អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ទាញ​សញ្ញា​អាសន្ន​ស្តី​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​សម្រាប់​រដ្ឋធានី​តេអេរ៉ង់

អាជ្ញាធរ​អ៊ីរ៉ង់​បាន​ប្រកាស​អាសន្ន​ពីការខ្វះខាត​ទឹក និង​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​បំផុត។ នៅ​អ៊ីរ៉ង់ ទំនប់​ស្តុកទុក​ទឹក​ចំនួន​បី​ក្នុង​ចំណោម​៥ ដែល​ត្រូវ​ផ្គត់ផ្គង់​សម្រាប់​ការប្រើប្រាស់​នៅ​ក្នុង​រដ្ឋធានី​ស្ទើរ​តែ​គ្មាន​ទឹក​ទាល់​តែ​សោះ។ នេះ​បើ​តាម​ការអះអាង​របស់​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​បានទាញ​សញ្ញា​អាសន្ន បន្ទាប់ពី​បាន​ទៅ​ទស្សនា​ទំនប់​ស្តុក​ទឹក នៅក្រៅ​ក្រុង​តេអេរ៉ង់។ 

ចំនួន​ទឹកភ្លៀង​ធ្លាក់​ចុះ​៨ភាគរយ​នៅឆ្នាំ​២០១៤ នៅ​អ៊ីរ៉ង់
ចំនួន​ទឹកភ្លៀង​ធ្លាក់​ចុះ​៨ភាគរយ​នៅឆ្នាំ​២០១៤ នៅ​អ៊ីរ៉ង់ ©
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ទំនប់​ស្តុក​ទុក​ទឹក ចំនួន ប្រាំ ដែល​ត្រូវ​ផ្គត់ផ្គង់​ទឹក​សម្រាប់​រដ្ឋធានី​តេអេរ៉ង់ និង​ខេត្ត​នៅជុំវិញ ទំនប់​ចំនួន​បី​មាន​ទឹក​សម្រាប់​តែ​ការប្រើប្រាស់ ពីរ​បីថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ ទីក្រុង​តេអេរ៉ង់ ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​១៤​លាន​នាក់ នឹង​ជួបប្រទះ​ការខ្វះខាត​ទឹក​ប្រើប្រាស់ នាពេល​ខាងមុខ។

 
ដើម្បី​ជៀសវាង​នយោបាយ​បែងចែក​ចំណែក​ទឹក រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ស្នើសុំ​ឲ្យ​ប្រជាជន​ក្នុង​រដ្ឋធានី​កាត់បន្ថយ​ការប្រើប្រាស់​ដែល​មិន​ចាំបាច់ ដូចជា​ការលាង​រថយន្ត ឬ​ការស្រោច​សួនច្បារ​ដោយ​ទឹកស្អាត។ សំណើ​មានន័យ​ស្មើ​ការព្រមាន ព្រោះថា អាជ្ញាធរ​អ៊ីរ៉ង់​បាន​បញ្ជាក់​ហើយ​ថា បើសិន​ប្រជាជន​ល្មើស មិន​ប្រយ័ត្នប្រយែង ដើម្បី​សន្សំសំចៃ​ទឹក នោះ ដំបូង​ពួកគេ​នឹង​ត្រូវ​គេ​កាត់ផ្តាច់ មិន​ឲ្យ​ប្រើប្រាស់​ទឹក បន្ទាប់មក នឹង​មាន​ការពិន័យ​តឹងរ៉ឹង​សម្រាប់​អ្នកដែល​ល្មើស​ប្រើប្រាស់​ទឹក​ច្រើន។

យោងតាម​ក្រុមហ៊ុន​គ្រប់គ្រង​ទឹកស្អាត​នៅ​អ៊ីរ៉ង់ ប្រជាជន​អ៊ីរ៉ង់​ម្នាក់​ប្រើប្រាស់​ទឹក​ស្អាត ប្រមាណ ២៥០​លីត្រ​ក្នុង​មួយថ្ងៃ គឺ​ច្រើន​ជាង​បរិមាណ​មធ្យម ដែល​ប្រជាជន​ក្នុង​ពិភពលោក​ប្រើប្រាស់ ប្រមាណ ១៥០​លីត្រ។

ជារួម មិនមែន​មាន​តែ​រដ្ឋធានី​ដែល​ជួបការខ្វះខាត​ទឹក។ ខេត្ត​ជាង​៥០០​ទៀត​របស់​អ៊ីរ៉ង់​ក៏​កំពុង​ជួប​វិបត្តិ​ខ្វះទឹក​ដូចគ្នា​នេះដែរ ដោយសារ​តែ​គ្រោះ​រាំងស្ងួត​ហួតហែង​ខ្លាំង។ តាម​អាជ្ញាធរ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ថយចុះ​ប្រមាណ​៨​ភាគរយ នៅឆ្នាំនេះ។

ដើម្បី​ទប់ទល់​គ្រោះ​គ្មាន​ទឹកប្រើប្រាស់ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ធ្វើ​នយោបាយ​បិទ​ទឹក​ចំនួន ៧ម៉ោង ក្នុង​មួយថ្ងៃ។ រដ្ឋាភិបាល​បាន​ប្រកាស​ផងដែរ​ថវិកា​១០​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ដែល​រហូត​មក​ដល់​ពេលនេះ ពឹងអាស្រ័យ​ចំនួន​៩០​ភាគរយ​ទៅលើ​ទឹកភ្លៀង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ