ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​
 
ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលស្លាប់ក្នុងឧបទ្ទវហេតុថ្នាក់យន្តហោះប៊ូអ៊ីង ៧៣៧ MAX របស់អេត្យូពី យំសោកនៅក្នុងពិធីបញ្ចុះសព នៅក្នុងទីក្រុង Addis Ababa នាថ្ងៃទី១៧ មីនា ឆ្នាំ២០១៩។ REUTERS/Maheder Haileselassie

គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ប្រភេទប៊ូអ៊ីង​ ៧៣៧ MAX បន្តបន្ទាប់គ្នា​ក្នុងចន្លោះពេល​តែប្រមាណជា​៤​ខែ​ ធ្វើឲ្យ​ពិភពលោកទាំងមូល​នាំគ្នា​ ចោទជាសំណួរយ៉ាងខ្លាំង​ អំពី​សុវត្ថិភាព​របស់​យន្តហោះ​ ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​នេះ​។ ជាក់ស្តែង​ ក្រោយ​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX ជាលើក​ទី២​ នៅ​ប្រទេសអេត្យូពី​ ដែល​បានសម្លាប់​ជីវិតមនុស្ស​ចំនួន​ ១៥៧​ កាលពីថ្ងៃទី១០ ​មីនា​រួចមក​ គេចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​យ៉ាងសស្រាក់សស្រាំ​ ថាតើ​មូលហេតុ​ដែល​ធ្វើយន្តហោះ​ប្រភេទនេះ​ធ្លាក់​ ពិតជា​បណ្តាលមកពី​បញ្ហាបច្ចេកទេស​ ដែល​មានបំពាក់​នៅលើ​យន្តហោះប្រភេទនេះ​ឬយ៉ាងណា​។

បើតាម​លទ្ធផលបឋម​ដែលទើប​ទទួលបានពី​ទិន្នន័យ​របស់ប្រអប់ខ្មៅ​បង្ហាញថា​ ករណី​ធ្លាក់យន្តហោះ​នៅ​អេត្យូពី​ស្រដៀងគ្នា​នឹង​ករណី​ធ្លាក់​យន្តហោះ​ម៉ូដែលតែមួយ​នៅឥណ្ឌូណេស៊ី​ដែរ​។

ករណី​ធ្លាក់យន្តហោះ​នៅអេត្យូពី​មានលក្ខណៈ​ស្រដៀងគ្នាទៅនឹង​ករណី​ធ្លាក់យន្តហោះ​ម៉ូដែល​ដូចគ្នា​នៅឥណ្ឌូណេស៊ី​។

ជាការពិត​ ក្រោយ​ទទួលបាន​ទិន្នន័យ​ពី​ប្រទេសបារាំងភ្លាម​ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អេត្យូពី​ បានឲ្យដឹង​កាលពីថ្ងៃអាទិត្យ​ទី១៧​ មីនា​ថា​ ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ប្រអប់ខ្មៅ​ពិតជា​ប្រាប់ថា​ពី​ហេតុផលស្រដៀងគ្នា​នៃការធ្លាក់​យន្តហោះ​ប្រភេទប៊ូអ៊ីង​ ៧៣៧ MAX មែន​។

បើយោងតាម​ទិន្នន័យ​ដកស្រង់ពី​ប្រអប់ខ្មៅ​អ្នកបើកបរ​យន្តហោះ​របស់​ក្រុមហ៊ុន​ Lion Air​ ឥណ្ឌូណេស៊ី​មានបញ្ហា​ក្នុងការ​បញ្ជាយន្តហោះ​ឲ្យហោះឡើង​ដោយសារតែ​ប្រព័ន្ធ​បច្ចេកវិទ្យាថ្មី​របស់​យន្តហោះប៊ូអ៊ីង​ មិនបាន​ជួយ​ទប់លំនឹង​យន្តហោះ​ និង​បែរជា​ទាញ​ក្បាល​យន្តហោះ​ឲ្យ​សំយុង​ចុះក្រោមទៅវិញ​ ក្រោយ​ហោះឡើង​បាន​ប្រមាណជា​ ១៣ នាទី​។ បើតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ AFP​ អ្នកបើកបរ​ យន្តហោះ​របស់​អេត្យូពី​ និង​ឥណ្ឌូណេស៊ី​ជួបបញ្ហា​ស្រដៀងគ្នា​មុនពេល​យន្តហោះធ្លាក់​។

ក្រោមហេតុផលនេះ​ គេអាច​សន្និដ្ឋានបានថា​ មូលហេតុ​ដែល​ធ្វើ​យន្តហោះធ្លាក់​ គឺ​មិនមែន​មកពី​អ្នកបើកបរ​យន្តហោះនោះទេ​ ប៉ុន្តែ​វា​អាចមកពី​បញ្ហាម៉ាស៊ីន​ ឬក៏​ប្រព័ន្ធ​បច្ចេកទេស​របស់​យន្តហោះ​ច្រើនជាង​។

តែទោះជាយ៉ាងនេះក្តី​ កាលពីម្សិលមិញនេះ​ រដ្ឋមន្ត្រី​ក្រសួងដឹកជញ្ជូន​អេត្យូពី​មិនបាន​បកស្រាយ​ ឬក៏​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​ជាក់លាក់​ដែលធ្វើឲ្យ​យន្តហោះប៊ូអ៊ីង​របស់​ក្រុមអាកាសចរណ៍អេត្យូពី​ធ្លាក់នោះទេ​។ អ្នកស្រី​គ្រាន់តែប្រាប់ថា​ ក្រុមអ្នកជំនាញ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បីស៊ើបអង្កេត​ ហើយថា​របាយការណ៍​បឋម​នៃ​ការស៊ើបអង្កេត​នឹងចេញ​នៅក្នុង​រយៈពេល​ ៣០ ថ្ងៃទៀត​។

នៅត្រង់ចំណុចនេះដែរ​ គួរជ្រាបថា​ ក្រោយរកឃើញ​ប្រអប់ខ្មៅទាំងពីរ​ភ្លាម​ អាជ្ញាធរ​អេត្យូពី​ នៅថ្ងៃទី​ ១៤ មីនា​ បានផ្ងើ​ប្រអប់ខ្មៅទាំងនេះ​ទៅឲ្យ​បារាំង​ ដែលជា​ប្រទេស​មានជំនាញ​-ឯកទេស​ ខាង​ទាញយក​ទិន្នន័យពី​ប្រអប់ខ្មៅ​។ នៅថ្ងៃអាទិត្យ​ម្សិលមិញនេះ​ ក្រោយ​ទទួលបាន​ទិន្នន័យ​ពី​បារាំងភា្លម​ អាជ្ញាធរអេត្យូពី​ក៏បានប្រកាសឲ្យដឹងពី​ករណី​ស្រដៀងគ្នា​នៃ​ការធ្លាក់​យន្តហោះ​ប្រភេទ​ ៧៣៧ MAX​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី​ និង​យន្តហោះ​ធុន​ដូចគ្នា​របស់​ក្រុមហ៊ុន​ Lion Air ឥណ្ឌូណេស៊ី​តែម្តង​។

តើ​ប្រអប់ខ្មៅ​អាចជួយឲ្យ​គេ​ដឹង​ព័ត៌មានអ្វីខ្លះ​?

ជាទូទៅ​នៅលើ​យន្តហោះ​ គេ​បំពាក់ប្រអប់ខ្មៅ​ចំនួនពីរ​ដែល​ប្រអប់ទី១​ មាន​មុខងារ​សម្រាប់​កត់ត្រា​ទិន្នន័យ​នៃ​ការហោះហើរ​។ យោងតាម​អ្នកជំនាញ​ ប្រអប់ខ្មៅនេះ​អាច​ផ្តល់​ទិន្នន័យ​សំខាន់ៗ​ជាច្រើន​ទាក់ទងនឹង​ ល្បឿន​ រយៈកម្ពស់​ អត្រានៃ​ការហោះឡើង​ឬហោះចុះ​ ទិសដៅ​ហោះហើរ​ រហូតដល់​ដំណើរការ​របស់​ម៉ាស៊ីន​ និង​ឧបករណ៍​ផ្សេងៗទៀត​របស់​យន្តហោះ​នៅក្នុងពេល​កំពុងជួបគ្រោះថ្នាក់​។

ចំណែក​ប្រអប់ខ្មៅទី២​ វិញ​ មាន​មុខងារ​សម្រាប់​ថតសំឡេង​ក្នុង​បន្ទប់ហោះហើរ​។ ប្រអប់ខ្មៅ​នេះ​អាច​ថត​ការ​សន្ទនា​របស់​អ្នកបើកយន្តហោះ​ សំឡេងម៉ាស៊ីន​ ឬសំឡេងផ្ទុះ​ជាដើម​ ហើយ​បើយោងតាម​អ្នកជំនាញ​ខាង​អាកាសចរណ៍ស៊ីវិល​ ប្រអប់ខ្មៅទី២នេះ​អាចថត​សំឡេង​បានរយៈពេល ២ម៉ោង​ ដូច្នោះហើយ​វាអាច​ផ្តល់ទិន្នន័យ​សំខាន់ៗ​ ជុំវិញ​មូលហេតុ​ដែល​បណ្តាលឲ្យ​យន្តហោះ​ធ្លាក់បាន។

ក្រុមហ៊ុនប៊ូអ៊ីង​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ផ្ទួនៗគ្នា

ជាការពិត​ គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ប្រភេទប៊ូអ៊ីង​ ៧៣៧ MAX​ ពីរ​ករណី​បន្តបន្ទាប់គ្នា​តែក្នុង​ចន្លោះរយៈពេល​ ៤ ខែនេះ​ ធ្វើឲ្យ​ក្រុមហ៊ុន​ប៊ូអ៊ីង​របស់អាមេរិក​ជួបគ្រោះភ័យខ្លាំង​ប្រៀបបីដូចជា​ជួប​ព្យុះសង្ឃរា​ដូច្នោះដែរ​។

ជាការពិត​ ក្រោយហេតុការណ៍នេះ​ក្រុមហ៊ុន​ប៊ូអ៊ីង​ត្រូវបាន​គេ​រិះគន់ជាខ្លាំង​ចំពោះ​ចំណាត់​ការ​ឆ្លើយតប​យឺតពេល​ និង​មើលស្រាល​លើបញ្ហា​។

គួរជម្រាបជូនថា​ ក្រោយហេតុការណ៍​ធ្លាក់យន្តហោះ​នៅឥណ្ឌូណេស៊ី​កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ​ គេនាំគ្នា​មានមន្ទិលសង្ស័យ​ពាក់ព័ន្ធនឹង​បច្ចេកទេសថ្មី​ ដែល​ត្រូវបាន​បំពាក់នៅលើយន្តហោះ​ម៉ូដែលនេះ​។ ជាបច្ចេកទេសថ្មី​ ដែល​មាន​បំពាក់ឧបករណ៍​ជំនួយ​ក្នុង​ករណី​យន្តហោះធ្លាក់​និងទើបត្រូវ​បាន​ចាប់ដាក់ឲ្យដំណើរការ​ដំបូង​នៅក្នុង​ខែឧសភា​ ឆ្នាំ២០១៧​។ ក៏ប៉ុន្តែ​ ខាងក្រុមហ៊ុនប៊ូអ៊ីង​ហាក់មិនសូវអើពើ​នឹងការ​លើកឡើងខាងលើ​ ហើយក៏មិនបាន​បើកការ​អង្កេតស្រាវជ្រាវអ្វីដែរ​ តែបែរជា​បានបន្តអះអាងថា​យន្តហោះ​របស់ខ្លួន​មានសុវត្ថិភាព​គ្រប់សព្វបែប​យ៉ាងទៅវិញ​។

ពាក់ព័ន្ធនឹងរឿងនេះដែរ​ សូមជម្រាបជូនថា​ ដោយសារតែ​សោកនាដកម្មធ្លាក់​យន្តហោះ​ សម្លាប់​មនុស្សជាច្រើននេះ​ យន្តហោះប៊ូអ៊ីង​ បានបាត់បង់​តម្លៃទឹកប្រាក់​ចំនួនប្រមាណជា​ ២៥ ពាន់លានដុល្លារ​ពីទីផ្សារ​។

មិនតែប៉ុណ្ណោះ​ បច្ចុប្បន្ននេះ​បណ្តាប្រទេស​ទូទាំងពិភពលោក​ បូករួមទាំង​អាមេរិកខ្លួនឯង​ផង​បានសម្រេច​ផ្អាកចរាចរណ៍​ហោះហើរ​របស់​យន្តហោះ​ប្រភេទប៊ូអ៊ីង​ ៧៣៧​ MAX​ ដោយមិនមាន​ពេលកំណត់ទៀតផង​។

ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀតនោះ​ ដោយសារតែ​ទទួលរង​សំពាធពី​អន្តរជាតិ​ ក៏ដូចជា​អតិថិជន​ជាខ្លាំង​ បច្ចុប្បន្ននេះ​នាយកដ្ឋាន​នៃក្រសួង​ដឹកជញ្ជូនអាមេរិក​កំពុងតែ​បើក​ការស៊ើបអង្កេត​ទាក់ទងនឹង​សុវត្ថិភាព​របស់​យន្តហោះ​ប្រភេទប៊ូអ៊ីង​ ៧៣៧ MAX ផងដែរ​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ