អេហ្ស៊ីបប្រកាសអាសន្ន ក្រោយរងការវាយប្រហារភេរវកម្មផ្ទួនៗគ្នា
កាលពីថ្ងៃសុក្រទី ២៤ តុលា មានអំពើភេរវកម្មអត្តឃាតុមួយ បានកើតឡើងនៅក្នុងតំបន់ស៊ីណៃ ភាគឥសាន ប្រទេសអេហ្ស៊ីប បានសម្លាប់ទាហានអេហ្ស៊ីប៣០នាក់ និងជាង២០នាក់ទៀតរងរបួស។ ក្រុមភេរវករជីហាត ដែលគេសង្ស័យថានៅពីក្រោយហេតុការណ៍នេះ បានបង្កភេរវកម្ម ជាបន្តបន្ទាប់ទៅលើ ទាហាន និងនគរបាលអេហ្ស៊ីប។ លោក ប្រធានាធិបតីអេហ្ស៊ីប បានប្រកាសភាពអាសន្នរយៈពេលបីខែ ដើម្បីត្រៀមទប់ស្កាត់ការប៉ុនប៉ងវាយប្រហារផ្សេងទៀត របស់ពួកភេរវករជីហាត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
ជាងមួយឆ្នាំកន្លងមកនេះ ប្រទេសអេហ្ស៊ីប បានក្លាយទៅជាទីលានល្បែងបំផ្ទុះគ្រាប់បែកលេង របស់ពួកភេរវករអ៊ីស្លាមជីហាត។ ជាក់ស្តែងកាលពីថ្ងៃសុក្រ ម្សិលមិញ នៅតំបន់ស៊ីណៃ ភាគឥសានប្រទេសអេហ្ស៊ីប មានភេរវកម្មអត្តឃាតមួយបានកើតឡើង ដោយបានសម្លាប់ជីវិតទាហានអេហ្ស៊ីបអស់៣០នាក់ និង២៩នាក់ផ្សេងទៀតរងរបូសធ្ងន់។ យោងតាមការផ្តល់ព័ត៌មានពីទាហានម្នាក់ ដែលនៅកន្លែងកើតហេតុ ភេរវករម្នាក់ បានបើកឡានយ៉ាងពេញទំហឹង ទៅបុករបងទីតាំងត្រួតពិនិត្យរបស់ទាហានអេហ្ស៊ីប។ ក្នុងឡាននោះ មានផ្ទុកគ្រាប់បែកជាច្រើនគ្រាប់ ដែលធ្វើឲ្យផ្ទុះហើយសម្លាប់ទាហានដែលនៅក្បែរនោះ។
លោកប្រធានាធិបតីអេហ្ស៊ី Abdel Fattah Al Sissi បានដាក់តំបន់ស៊ីណៃ ឲ្យនៅក្នុងភាពអាសន្ន ហើយ ឲ្យទាហាន និងនគរបាល អេហ្ស៊ីបទាំងអស់ ត្រៀមខ្លួនប្រុងប្រយ័ត្ន និងទប់ស្កាត់ឲ្យបាន នូវការវាយប្រហារជាថ្មីទៀត។ បន្ថែមពីការប្រុងប្រយ័ត្នជាទូទៅ រដ្ឋាភិបាលយោធា បានបញ្ជាឲ្យបិទច្រកចេញចូលរវាង តំបន់ហ្គាហ្សា និងតំបន់ស៊ីណៃ។ ច្រកព្រំដែននៅតំបន់នេះ អាចជាផ្លូវចេញចូលរបស់ពួកភេរវករអ៊ីស្លាម ព្រោះថាជាច្រកតែមួយគត់ ដែលគ្មានការត្រួតពិនិត្យពីអាជ្ញាធរអ៊ីស្រាអែល។
សូមបញ្ជាក់ថា ក្រុមអ៊ីស្លាមជីហាត មួយក្រុមឈ្មោះ Ansar Beït Al Maqdess ត្រូវគេសង្ស័យថាជាអ្នកធ្វើភេរវកម្មអត្តឃាតនេះ។ កន្លងមក ក្រុមពួកនេះ បានបង្កភេរវកម្មជាញឹកញាប់ ហើយថែមទាំងបានអះអាងទៀតថាពួកគេជាអ្នកធ្វើ ដើម្បីសងសឹកទៅលើរដ្ឋាភិបាលយោធាអេហ្ស៊ីបបច្ចុប្បន្ន ដែលបានទំលាក់លោក ម៉កស៊ីចេញពីតំណែង ព្រមទាំងបានធ្វើទុក្ខបុកម្នេញ ក្រុមសកម្មជនអ៊ីស្លាមដែលគាំទ្រលោក ម៉កស៊ីទៀត។ ក្រុមអ៊ីស្លាមជីហាតនេះ ក៏ធ្លាប់បានប្រកាសដែរ ថាពួកគេគាំទ្រយ៉ាងពេញទំហឹង ដល់ពួកអ៊ីស្លាមជីហាតអ៊ីរ៉ាក់ ដែលកំពុងតែធ្វើការប្រយុទ្ធនៅអ៊ីរ៉ាក់ និងស៊ីរី។
សូមរំលឹកថា រដ្ឋាភិបាលយោធាអេហ្ស៊ីបបច្ចុប្បន្ន បានទំលាក់លោក ម៉ូហាម៉េដ ម៉កស៊ី ពីដំណែង ដោយបានចោទប្រកាន់ថា លោកម៉កស៊ី ជាមេក្រុមពួកភេរវករអ៊ីស្លាមជ្រុលនិយម។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលយោធា បានសម្លាប់បក្សពួក លោកម៉កស៊ី ជាង១៤០០នាក់ ព្រមទាំងបានចាប់មនុស្សជាង ១ម៉ឺន៥ពាន់នាក់ផ្សេងទៀតដាក់គុក។ ប្រការនេះ ហើយដែលធ្វើឲ្យក្រុមភេរវករអ៊ីស្លាមនិយមជ្រុល មានការចងកំហឹង ទៅលើរដ្ឋាភិបាលយោធាអេហ្ស៊ី ហើយបានធ្វើភេរវកម្មសម្លាប់ទាហាន និងនគរបាលអេហ្ស៊ីជាបន្តបន្ទាប់។ តួយ៉ាង ភេរវកម្មនៅជាប់ព្រំដែនប្រទេសលីប៊ី កាលពីខែកក្កដា បានសម្លាប់ទាហានអេហ្ស៊ីប២២នាក់។ ភេរវកម្មមួយទៀតកាលពីខែ សីហាឆ្នាំទៅ បានសម្លាប់ទាហាន២៥នាក់ នៅតំបន់ស៊ីណៃ ដូចគ្នានឹងលើកនេះដែរ។ ក្រៅពីធ្វើភេរវកម្មនៅតំបន់ស៊ីណៃ ពួកភេរវករអ៊ីស្លាម ក៏បានធ្វើសកម្មភាពនៅតំបន់ផ្សេងៗទៀតដែរ ឧទាហរណ៍ កាលពីថ្ងៃពុធនេះ ភេរវករបានបោកគ្រាប់បែក នៅក្បែរសកលវិទ្យាល័យទីក្រុងគែរ៍ ដែលបានធ្វើឲ្យរបួសធ្ងន់មនុស្ស៩នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ