អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អំពើ​ហិង្សា​និង​ចលាចល​នយោបាយ​នៅ​បួគីណាហ្វាសូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​បួគីណាហ្វាសូ​បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ហិង្សា ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក​កុមប៉ាអូរ៉េ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ម្តង​ទៀត។ ប្រជាជន​បាន​ចូល​ទៅ​ដុត​អាគារ​រដ្ឋសភា និង បាន​វាយ​កម្ទេច​ស្ថានីយ៍​ទូរទស្សន៍​​ជាតិ។ ក្រោយ​ហេតុ​ការណ៍​នេះ ក្រុម​យោធា​បួគីណាហ្វសូ​​បាន​ចេញ​មក​ប្រកាស​ ថា​ខ្លួន​នឹង​ទទួល​បន្ទុក​ដឹកនាំ​ប្រទេស ទំរាំ​មាន​ការ​បោះ​ឆ្នោត​ ដោយ​សេរី​មួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់។ ចំណែក​លោក​ប្រធានាធិបតី​កុមប៉ាអូរ៉េ​វិញ បាន​ថ្លែង​ថា លោក​ត្រៀមខ្លួន​ដើម្បី​ចរចា​ ជាមួយ​គ្រប់​ភាគី​ទាំងអស់។

បាតុករ តវ៉ា ដោយ​ហិង្សា ប្រឆាំង​លោក​ប្រធានាធីបតី កុមប៉ាអូរ៉េ នៅក្បែរ​រដ្ឋសភា​ប្រទេស​បួគីណាហ្វាសូ
បាតុករ តវ៉ា ដោយ​ហិង្សា ប្រឆាំង​លោក​ប្រធានាធីបតី កុមប៉ាអូរ៉េ នៅក្បែរ​រដ្ឋសភា​ប្រទេស​បួគីណាហ្វាសូ AFP PHOTO / ISSOUF SANOGO
ផ្សាយពាណិជ្ជកម្ម

ចង់​ធ្វើ​ប្រធានាធិបតី​អស់​មួយ​ជីវិត មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ នៅ​បួគីណាហ្វាសូ​៖

​បាតុកម្ម​តវ៉ា​ បាន​កើត​ឡើង​ពីរ​បី​ថ្ងៃ​មក​ហើយ តែ​ថា​ហេតុការណ៍​ដែល​កើតឡើង​ធ្ងន់ធ្ងរ​ជាង​គេ គឺ​បាន​កើតឡើង​កាល​ពី​ម្សិលមិញ គឺ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ តុលា។ បាតុកម្ម​ហិង្សា​របស់​ប្រជាជន​បូគីណាហ្វាសូ នៅ​ទីក្រុង​អ៊ូអាហ្គាឌូហ៊្គូ ដែល​ដឹកនាំ​ដោយ​គណៈបក្ស​ប្រឆាំង បាន​រីក​ធំ​បន្តិច​ម្តងៗ រហូត​កាល​ពី​ម្សិលមិញ​នេះ ប្រជាជន​បាន​ចូល​ទៅ​ដុត​អាគារ​រដ្ឋសភា និង​បាន​វាយ​កម្ទេច​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​ថែម​ទៀត។ បាតុកម្ម​តវ៉ា បាន​រីក​រាលដាល​ទូទាំង​ប្រទេស ជា​ពិសេស​តាម​ទី​ប្រជុំ​ជន​ធំៗ។

មូលហេតុ​នៃ​ការ​តវ៉ា​នេះ​ គឺ​បណ្តាល​មក​ពី​រដ្ឋាភិបាល​បួគីណាហ្វាសូ បាន​ស្នើសុំ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​៣៧។ មាត្រា​៣៧​នេះ​ចែង​ថា បេក្ខជន​ប្រធានាធិបតី​មាន​សិទ្ធិ​ឈរឈ្មោះ​តែ​ពីរ​អាណត្តិ​​ប៉ុណ្ណោះ ហើយ​មួយ​អាណត្តិ​មាន​រយៈពេល​៥ឆ្នាំ។ លោក​កុមប៉ាអូរ៉េ ដែល​បច្ចុប្បន្ន​ជា​ប្រធានាធិបតី នឹង​ត្រូវ​បញ្ចប់​អាណត្តិ​ទីពីរ​របស់​លោក​ នៅ​ឆ្នាំ​២០១៥។ ដោយសា​តែ​គាត់​ចង់​ឈរឈ្មោះ​បោះ​ឆ្នោត​ម្តង​ទៀត ទើប​លោក​បាន​ឲ្យ​រដ្ឋសភា​ធ្វើ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​លប់​លក្ខខណ្ណ​ចំនួន​ពីរ​អាណត្តិ​ចោល។

កាល​ពីដំបូង រដ្ឋាភិបាល​ថា នឹង​ដាក់​ស្នើ​វិសោធនកម្ម​នេះ​ ទៅ​ឲ្យ​ប្រជាជន​សម្រេច តាម​រយៈ​ការ​បោះឆ្នោត​ប្រជា​មតិ​ ទូទាំង​ប្រទេស។ ប៉ុន្តែ​ទី​បំផុត​ទៅ រដ្ឋាភិបាល​បាន​បញ្ជូន​គម្រោង​នេះ​ ទៅ​ឲ្យ​រដ្ឋសភា​ជា​អ្នក​អនុម័តទៅ​វិញ។ ត្រង់​នេះ​ហើយ​ ដែល​ប្រជាជន​បួគីណាហ្វាសូ ធ្វើ​ការ​តវ៉ា ព្រោះ​បើ​សភា​ជា​អ្នក​សម្រេច នោះ​មាត្រា​៣៧​នឹង​ត្រូវ​គេ​កែប្រែ​ជាក់​ជា​មិនខាន ហើយ​លោក​កុមប៉ាអូរ៉េ នឹង​ប្រកដ​ជា​អាច​ឈរឈ្មោះ​ ជា​ប្រធានាធិបតី​បន្ត​៥ឆ្នាំ​ទៀត។

២៧​​ឆ្នាំ ល្មម​គ្រប់​គ្រាន់​ហើយ៖
លោក កុមប៉ាអូរ៉េ នេះ​បាន​កាន់កាប់​ដំណែង​ជា​ប្រធានាធិបតី​ប្រទេស​បួគីណាហ្វាសូ អស់​រយៈពេល​២៧ឆ្នាំ​មក​ហើយ។ គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេ​ដឹកនាំ​នៅ​ទ្វីប​អាហ្វ្រិក ដែល​កាន់​តំណែង​បាន​យូរ​ជាងគេ។ គាត់​បាន​ឡើង​កាន់​អំណាច នៅឆ្នាំ ១៩៨៧ បន្ទាប់​ពី​គាត់ បាន​ធ្វើ​រដ្ឋប្រហារ ហើយ​បាន​ធ្វើឃាត លោក​តូម៉ាស សង់ការ៉ា ដែល​ជា​មេ​ដឹកនាំ​ជំនាន់​នោះ។ កន្លង​មក លោក កុមប៉ាអូរ៉េ នេះ​តែង​តែ​លៃលក រក​គ្រប់គន្លិះ ធ្វើ​យ៉ាងម៉េច ដើម្បី​បាន​បន្ត​អង្គុយ​កៅអី​ប្រធានាធិបតី​តមក​រហូត។ ក្នុង​រយៈពេល​កាន់​កាប់​តំណែង គាត់​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ពីរ​ដង​រួច​មក​ហើយ ដើម្បី​លៃ​យ៉ាង​ណា ឲ្យ​គាត់​អាច​បន្ត​អំណាច​ចាក់ឫស​របស់​គាត់​ ដោយ​ស្រប​ច្បាប់។

ក្នុង​ចំណោម​ប្រជាជន​បូគីណាហ្វាសូ​ទាំង​១៧លាន​នាក់ មាន​យុវជន​វ័យ​ក្រោម​២៥ឆ្នាំ​ រហូត​ដល់​ទៅ​៦០​ភាគរយ​ឯណោះ។ យើង​គិត​មើល​ទៅ ថា​យុវជន​ទាំង​នោះ តាំង​ពី​បើក​ភ្នែក​ដឹង​ក្តី​មក មិន​ដែល​ស្គាល់​មេ​ដឹកនាំ​ណា​ផ្សេង ក្រៅ​ពី​លោក​កុមប៉ាអូរ៉េ​ទេ។ អញ្ចឹង​ពួក​គេ​យល់​ថា នេះ​មិនមែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ទេ តែ​វា​ជា​របប​ផ្តាច់ការ​ក្រាញ​អំណាច របស់​លោក​កុមប៉ាអូរ៉េ។ ក្រុម​យុវជន​ ទាំង​នេះ​ហើយ ដែល​ជា​សន្ទុះ​សំខាន់​ ក្នុង​ការ​ប្រឆាំង​តវ៉ា។ បើ​យើង​មើល​ទៅ យើង​យល់​ថា ប្រជាជន​គាត់​ទ្រាំ​លែង​បាន​ទៀត​ហើយ ព្រោះ​បើ​នៅ​តែ​អញ្ចឹង​ទៀត លោក​កុមប៉ាអូរ៉េ ប្រាកដ​ជា​ធ្វើ​ប្រធានាធិបតី​រហូត​ដល់​ចាស់​ស្លាប់​មិន​ខាន។

ប្រជាជន ខ្លាច រូច​ពី​ក្រញ៉ាំ​ខ្លា ធ្លាក់​ចូល​មាត់​ក្រពើ៖
រហូត​មក​ដល់​ពេល​នេះ​ស្ថានការណ៍​ មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​វិញ​ហើយ។ ប៉ុន្តែ​ប្រជាជន​នៅ​តែ​មាន​ភាព​ស្រពេច​ស្រពិល អំពី​អនាគត​របស់​ប្រទេស។ យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ជា​បឋម មាន​អ្នក​ស្លាប់​ជាង​៣០នាក់ និង​របូស​ជាង​១០០នាក់ ក្នុង​ហេតុការណ៍​ម្សិលមិញ។ ស្ថានភាព​រៀង​ស្ងប់ស្ងាត់​បន្តិច ដោយសា​ពេល​នេះ ក្រុម​យោធា​បាន​ដាក់​បំរាម​គោលចរ មិន​ឲ្យ​មនុស្ស​ម្នា​ចេញ​ដើរ ពី​ម៉ោង ៧​ល្ងាច ដល់​ម៉ោង ៦​ព្រឹក។ ពួក​យោធា ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឧត្តម​សេនីយ​ម្នាក់​ឈ្មោះ ត្រាអូរ៉េ​ បាន​ចេញ​មុខ​មក​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​ទៅ ក្រុម​យោធា​នឹង​ដឹក​នាំ​ប្រទេស ទំរាំ​ដល់​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។

ចំណែក​លោក​ប្រធានាធិបតី​កុមប៉ាអូរ៉េ​ វិញ​ បាន​ថ្លែងសារ​ទៅ​ប្រជាជន​ថា លោក​បាន​យល់​អំពី​សេចក្តី​ចង់បាន​របស់​ប្រជាជន​ ក្នុង​ការ​ផ្លាស់​ប្តូរ។ គាត់​ថា គាត់​បាន​ដក​ចេញ គម្រោង​ធ្វើ​វិសោធនកម្ម​នោះ​វិញ​ហើយ  ហើយ​រដ្ឋាភិបាល និង​រដ្ឋសភា ក៏​ត្រូវ​បាន​រំលាយ​ចោល​ដែរ។ គាត់​បន្ត​ថា គាត់​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី ចូល​តុ​ចរចា ជាមួយ​គ្រប់​ភាគី​ទាំងអស់ ដើម្បី​រៀបចំ​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ រងចាំ​ទំរាំ​មាន​ប្រធានាធិបតី​ថ្មី ចូល​កាន់​ដំណែង។

ប៉ុន្តែ ប្រជាជន​បួគីណាហ្វាសូ ទូទៅ នៅ​មិន​ទាន់​ទុក​ចិត្ត​ទេ ទាំង​ទៅ​លើ​លោក​កុមប៉ាអូរ៉េ ទាំង​ទៅ​លើ​ក្រុម​យោធា។ យុវជន​ម្នាក់​និយាយ​ថា ប្រជាជន​បាន​រើ​បំរះ​ដើម្បី​បាន​ទទួល​សេរីភាព តែ​ទី​បំផុត ក្រុម​យោធា​បែរ​ជា​មក​រិត​បន្តិង​សេរីភាព មិន​ឲ្យ​ប្រជាជន​ចេញ​ទៅ​ណា​មក​ណា។ មួយ​វិញ​ទៀត​ ប្រជាជន​មិន​ពេញ​ចិត្ត មនុស្ស​លោក​មេ​បញ្ជាការ​យោធា ត្រាអូរ៉េ​ទេ។ ប្រជាជន​ក្រែង​ថា រួច​ពី​ក្រញាំ​ខ្លា មក​ធ្លាក់​ចូល​មាត់​ក្រពើ។ មាន​អតីត​មេទ័ព ម្នាក់​ឈ្មោះ គូអាម៉េ លូហ្គេ ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ ហើយ​ដែល​ប្រជាជន​ស្រលាញ់​គាំទ្រ​យ៉ាង​ខ្លាំង។ ឥឡូវ ប្រជាជន​ទាមទារ​ឲ្យ​លោក​ម្នាក់​នេះ មក​ដឹកនាំ​យោធា ដើម្បី​គ្រប់គ្រង​ប្រទេស​ជា​បណ្តោះ​អាសន្ន។

រី​ឯ​លោក​ប្រធានាធិបតី កុមប៉ាអូរ៉េ វិញ  ប្រជាជន​នៅ​មិន​ទុកចិត្ត​សម្តី​គាត់​ទេ ព្រោះ​ថា នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ ដែល​គាត់​បាន​ធ្វើ​កាល​ពី​ម្សិលមិញ គាត់​អត់​បាន​បញ្ជាក់​ទេ ថា​គាត់​នឹង​ចុះ​ចេញ​ពី​តំណែង។ គាត់​គ្រាន់​តែ​និយាយ​ថា គាត់​ត្រៀម​ខ្លួន​ក្នុង​ការ​ចរចា ដើម្បី​រៀបចំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ ទំរាំ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​ថ្មី។ អញ្ចឹង​មាន​ន័យ​ថា លោក​កុមប៉ាអូរ៉េ នឹង​រក​លេស​ ដឹកនាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​នេះ​បន្ត​ទៀត។

សហគមន៍​អន្តរជាតិ​បាន​ត្រឹម​អំពាវនាវ​ឲ្យ​ចរចា​គ្នា តែ​ប្រជាជន​បេជ្ញាចិត្ត​ដាច់​អហង្កា៖
សហគមន៍​អន្តរជាតិ​ដែល​ចេញ​មុខ​ប្រតិកម្ម​នោះ មាន​តែ​បារំាង និង​អាមេរិក​ទេ។ ប្រទេស​ទាំង​ពីរ បាន​អំពាវ​នាវ ឲ្យ​ប្រជាជន និង​អាជ្ញាធរ​រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​បញ្ចប់​អំពើ​ហិង្សា និង​កុំ​ឲ្យ​មាន​ស្លាប់​មនុស្ស​មន្ថែម​ទៀត។ ទាំង​អាមេរិក ទាំង​បារាំង បាន​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក កុមប៉ាអូរ៉េ ដែល​បាន​រំលាយ សភា និង​រដ្ឋាភិបាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់បាន​របស់​ប្រជាជន។ ប៉ុន្តែ​ភាគី​ទាំងអស់​ត្រូវ​តែ​ចូល​តុ​ចរចា​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា​ គណៈបក្ស​ប្រឆាំង រួម​នឹង​ប្រជាជន​ស្ទើរ​តែ​ទាំងអស់ មាន​បំណង​តែ​មួយ​គត់ គឺ បណ្តេញ​លោក កុមប៉ាអូរ៉េ ឲ្យ​ចេញ​ពី​អំណាច​ឲ្យ​ខាង​តែ​បាន។ ពួក​គេ​មិន​ព្រម​ឲ្យ​បង្កើត​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ ជាមួយ​លោក កុមប៉ាអូរ៉េទេ។ ២៧ឆ្នាំ វា​គ្រាប់​គ្រាន់​ពេក​ទៅ​ហើយ​ សម្រាប់​ប្រជាជន​បួគីណាហ្វាសូ។

សូម​រំលឹក​ដែរ​ថា បារាំង​ជា​ប្រទេស​តែ​មួយគត់​ ដែល​មាន​ទំនាក់​ទំនង​ស្និតស្នាល​ ជាមួយ​បួគីណាហ្វាសូ។ កាល​ពី​២សប្តាហ៍​មុន បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​ លោក​កុមប៉ាអូរ៉េ ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​បាន ឈរ​ឈ្មោះ​ត​ទៅ​ទៀត លោក​ប្រធានាធិបតី​បារាំង​ បាន​ផ្ញើរ​សំបុត្រ​មួយ ទៅ​គាត់ ដើម្បី​បញ្ចុះ​បញ្ចូល​ដោយ​ប្រយោល​ថា ល្មម​ឈប់​ក្រាញ​អំណាច​ទៀត​ទៅ ហើយ​បើ​សិន​គាត់​ចង់​ បារំាង​នឹង​ជួយ​ជ្រោម​ជ្រែង​ រក​តំណែង​ណា​មួយ​នៅ​តាម​អង្គការ​ រឺ​ស្ថាប័ន​អន្តរជាតិ។ ប៉ុន្តែ​លោក​កុមប៉ាអូរ៉េ បាន​និយាយ​ចំអក​វិញ​ថា លោក​មិនមែន​មិន​ចង់​ឈប់​ទេ តែ​លោក​មិន​អាច​ទុក​ប្រទេស​ឲ្យ​ចលាចល​ ដោយ​គ្មាន​លោក​គ្រប់គ្រង​នោះ​ទេ។ ប៉ុន្តែ​បើ​យើង​មើល​ស្ថានភាព​ជាក់​ស្តែង​នៅ​ពេល​នេះ​វិញ  មិន​មែន​ស្រុក​ចលាចល​ដោយ​គ្មាន​គាត់​គ្រប់​គ្រង​ទេ តែ​ស្រុក​ចលាចល ដោយសា​គេ​តវ៉ា​ទាមទារ​ឲ្យ​គាត់​ ឈប់​គ្រប់គ្រង​ប្រទេស​ត​ទៅ​ទៀត។ ប្រជាជន និង​បក្ស​ប្រឆាំង​បាន​តវ៉ា រហូត​បាន​ត្រឹម​នេះ ពួគ​គេ​ប្តេជ្ញា​ថា នឹង​បន្ត​ការ​តវ៉ា​តទៅ​ទៀត រហូត​លោក ​កុមប៉ាអូរ៉េ ចុះ​ចេញ​ពី​កៅអី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ