អានតួអត្ថបទ

សម្តេច​ប៉ាបហ្រ្វង់ស័រ​ផ្តើមទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​នៅក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​

ប្រមុខសង្ឃ​កាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​ ផ្តើមធ្វើដំណើរ​ទស្សនកិច្ច​ដំបូងបង្អស់​រយៈពេល​ ៣ ថ្ងៃ​ ទៅកាន់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ដោយរាប់ចាប់ពី​ថ្ងៃអាទិត្យ ទី៣ កុម្ភៈ នេះតទៅ​។ ដំណើរទស្សនកិច្ច​ របស់​សម្តេចប៉ាប​លើកនេះ​ គឺ​ដើម្បីជួប​ជាមួយ​សហគមន៍​អ្នកកាន់សាសនា​កាតូលិក​ និង​ដើម្បី​លើកតម្កើង​សន្តិភាព​រវាង​សហគមន៍កាតូលិក​ ជាមួយ​ក្រុមអ្នក​កាន់សាសនាអ៊ីស្លាម​ក្នុងឧបទ្វីបអារ៉ាប់​ ដែលជា​ទីកន្លែង​កំណើត​របស់​សាសនាអ៊ីស្លាម​។

សម្តេចប៉ាបហ្វ្រង់ស័រ រៀបចំចេញដំណើរពីអ៊ីតាលី ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៩។
សម្តេចប៉ាបហ្វ្រង់ស័រ រៀបចំចេញដំណើរពីអ៊ីតាលី ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៩។ REUTERS/Remo Casilli
ផ្សាយពាណិជ្ជកម្ម

ក្រុមអ្នកកាន់​សាសនាកាតូលិក​ រស់នៅក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ប្រមាណជា​ ១៣ ម៉ឺន​ ៥ ពាន់​នាក់​ នឹង​ជួបប្រមូលផ្តុំគ្នា​ នៅព្រឹក ថ្ងៃអង្គារ៍​ ទី៥​ កុម្ភៈ​ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីទទួលស្វាគមន៍​សម្តេចប៉ាបហ្រ្វង់ស័រ​។

តំណាង​សហគមន៍​កាតូលិក​ម្នាក់​ បានឲ្យដឹងថា​ដំណើរទស្សនកិច្ច​​របស់​ប្រមុខសង្ឃ​កាតូលិក​ មកកាន់​ប្រទេស​អេមីរ៉ាអាតរ៉ាប់រួម​ជាលើកដំបូងនេះ​ គឺដើម្បី​រក្សាសន្តិភាព​ និង​ចំណងទំនាក់ទំនង​ល្អ​ រវាងក្រុម​អ្នកកាន់​សាសានកាតូលិក​ ជាមួយនឹង​ក្រុមអ្នកកាន់​សាសនាអ៊ីស្លាម​។

សូមជម្រាបជូនថា​ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ គឺជា​ប្រទេស​ ដែលមានអ្នកកាន់សាសនា​ខុសគ្នាជាច្រើន​ រស់នៅ​ឡាយឡំគ្នា​។ ក៏ប៉ុន្តែ​ វាជារឿង​ដ៏គួរ​ឲ្យមានមោទនភាព​ ចំពោះ​ការណ៍ដែល​ ក្រុមអ្នកកាន់​សាសនាខុសគ្នា​ទាំងអស់​ អាចរស់នៅ​ដោយ​សុខសន្តិភាពជាមួយគ្នា​ ប្រកបដោយ​ភាពអត់ធ្មត់​ ព្រមទាំង​ភាពសម្បូរបែប​នៃវប្បធម៌ចំរុះ។

សូមរំឭកជូនថា​ បច្ចុប្បន្ននេះ​សាសនា​អ៊ីស្លាម​ គឺជា​សាសនា​ធំ​ជាងគេបង្អស់​ នៅក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​។ ជាក់ស្តែង​ មានប្រជាពលរដ្ឋ​ប្រមាណជិ​ត ៨០​ ភាគរយ​ ជាអ្នកកាន់សាសនា​អ៊ីស្លាម​។

ទន្ទឹមគ្នានេះ​ អេមីរ៉ាតអារ៉ាប់រួម​ ក៏ជា​ទីជម្រក​របស់​អ្នកកាន់សាសនាកាតូលិក​ចំនួនជិត​ ១ លាននាក់ផងដែរ​។ ពួកភាគច្រើន​ជាជន​ចំណាកស្រុកមកពី​ប្រទេសឥណ្ឌា​ និងហ្វីលីពីន​។

គួរជ្រាបផងដែរថា​ នៅព្រឹកថ្ងៃអង្គារ៍​ ទី៥ កុម្ភៈ​ ឆ្នាំ២០១៩ សហគមន៍​អ្នកកាន់​សាសនា​កាតូលិក​ បានតៀម​រថយន្តដឹកជញ្ជូន​ ដោយ​ឥតគិតថ្លៃ​ចំនួនជាង​ ២ ០០០ គ្រឿង​ ដើម្បី​ដឹកអ្នកគោរព​ប្រណិប័តន៍​មកពី​ទូទាំង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ទៅកាន់​ទីក្រុង​អាប៊ូដាប៊ី​ ដើម្បី​ជួប​សម្តេចប៉ាបហ្រ្វង់ស័រ​ នៅវេលាម៉ោង​១០:៣០ នាទីព្រឹក​។

សូមជ្រាបទៀតថា​ បើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​អេមីរ៉ាតអារ៉ាប់រួម​ ការប្រមូលផ្តុំគ្នា​ជាសាធារណៈ​របស់​ក្រុមអ្នកកាន់​សាសនាកាតូលិក​ នៅថ្ងៃអង្គារ៍​ខាងមុខនេះ​ គឺជា​ការជួបជុំគ្នាដ៏​ធំបំផុតមួយ​ ដែល​មិនធ្លាប់មាន​នៅក្នុងប្រទេស​ពីមុនមក​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ