អានតួអត្ថបទ

បារាំង​ចែចង់​អ៊ីរ៉ង់​តែ​ខ្លាច​របូត​អារ៉ាប៊ីសាអ៊ូឌីត

លោក​ហាសាន រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​ទើប​នឹង​បញ្ចប់​ដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីតាលី បាន​បន្ត​ដំណើរទៅកាន់​​ប្រទេស​បារាំង​នៅថ្ងៃ​ពុធ​នេះ នៅ​ក្នុង​​ដំណើរទស្សនកិច្ច​ជាប្រវត្តិសាស្រ្ត​មួយ​ ដែល​​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សារ​ទំនាក់ទំនង រវាង​បារាំង និង​អ៊ីរ៉ង់ ក្រោយ​ពី​ត្រូវ​ប្រឈមមុខដាក់គ្នា​អស់​ជាង​មួយទសវត្សរ៍ ដោយសារ​តែ​វិបត្តិ​នុយក្លេអ៊ែរ។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ជួប​ជាមួយ​លោក​ហាសាន រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ នៅ​ក្នុង​អំឡុង​មហាសន្និបាត​អ.ស.ប កាល​ពីខែកញ្ញា ឆ្នាំ​២០១៤
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ជួប​ជាមួយ​លោក​ហាសាន រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ នៅ​ក្នុង​អំឡុង​មហាសន្និបាត​អ.ស.ប កាល​ពីខែកញ្ញា ឆ្នាំ​២០១៤ REUTERS/Alain Jocard/Pool
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល ១៧ឆ្នាំមកហើយ មិនដែល​មាន​ប្រធានាធិបតី​អ៊ីរ៉ង់​ទៅបំពេញទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង​នោះទេ។ លើកចុងក្រោយ​បង្អស់ ដែល​មាន​ប្រធានាធិបតី​អ៊ីរ៉ង់​ទៅបំពេញ​ទស្សនកិច្ច នៅ​បារាំង គឺ​កាល​ពី​ឆ្នាំ​១៩៩៩។

ដំណើរទស្សនកិច្ច​របស់​លោក​ហាសាន រ៉ូហានី នៅ​បារាំង​នៅពេលនេះ ដែល​កើតមានឡើងនៅ​ក្រោយ​ពី​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បិទបញ្ចប់ តាមរយៈ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​វីយ៉ែន កាល​ពីថ្ងៃ​ទី១៤កក្កដា​ឆ្នាំមុន ហើយ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​គេ​ដាក់​លើ​អ៊ីរ៉ង់​ក៏​ត្រូវ​គេ​ដកចេញ​មកវិញ កាល​ពី​២សប្តាហ៍មុន​ គឺ​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សារ​ទំនាក់ទំនងគ្នាឡើងវិញ រវាង​ប្រទេស​ទាំងពីរ​នេះ។

ការផ្សះផ្សារ​ទំនាក់ទំនងគ្នា​នេះ​ក៏​នាំមក​ជាមួយ​នឹង​កិច្ចសន្យា​ពាណិជ្ជកម្ម​ធំៗ​ផងដែរ ដោយ​
​រដ្ឋាភិបាល​អ៊ីរ៉ង់​បានឲ្យដឹង​ថា នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ហាសាន រ៉ូហានី នៅ​បារាំង អ៊ីរ៉ង់​នឹង​ចុះ​កិច្ចសន្យា​ទិញ​យន្តហោះ​អ៊ែរប៊ូស រហូត​ដល់​ទៅ ១១៤គ្រឿង ដែល​ជា​កិច្ចសន្យា​មាន​តម្លៃ​ជាទឹកប្រាក់​រាប់ពាន់​លាន​អឺរ៉ូ។ អ៊ីរ៉ង់​ក៏​គ្រោង​នឹង​ចុះ​​​កិច្ចព្រមព្រៀង លើ​វិស័យ​នាំចេញ​រថយន្ត​របស់​បារាំង​ផងដែរ។

អ៊ីរ៉ង់​គឺ​ជា​ទីផ្សារ​ដ៏ធំមួយ ដែល​មាន​ប្រជាជន​រហូតដល់​ទៅ​ជិត ៨០លាននាក់ ហើយ​​ជា​ទីផ្សារ​ដែល​នៅទំនេរ​ច្រើន ដោយសារ​តែ​ទើប​នឹង​ងើបចេញ​ពី​​ទណ្ឌកម្ម​អន្តរជាតិ។ លើសពីនេះ​ទៅទៀត​ អ៊ីរ៉ង់​គឺ​ជា​ប្រទេស​ដែល​មាន​​ធនធាន​ប្រេង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ហើយ​ជា​ប្រទេស​ដែល​នាំប្រេងច្រើន​ជាងគេ​លំដាប់ទី៤ នៅលើ​ពិភពលោក។ ដូច្នេះ ក្រុមហ៊ុន​បារាំង ក៏ដូចជា​ក្រុមហ៊ុន​មក​ពី​បណ្តា​​ប្រទេស​ជាច្រើន​ផ្សេងទៀត​កំពុងតែ​ប្រជែងគ្នា​ដណ្តើម​ឱកាស​រកស៊ី​នៅ​អ៊ីរ៉ង់ ហើយ​ដំណើរទស្សនកិច្ច​របស់​លោក​ហាសាន រ៉ូហានី គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ​ សម្រាប់​បារាំង ក្នុងការ​បោះជំហាន​ចូល​ក្នុង​ទីផ្សារ​អ៊ីរ៉ង់។

ក៏ប៉ុន្តែ ការផ្សះផ្សារ​ទំនាក់ទំនង​ជាមួយនឹង​អ៊ីរ៉ង់​នៅពេលនេះ មិនមែន​ធ្វើ​ឲ្យ​គ្រប់គ្នា​សុទ្ធតែសប្បាយចិត្ត​ទេ។ នៅ​អ៊ីរ៉ង់ ក្រុម​អ្នក​អភិរក្ស​និយម​មិន​នៅតែ​បន្ត​អាក់អន់ចិត្ត​នឹង​បារាំង ដែល​ជា​ប្រទេសមួយ​ប្រកាន់​ជំហរតឹងរ៉ឹង​ជាងគេ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

នៅបារាំង​វិញ អ្នក​ដែល​មិន​សប្បាយចិត្ត​ខ្លាំង គឺ​សកម្មជន​សិទ្ធិមនុស្ស ពីព្រោះ​ថា ថ្វីដ្បិត​តែវិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​ដោះស្រាយ​ ប៉ុន្តែ បញ្ហា​មួយ​នៅតែ​ចោទ គឺ​បញ្ហា​សិទ្ធិមនុស្ស។ អ៊ីរ៉ង់​នៅតែ​ប្រកាន់​យក​នូវ​របបដឹកនាំ​តាមបែបសាសនា​ប្រកាន់​តឹង ​មាន​ការ​​រឹតបន្តឹង​សិទ្ធិសេរីភាព ជាពិសេស សិទ្ធិស្រ្តី និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ ហើយ​ចលនា​នយោបាយ​ប្រឆាំង​ក៏​នៅតែ​ទទួលរង​នូវការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង។

បើ​និយាយ​ពី​លោក​ហាសាន រ៉ូហានី​វិញ ថ្វីដ្បិត​តែ​គេ​មើល​ឃើញ​ថា​ជា​មេដឹកនាំ​ដែល​មាន​ជំហរទន់ភ្លន់​ជាង​ប្រធានាធិបតី​មុនៗ ប៉ុន្តែ ​ទន់ភ្លន់​តែ​ចំពោះ​សំណុំរឿង​នុយក្លេអ៊ែរតែ​ប៉ុណ្ណោះ។ ចំណែក​​ឯ​បញ្ហា​សិទ្ធិសេរីភាព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​វិញ​មិន​សូវជា​ខុស​ពី​ប្រធានាធិបតី​មុនៗ​នោះទេ។ ដូច្នេះហើយ​បាន​ជា​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​​​ទាមទារ​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់ មើល​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់​ផង កុំ​គិតតែ​ពី​រឿង​ផលប្រយោជន៍​​សេដ្ឋកិច្ច​មួយមុខ។

តាមពិត សម្រាប់​បារាំង ការ​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​នឹង​អ៊ីរ៉ង់ ​ត្រូវ​ចោទ​ជា​បញ្ហា​​ធំ​មួយ​ទៀត គឺ​ទំនាក់ទំនង​ជាមួយ​នឹង​អារ៉ាប៊ីសាអ៊ូឌីត។ អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់ គឺ​ជា​គូសត្រូវ​នឹងគ្នា ហើយ​បច្ចុប្បន្ន​នេះ​កំពុងតែ​ឈ្លោះ​គ្នាខ្លាំង រហូត​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​​។ ​បារាំង​វិញ​​​កំពុងតែ​មាន​ទំនាក់ទំនង​​យ៉ាង​ល្អ​ជាមួយ​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ក៏​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​យ៉ាងច្រើន​ផងដែរ​ជាមួយគ្នា។ ដូច្នេះ បើ​សិន​ជា​បារាំង​ងាក​មក​ល្អូនល្អឺន​ខ្លាំង​ជាមួយ​អ៊ីរ៉ង់ គឺ​អាច​នឹង​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​អន់ចិត្ត។ បារាំង​អា​បង្កើត​កិច្ចការ​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ អាច​នឹង​ត្រូវ​បាត់ប្រយោជន៍​នៅ​អារ៉ាប៊ីសាអ៊ូឌីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ