អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប​ប្រកាស​អាសន្ន ក្រោយ​រង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ផ្ទួនៗ​គ្នា

កាល​ពី​ថ្ងៃ​សុក្រទី ២៤ តុលា មាន​អំពើ​ភេរវកម្ម​អត្តឃាតុ​មួយ បាន​កើតឡើង​នៅ​ក្នុង​តំបន់​ស៊ីណៃ ភាគ​ឥសាន ប្រទេស​អេហ្ស៊ីប បាន​សម្លាប់​ទាហាន​អេហ្ស៊ីប​៣០នាក់ និង​ជាង​២០នាក់​ទៀត​រង​របួស។ ក្រុម​ភេរវករ​ជីហាត ដែល​គេ​សង្ស័យ​ថា​នៅ​ពី​ក្រោយ​ហេតុការណ៍​នេះ​ បាន​បង្ក​ភេរវកម្ម ជា​បន្ត​បន្ទាប់​ទៅ​លើ ទាហាន និង​នគរបាលអេហ្ស៊ីប។ លោក ប្រធានាធិបតី​អេហ្ស៊ីប បាន​ប្រកាស​ភាព​អាសន្ន​រយៈពេល​បីខែ ដើម្បី​ត្រៀម​ទប់ស្កាត់​ការ​ប៉ុនប៉ង​វាយ​ប្រហារ​ផ្សេងទៀត​ របស់​ពួក​ភេរវករ​ជីហាត។

លោក ប្រធានាធិបតី​អេហ្ស៊ីប ដឹកនាំក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ ប្រជុំ​បន្ទាន់ បន្ទាប់​ពីមានភេរវកម្ម​អត្តឃាត​វាយប្រហារ​លើយោធា​អេហ្ស៊ីប
លោក ប្រធានាធិបតី​អេហ្ស៊ីប ដឹកនាំក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ ប្រជុំ​បន្ទាន់ បន្ទាប់​ពីមានភេរវកម្ម​អត្តឃាត​វាយប្រហារ​លើយោធា​អេហ្ស៊ីប AFP PHOTO/ HO/ EGYPTIAN PRESIDENCY
ផ្សាយពាណិជ្ជកម្ម

ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​អេហ្ស៊ីប បាន​ក្លាយ​ទៅ​ជា​ទីលាន​ល្បែង​បំផ្ទុះ​គ្រាប់បែក​លេង របស់​ពួក​ភេរវករ​អ៊ីស្លាម​ជីហាត។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​តំបន់​ស៊ីណៃ ភាគ​ឥសាន​ប្រទេស​អេហ្ស៊ីប មាន​ភេរវកម្ម​អត្តឃាត​មួយ​បាន​កើត​ឡើង ដោយ​បាន​សម្លាប់​ជីវិត​ទាហាន​អេហ្ស៊ីប​អស់​៣០នាក់ និង​២៩នាក់​ផ្សេង​ទៀត​រង​របូស​ធ្ងន់។ យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ទាហាន​ម្នាក់​ ដែល​នៅ​កន្លែង​កើតហេតុ ភេរវករ​ម្នាក់ បាន​បើក​ឡាន​យ៉ាង​ពេញ​ទំហឹង ទៅ​បុក​របង​ទីតាំង​ត្រួត​ពិនិត្យ​របស់​ទាហាន​អេហ្ស៊ីប។ ក្នុង​ឡាន​នោះ មាន​ផ្ទុក​គ្រាប់បែក​ជាច្រើន​គ្រាប់ ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ហើយ​​សម្លាប់​ទាហាន​ដែល​នៅ​ក្បែរ​នោះ។

 
លោក​ប្រធានាធិបតី​អេហ្ស៊ី Abdel Fattah Al Sissi បាន​ដាក់​តំបន់​ស៊ីណៃ ឲ្យ​នៅ​ក្នុង​ភាព​អាសន្ន ហើយ ឲ្យ​ទាហាន និង​នគរបាល អេហ្ស៊ីប​ទាំង​អស់ ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ឲ្យបាន​ នូវ​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត។ បន្ថែម​ពី​ការ​ប្រុង​ប្រយ័ត្ន​ជា​ទូទៅ រដ្ឋាភិបាល​យោធា បាន​បញ្ជា​ឲ្យ​បិទ​ច្រក​ចេញចូល​រវាង តំបន់​ហ្គាហ្សា និង​តំបន់​ស៊ីណៃ។ ច្រក​ព្រំដែន​នៅ​តំបន់​នេះ អាច​ជា​ផ្លូវ​ចេញចូល​របស់​ពួក​ភេរវករ​អ៊ីស្លាម ព្រោះ​ថា​ជា​ច្រក​តែ​មួយគត់​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​អាជ្ញាធរ​អ៊ីស្រាអែល។

សូម​បញ្ជាក់​ថា ក្រុម​អ៊ីស្លាម​ជីហាត មួយ​ក្រុម​ឈ្មោះ Ansar Beït Al Maqdess ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​ធ្វើ​ភេរវកម្ម​អត្តឃាត​​នេះ។ កន្លង​មក ក្រុម​ពួក​នេះ បាន​បង្ក​ភេរវកម្ម​ជា​ញឹកញាប់​ ហើយ​ថែម​ទាំង​បាន​អះអាង​ទៀត​ថា​ពួក​គេ​ជា​អ្នក​ធ្វើ ដើម្បី​សងសឹក​ទៅ​លើ​រដ្ឋាភិបាល​យោធា​អេហ្ស៊ីប​បច្ចុប្បន្ន ដែល​បាន​ទំលាក់​លោក ម៉កស៊ី​ចេញ​ពី​តំណែង ព្រម​ទាំង​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ក្រុម​សកម្មជន​អ៊ីស្លាម​ដែល​គាំទ្រ​លោក ម៉កស៊ី​ទៀត។ ក្រុម​អ៊ីស្លាម​ជីហាត​នេះ ក៏​ធ្លាប់​បាន​ប្រកាស​ដែរ ថា​ពួក​គេ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ដល់​ពួក​អ៊ីស្លាម​ជីហាត​អ៊ីរ៉ាក់ ដែល​កំពុង​តែ​ធ្វើ​ការ​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។

សូម​រំលឹក​ថា រដ្ឋាភិបាល​យោធា​អេហ្ស៊ីប​បច្ចុប្បន្ន បាន​ទំលាក់​លោក ម៉ូហាម៉េដ ម៉កស៊ី ពី​ដំណែង​ ដោយ​បាន​ចោទ​ប្រកាន់​ថា លោក​ម៉កស៊ី ជា​មេក្រុម​ពួក​ភេរវករ​អ៊ីស្លាម​ជ្រុល​និយម។ មិនត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​យោធា បាន​សម្លាប់​បក្សពួក លោក​ម៉កស៊ី ជាង​១៤០០នាក់ ព្រមទាំង​បាន​ចាប់​មនុស្ស​ជាង ១ម៉ឺន៥ពាន់​នាក់​ផ្សេង​ទៀត​ដាក់​គុក។ ប្រការ​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​ភេរវករ​អ៊ីស្លាម​និយម​ជ្រុល មាន​ការ​ចង​កំហឹង​ ទៅ​លើ​រដ្ឋាភិបាល​យោធា​អេហ្ស៊ី ហើយ​បាន​ធ្វើ​ភេរវកម្ម​សម្លាប់​ទាហាន និង​នគរបាល​អេហ្ស៊ី​ជា​បន្ត​បន្ទាប់។ តួយ៉ាង ភេរវកម្ម​នៅ​ជាប់​ព្រំដែន​ប្រទេស​លីប៊ី កាល​ពី​ខែ​កក្កដា បាន​សម្លាប់​ទាហាន​អេហ្ស៊ីប​២២នាក់។ ភេរវកម្ម​មួយទៀត​កាល​ពី​ខែ សីហា​ឆ្នាំ​ទៅ បាន​សម្លាប់​ទាហាន​២៥នាក់ នៅ​តំបន់​ស៊ីណៃ​ ដូចគ្នា​នឹង​លើក​នេះ​ដែរ។ ក្រៅ​ពី​ធ្វើ​ភេរវកម្ម​នៅ​តំបន់​ស៊ីណៃ ពួក​ភេរវករ​អ៊ីស្លាម ក៏​បាន​ធ្វើ​សកម្មភាព​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ ឧទាហរណ៍ កាល​ពី​ថ្ងៃ​ពុធ​នេះ ភេរវករ​បាន​បោក​គ្រាប់បែក​ នៅ​ក្បែរ​សកលវិទ្យាល័យ​ទីក្រុង​គែរ៍ ដែល​បាន​ធ្វើ​ឲ្យ​របួស​ធ្ងន់​មនុស្ស​៩នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ