្យដឹងថា គណបក្សប្រឆាំងដែលគេស្គាល់ឈ្មោះថា គណបក្សពលករ ជាអ្នកនាំមុខក្នុងការប្រកួតប្រជែងការបោះឆ្នោតនាអាណត្តិនេះ។
ព្រឹត្តិការណ៍នៃការបោះឆ្នោតសភាលើកទី ៤៦ របស់អូស្ត្រាលី
គ្រប់ការបោះឆ្នោតសភានៅអូស្ត្រាលី តែងតែត្រូវបានគេរៀបចំឡើងនៅថ្ងៃសៅរ៍ ហើយសម្រាប់ការបោះឆ្នោតនៅអាណត្តិនេះ គឺគេរៀបចំនៅថ្ងៃសៅរ៍ ទី ១៨ ឧសភានេះ។
នៅថ្ងៃនេះដែរ គេឃើញគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ត្រូវបានបើកទ្វារ នៅខ្ទង់ចន្លោះវេលាម៉ោង ៨ ព្រឹក និងបិទវិញនៅខ្ទង់ម៉ោងប្រមាណ ៦ល្ងាច ម៉ោងនៅក្នុងប្រទេសអូស្ត្រាលី ។ មណ្ឌលបោះឆ្នោត មានទីតាំងនៅតាមសាលារៀន ព្រះវិហារ ឬអគារសហគមន៍ផ្សេងៗទៀត។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រជាជនអូស្ត្រាលីដែលគ្រប់អាយុបោះឆ្នោត ពោលគឺរាប់ចាប់ពីអាយុ ១៨ ឆ្នាំ ចំនួនមិនលើសពី ១៧ លាននាក់ទេដែល បានចេញទៅបោះឆ្នោត។ អត្រានេះស្មើនឹងប្រមាណជា ៧៥ ភាគរយ នៃចំនួនប្រជាជនសរុបទាំងអស់ ដែលមានចំនួនរហូតដល់ប្រមាណជាង ២៥ លាននាក់។
ចាប់តាំងពីព្រឹក រហូតដល់ល្ងាចថ្ងៃសៅរ៍នេះ គេសង្កេតឃើញថាការបោះឆ្នោតសភានៅក្នុងប្រទេសអូស្ត្រាលី ប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ មិនមានហេតុការណ៍ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយត្រូវបានគេរាយការណ៍នោះទេ។
នីតិវិធីនៃការបោះឆ្នោតសភាអូស្ត្រាលី និងគណបក្សនយោបាយ
ការបោះឆ្នោតសភានៅអូស្ត្រាលី ប្រព្រឹត្តទៅជារៀងរាល់ ៣ ឆ្នាំម្តង ហើយក្នុងអំឡុងពេលនេះ ប្រជាជនអូស្រ្តាលីអាចប្រើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីជ្រើសរើសសមាជិកសភា និងព្រឹទ្ធសភា ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនបាន។
សូមបញ្ជាក់ជូនដែរថា កៅអីសភាតំណាងរាស្ត្រអូស្ត្រាលីសរុបមានចំនួន១៥០ កៅអី និងកៅអីសមាជិកព្រឹទ្ធសភាវិញមានចំនួន ៧៦ កៅអី ហើយដើម្បីទទួលបានសំឡេងភាគច្រើននៅសភា គណបក្សនយោបាយមួយ ត្រូវធ្វើយ៉ាងណាទទួលបានកៅអីសភាចំនួន ៧៦ ។
បើងាកមកនិយាយពី គណបក្សនយោបាយដែលចូលរួមក្នុងការប្រកួតក្នុងការបោះឆ្នោតនេះវិញ គេសង្កេតឃើញថា គណបក្សតូចៗចំនួនប្រមាណ ៨ ចូលរួមប្រកួតប្រជែង ក៏ប៉ុន្តែមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ ដែលគេជឿថាអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលបានការគាំទ្រ និងឈានដល់ការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសនាអាណត្តិនេះបាន។
ទី១ គឺគណៈបក្សកាន់អំណាច “សេរីនិយម” របស់លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន និងគណបក្សប្រឆាំងដែលកំពុងឡើងកូតខ្លាំងរបស់លោកប៊ីល ហ្ស៊តថែន (Bill Shorten)។ បើតាមការស្ទង់មតិជាបឋម គណបក្សប្រឆាំងរបស់លោក Bill Shortenកំពុងនាំមុខ និងទំនងជាឈ្នះការបោះឆ្នោតសភាលើកនេះទៀតផង។
ហេតុផលដែលធ្វើបក្សប្រឆាំងទទួលបានការគាំទ្រច្រើន
បើយោងតាមការស្ទង់មតិជាបឋមមួយ បានបង្ហាញថាគណបក្សបឆាំង កំពុងតែណ្តើមកាន់កាប់បានសំឡេងភាគច្រើននៅសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥២ សំឡេង ទល់នឹង ៤៨ សំឡេងរបស់គណក្សកាន់អំណាចរបស់លោកស្កុត ម៉ូរីសុន។
គាប់ជួនជាមួយគ្នានេះ អ្នកវិភាគនយោបាយអូស្ត្រាលីមួយចំនួន ថែមទាំងបាននិយាយទៀតថា មេដឹកនាំបក្សប្រឆាំងគឺលោក Bill Shorten ទំនងជាដណ្តើមបានតំណែងនាយករដ្ឋមន្ត្រីពីលោកស្កុត ម៉ូរីសុនជាខានទៀតផង។
គេសង្កេតឃើញថា បក្សប្រឆាំងស្រាប់តែទទួលបានសំឡេងគាំទ្រច្រើន នាពេលនេះ ក៏ព្រោះតែគណបក្សប្រឆាំង មិនត្រឹមតែមានយុទ្ធសាស្ត្រគោលនយោបាយយកចិត្តទុកដាក់លើពលករ-កម្មករ និងជីវភាពសមរម្យរបស់ប្រពលរដ្ឋអូស្ត្រាលីនោះទេ ក៏ប៉ុន្តែបក្សប្រឆាំងក៏បានផ្តោតអាទិភាពខ្ពស់លើបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។
អូស្ត្រាលី ជាប្រទេសមួយដែលទទួលរងគ្រោះមិនតិចដងឡើយ ពីបញ្ហាប្រែប្រួលអាកាសធាតុនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងគឺបញ្ហាកំដៅឡើងក្តៅខ្លាំងហួសហេតុជាដើម។ ដូច្នោះហើយ ការប្រែប្រួលអាកាសធាតុបានក្លាយទៅជាប្រធានបទក៏ក្តៅគគុក និងជាអ្វីដែលប្រជាពលរដ្ឋអូស្ត្រាលី ចង់ឲ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយជាបន្ទាន់។
គេមិនត្រូវភ្លេចទេថា នាយករដ្ឋមន្ត្រីអូស្ត្រាលីជាបន្តបន្ទាប់ត្រូវបានផ្លាស់ប្តូរចំនួន ៦ ដងហើយ ក្នុងរយៈពេលតែ ១២ ឆ្នាំកន្លងមកនេះ ដោយសារតែជម្លោះផ្ទៃក្នុង និងវិបត្តិសង្គមជាច្រើនទៀត។ ដូចគ្នាអីចឹងដែរ ភាពយឺតយ៉ាវរបស់បក្សកាន់អំណាចដឹកនាំដោយលោក ស្កុត ម៉ូរីសុន ក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ជាហេតុផលចម្បងមួយ ដែលធ្វើឲ្យគេគិតថា គណបក្សរបស់លោក បាត់បង់សំឡេងគាំទ្រពីប្រជាពលរដ្ឋ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ