អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ប្រទេសអ៊ីរ៉ង់​ និង​រុស្ស៊ី​ប្រឹងប្រែង​បង្កើន​ទំនាក់​ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយជំនួបកំពូលលោកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីកាលពីចុងខែកុម្ភៈ ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកមិនសូវជារលូនល្អនឹងគ្នានោះទេ។ ខណៈពេលដែលទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើងជួបភាពរង្គោះរង្គើ គេមើលឃើញថាប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី កំពុងខិតខំរឹតចំណងមិត្តភាពល្អជាមួយកូរ៉េខាងជើងទៅវិញ។ ដូចនេះហើយ តើមូលហេតុអ្វីទៅដែលជំរុញឲ្យទាំងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ប្រឹងងាកមកពង្រឹងទំនាក់ទំនងល្អជាមួយនឹងកូរ៉េខាងជើង? 

លោកគីម ជុងអ៊ុន និងលោកលោកវ្ឡ៉ាឌីមៀរ ពូទីន ក្នុងជំនួបកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៩។
លោកគីម ជុងអ៊ុន និងលោកលោកវ្ឡ៉ាឌីមៀរ ពូទីន ក្នុងជំនួបកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៩។ KCNA via REUTERS ATTENTION EDITORS
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលទីក្រុងម៉ូស្កូ និងទីក្រុងតេហេរ៉ង់ កំពុងតែព្យាយាមរឹតចំណងទាក់ទងល្អជាមួយនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ហើយការខិតខំខ្នះខ្នែងនេះ គឺជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ដើម្បីអាចស្រវាចាប់យកផលប្រយោជន៍រៀងៗខ្លួនបាន។

នៅមួយរយៈពេលចុងក្រោយនេះ គេកត់សម្គាល់ឃើញថា ប្រទេសរុស្ស៊ីកំពុងតែបង្កើននូវទំនាក់ទំនងល្អឡើង ជាមួយនឹងប្រទេសកូរ៉េខាងជើង ជាពិសេសដូចដែលគេបានឃើញស្រាប់ហើយ តាមរយៈជំនួបជាលើកដំបូង និងប្រកបដោយផ្លែផ្ការវាងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងប្រធានធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃទី ២៥ មេសា នៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ីកន្លងទៅថ្មីៗនេះ។

តាមពិតទៅ រុស្ស៊ី និងកូរ៉េខាងជើងមានទំនាក់ទំនងប្រវត្តិសាស្ត្រយ៉ាងល្អជាមួយគ្នា ក៏ប៉ុន្តែចំណងទាក់ទងនេះ ត្រូវបានដួលរលំបន្ទាប់ពីការរលាយរលត់ទៅ នៃសហភាពសូវៀតកាលពីឆ្នាំ ១៩៩១។ តែទោះជាបែបនេះក្តី គេមើលឃើញថា ទំនាក់ទំនងល្អពីអតីតកាល គឺជាហេតុផលមួយ ក្នុងចំណោមហេតុផលសំខាន់ៗផ្សេងទៀត ដែលរុញច្រានឲ្យមេដឹកនាំនៃប្រទេសទាំងពីរ សម្រេចជួបពិភាក្សាគ្នាជាលើកដំបូង នាពេលថ្មីៗកន្លងមកនេះ។

ជាការណ៍គួរឲ្យកត់សម្គាល់ បើយោងទៅតាម​សារព័ត៌មានអាល្លឺម៉ង់ Deutsche Welle ចុះផ្សាយនៅថ្ងៃទី ២៨ មេសា ឆ្នាំ២០១៩ វិមានក្រឹមឡាំងបានងាកមកបង្កើនទំនាក់ទំនងល្អជាមួយព្យុងយ៉ាង ក៏ព្រោះតែក្រឹមឡាំងចង់ពង្រឹងតួនាទីរបស់ខ្លួននៅក្នុងតំបន់អាស៊ីភាគឦសាន។

ទាក់ទងរឿងនេះដែរ អ្នកជំនាញខាងភូមិសាស្ត្រនយោបាយម្នាក់គឺលោក Stephen Blank បានប្រាប់​សារព័ត៌មាន Deutsche Welle ថាប្រទេសរុស្ស៊ីមានលទ្ធភាពច្រើន ក្នុងការទទួលបានផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ច ពីទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង។ បើតាមលោក Stephen Blank ដដែលនេះ ទីក្រុងម៉ូស្គូ ទំនងជាអាចមានលទ្ធភាពបង្កើននូវតួនាទីរបស់ខ្លួន ពាក់ព័ន្ធនឹងជំនួបចរចា រវាងលោកដូណាល់ ត្រាំ និងគីម ជុងអ៊ុន នាពេលអនាគតទៀតផង។

ដោយឡែក បើងាកមកចាប់អារម្មណ៍ ពីប្រទេសអ៊ីរ៉ង់វិញ គេឃើញថា អ៊ីរ៉ង់មានចេតនាមួយផ្សេងខុសពីប្រទេសរុស្សី ដែលចង់ពង្រឹងតួនាទីដែនអំណាចរបស់ខ្លួននៅក្នុងតំបន់។ ប្រទេសអ៊ីរ៉ង់ ដែលសព្វថ្ងៃកំពុងតែរងសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងឡើងៗពី អាមេរិករបស់លោកដូណាល់ត្រាំ កំពុងរកផ្លូវរស់សម្រាប់ប្រទេស តាមរយៈការលក់ប្រេងទៅឲ្យប្រទេសផ្សេងៗ។

គួររំឭកជូនថា បើតាមសារព័ត៌មាន Deutsche Welle កាលពីថ្ងៃទី ២៨ មេសា ប្រមុខការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានប្រកាសថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងពេលឆាប់ៗខាងមុខនេះ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពិស្តារអំពីរឿងនេះឡើយ។

គួរគម្រាបជូនដែរថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អក់កករនឹងគ្នាខ្លាំងណាស់ បន្ទាប់ពីអាមេរិកប្រកាសដកខ្លួនចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចុះ​ហត្ថលេខា កាលពី​ឆ្នាំ ២០១៥។ ពិសេសជាងនេះទៅទៀតនោះ ចំណងទាក់ទងនៃប្រទេសទាំងពីរបានធ្លាក់ដុនដាបខ្លាំងថែមមួយកម្រិតទៀត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន​ប្រកាស​ជា​ផ្លូវការ​នាថ្ងៃទី២៤ មេសា​ថាក្រុម​ប្រទេស​ចំនួន ៨​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ទិញ​ប្រេងឆៅ​ពី​អ៊ីរ៉ង់រួមជាអាទិ៍មានប្រទេស​ចិន ឥណ្ឌា តួកគី និងជប៉ុនជាដើម នឹង​លែង​មាន​សិទ្ធិ​ទិញ​ចាប់​ពី​ថ្ងៃ​ទី២ ឧសភាខាងមុខត​ទៅ។

ទាញចេញពីចំណុចនេះ គេអាចសន្និដ្ឋានបានថា គម្រោងធ្វើទស្សនកិច្ចរបស់ប្រមុខការបរទេសអ៊ីរ៉ង់ទៅកាន់ទីក្រុងព្យុងយ៉ាង ធ្វើឡើងចំកាលៈទេសៈដ៏ចាំបាច់ និងសំខាន់បំផុតមួយរបស់អ៊ីរ៉ង់។

វាមានន័យថា ខណៈពេលដែលកូរ៉េខាងជើងព្យាយាមរត់គេចពីទណ្ឌកម្មដើម្បីអាចទិញប្រេងបាន ប្រទេសអ៊ីរ៉ង់ឯណោះវិញ កំពុងស្វែងរកអតិថិជនទិញប្រេងរបស់ខ្លួន។ ប្រេងដែលគេឯងដឹងយ៉ាងច្បាស់ថា វាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីរ៉ង់។ នេះបើយោងសម្តីរបស់អ្នកស្រី Elizabeth Rosenberg អតីតទីប្រឹក្សាជាន់ខ្ពស់នៃនាយកដ្ឋានរតនាគារអាមេរិក និងមានចុះផ្សាយនៅក្នុងសារព័ត៌មាន Deutsche Welle កាលពីថ្ងៃទី ២៨ មេសា ឆ្នាំ២០១៩ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ