អានតួអត្ថបទ

អូស្រ្តាលី​គ្រោងអនុម័តច្បាប់ថ្មី​ដែលអនុញ្ញាតឱ្យ​មានការកាត់ទោស​ក្រុមហ៊ុន​បណ្តាញសង្គម​

ថ្ងៃសៅរ៍ ​ទី ៣០ មីនា​ រដ្ឋាភិបាល​អូស្ត្រាលី​ បាន​សន្យាថានឹង​ពាំនាំ​នូវ​ច្បាប់ថ្មីមួយ​ ដែល​អនុញ្ញាតឲ្យ​គេ​អាចកាត់ទោស​ដាក់ពន្ធនាគារ​ ឬក៏​ផាកពិន័យ​ជាប្រាក់​ ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បណ្តាញសង្គម​ ដែល​បរាជ័យ​ក្នុងការលុប​ និងដកចេញ​នូវ​សារ​ រូបភាព​ ឬក៏​វីដេអូ​ដែល​មានគំនិតជ្រុលនិយមខ្លាំង​។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងភរិយារបស់លោកស្រី Jenny ពេលចូលរួមពិធីរំឮកដល់ជនរងគ្រោះនៃការវាយប្រហារក្នុងទីក្រុងក្រៃឈើច នៅប្រទេសនូវែលសេឡង់ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងភរិយារបស់លោកស្រី Jenny ពេលចូលរួមពិធីរំឮកដល់ជនរងគ្រោះនៃការវាយប្រហារក្នុងទីក្រុងក្រៃឈើច នៅប្រទេសនូវែលសេឡង់ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩។ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ច្បាប់ថ្មីដ៏តឹងតែងចំពោះបណ្តាញសង្គម នឹងចូលដល់ដៃរដ្ឋសភាអូស្ត្រាលី នៅសប្តាហ៍ក្រោយ ហើយទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា ក៏កំពុងតែបន្តជំរុញឱ្យក្រុមហ៊ុនបណ្តាញសង្គម ធ្វើការរាំងខ្ទប់កុំឲ្យក្រុមភេរវជន អាចប្រើប្រាស់បណ្តាញសង្គមដើម្បីជំរុញនិន្នាការជ្រុលនិយមរបស់ពួកគេបានតទៀតដែរ។

បើតាមមេធាវីអូស្ត្រាលីម្នាក់គឺលោក Christian Porter ច្បាប់ថ្មីដែលគ្រោងនឹងអនុម័តខាងលើ នឹងដាក់បន្ទុកធ្ងន់ធ្ងរ ចំពោះបណ្តាក្រុមហ៊ុនបណ្តាញសង្គម។ ជាក់ស្តែង ក្នុងករណីដែលក្រុមហ៊ុនទាំងនោះ បរាជ័យក្នុងការដកចេញនូវសារដែលមានលក្ខណៈជ្រុលនិយម នោះពួកគេនឹងអាចរងការចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌបាន មិនខុសអីពីករណីវាយប្រហារភេរវកម្ម ឃាតកម្ម ឬករណីរំលោភឡើយ។

លោកមេធាវីរូបនេះ បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញថា មានទោសកំហុស ថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញសង្គម អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងអាចរងការពិន័យជាប្រាក់រហូតដល់ចំនួន ១០ ភាគរយនៃចំណូលប្រចាំឆ្នាំរបស់ពួកគេ។

ទាក់ទងនឹងច្បាប់ថ្មីនេះដែរ អ្នកជំនាញខាងផ្នែកសន្តិសុខអ៊ីនធឺណែត លោក Nigel Phair បាននិយាយថា ច្បាប់ថ្មីនេះមានលក្ខណៈស្មុគស្មាញខ្លាំង នៅត្រង់ថាវាតម្រូវឲ្យដាក់ទោសក្រុមហ៊ុនបណ្តាញសង្គម ដែលមិនមែនជាអ្នកបង្ហោះសារដែលមានបំផុសគំនិតជ្រុលនិយមទៅវិញ។ លោកបានបន្ថែមថា តាមពិតទៅទោសជាប់ពន្ធនាគារ គឺសម្រាប់ជនល្មើសហិង្សា មិនមែនជាតំណាង ឬថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញសង្គមនោះទេ។

គួរជម្រាបជូនថា ចំណាត់ការថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី ទៅលើក្រុមហ៊ុនបណ្តាញសង្គមធ្វើឡើងបន្ទាប់ពី ​វីដេអូ​អំពីព្រឹត្តិការណ៍បាញ់​សម្លាប់​មនុស្សចំនួន​ ៥០ នាក់​ នៅក្នុង​ទីក្រុង​ក្រៃឈើច នៃប្រទេស​នូវែលសេឡង់​ត្រូវបានបង្ហោះ​និងចែកចាយ​នៅលើ​បណ្តាញសង្គម​ដូចជា​ ហ្វេសហ៊ុក​ និងទ្វីតធ័រ​យ៉ាងផុលផុស​។

មួយវិញទៀត កាលពីពេលកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ ក៏បានជំរុញឲ្យពិភពលោកចាត់វិធានការចំពោះបណ្តាញសង្គមផងដែរ បើទោះបីជាក្រុមហ៊ុនបណ្តាញសង្គមដូចជាហ្វេសប៊ុកជាដើម ​ បានខិតខំបង្កើនចំណាត់ការរបស់ខ្លួនប្រឆាំងទៅនឹងការបង្ហោះ រូបភាព ឬវីដេអូដែលមានលក្ខណៈជ្រុលនិយមយ៉ាងណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ