អានតួអត្ថបទ

យន្តហោះ​ដឹកអ្នកដំណើរ​របស់​អេហ្ស៊ីប​ត្រូវ​គេ​ចាប់ពង្រត់​យកទៅ​កោះស្ហ៊ីប

យន្តហោះ​ដឹកអ្នក​ដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អេហ្ស៊ីបត្រូវ​បាន​ចាប់ពង្រត់​យក​ទៅ​ចុះចត​នៅ​កោះ​ស្ហ៊ីបនៅថ្ងៃ​អង្គារ​នេះ។ ក្រោយ​ពី​ឆ្លងកាត់​ការចរចា អ្នក​ដំណើរ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ដោះលែង​មកវិញ ហើយ​ប្រធានាធិបតី​ស្ហ៊ីប​បានអះអាងថា ហេតុការណ៍​ចាប់ពង្រត់​យន្តហោះ​នេះមិនមែន​ជា​អំពើ​ភេរវកម្ម​នោះទេ។

យន្តហោះ​របស់​ក្រុមហ៊ុន​ EgyptAir ដែល​ត្រូវ​គេ​ចាប់ពង្រត់​យក​ទៅ​ចុះចត​នៅ​ព្រលាន​យន្តហោះ​ស្ហ៊ីប ថ្ងៃអង្គារ ២៩មីនា ២០១៦
យន្តហោះ​របស់​ក្រុមហ៊ុន​ EgyptAir ដែល​ត្រូវ​គេ​ចាប់ពង្រត់​យក​ទៅ​ចុះចត​នៅ​ព្រលាន​យន្តហោះ​ស្ហ៊ីប ថ្ងៃអង្គារ ២៩មីនា ២០១៦ REUTERS/Yiannis Kourtoglou
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដែល​ត្រូវ​បាន​គេ​ចាប់ពង្រត់​នៅថ្ងៃ​អង្គារ​នេះ គឺ​ជា​ប្រភេទ​យន្តហោះ​ធុន​អ៊ែរប៊ូស A320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេហ្ស៊ីប ឈ្មោះ EgyptAir ។ យន្តហោះ​នេះ​មាន​ដឹកអ្នក​ដំណើរ​ចំនួន៨១នាក់ ជា​ជើង​ហោះហើរ​ក្នុង​ស្រុក រវាង​ទីក្រុង​គែរឆ្ពោះ​ និង​​ទីក្រុង​អាឡិចសង់ឌ្រី។

យោងតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួង​​អាកាសចរណ៍​ស៊ីវិល​អេហ្ស៊ីប ក្នុង​ចំណោម​អ្នក​ដំណើរ​​ទាំង ៨១នាក់ នៅលើ​យន្តហោះ​នេះ មាន​ពលរដ្ឋ​បរទេស​ចំនួន ២១នាក់ ក្នុងនោះ​មាន​​ពលរដ្ឋ​អាមេរិក៨នាក់ អង់គ្លេស៤នាក់ ហូឡង់៤នាក់ ប៊ែលហ្ស៊ិក២នាក់ និង​បារាំង​ម្នាក់។ ក្រសួង​អាកាសចរណ៍​ស៊ីវិល​អេហ្ស៊ីប​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា បើ​តាម​ការ​រៀបរាប់​របស់​​អ្នក​បើកបរ​យន្តហោះ នៅ​ក្នុង​ពេល​ដែល​យន្តហោះ​​កំពុង​ហោះហើរ មាន​​អ្នក​ដំណើរ​ម្នាក់​​អះអាង​ថា​ខ្លួន​មាន​គ្រាប់បែក​​ជាប់ខ្លួន ហើយ​គំរាម​បង្ខំ​ឲ្យ​​បើក​យន្តហោះ​​ទៅ​ចុះចត​នៅ​លើ​កោះ​ស្ហ៊ីប។

ក្រោយ​ពេល​ចុះចត​នៅ​ឯព្រលាន​យន្តហោះ​ស្ហ៊ីប អាជ្ញាធរ​បាន​​ធ្វើការ​ចរចា​ជាមួយ​អ្នក​ចាប់ពង្រត់​យន្តហោះ រហូត​ឈាន​ទៅដោះលែង​អ្នក​ដំណើរ​ស្ទើរតែ​ទាំងអស់ លើកលែង​តែ​អ្នក​ដំណើរ​បរទេស​ចំនួន ៤នាក់ និង​អ្នក​បម្រើការ​លើ​យន្តហោះ​ចំនួន ៣នាក់។

រហូតមកទល់​នឹង​ពេលនេះ គេនៅមិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយទេ អំពី​គោលដៅ​ពិតប្រាកដ នៃ​ការ​ចាប់​ពង្រត់​យន្តហោះ​នេះ។ យោងតាម​ការ​ផ្សាយ​របស់​វិទ្យុជាតិ​ស្ហ៊ីប អ្នក​ចាប់ពង្រត់​យន្តហោះ​ទាមទារ​ចង់​បាន​សិទ្ធិជ្រក​កោន​នយោបាយ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​ស្រ្តី​អ្នកទោស ដែល​កំពុង​ជាប់ឃុំ​នៅ​អេហ្ស៊ីប។ ក៏ប៉ុន្តែ ប្រធានាធិបតី​ស្ហ៊ីបវិញ​​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថាករណី​នេះមិនជាប់ទាក់នឹង​អំពើ​ភេរវកម្ម​ណាមួយ​នោះទេ តែ​វាទំនង​​ជា​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ជាង ដោយ​អ្នក​ចាប់ពង្រត់​យន្តហោះ​​​បាន​ទាមទារ​ជួប​និយាយ​ជាមួយ​អតីត​ភរិយា​របស់​ខ្លួន។

គេ​នៅមិនទាន់​ដឹង​ច្បាស់​នៅឡើយទេ​ថា ​តើ​ប្តីប្រពន្ធ​មួយគួ​នេះ​មាន​រឿង​អ្វី​នឹងគ្នាដែល​នាំ​រហូត​ទៅដល់​មាន​ការ​ចាប់ពង្រត់​យន្តហោះ​បែបនេះ។ គេ​គ្រាន់តែដឹង​ថា អ្នក​ចាប់ពង្រត់​យន្តហោះគឺ​ជា​ជនជាតិ​អេហ្ស៊ីប ដែល​​មាន​សញ្ជាតិ​អាមេរិក ចំណែក​ឯ​អតីត​ភរិយា​គឺ​ជា​ជនជាតិ​ស្ហ៊ីប ហើយ​បើ​យោងតាម​ការអះអាង​របស់​ប៉ូលិស​ស្ហ៊ីប អតីតភរិយា​រូបនេះ​ត្រូវ​បាន​គេ​នាំ​ទៅដល់​ព្រលាន​យន្តហោះ​​ហើយ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​នឹង​អតីត​ស្វាមី​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ