ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/03 12h00 GMT
មជ្ឈិមបូព៌ា

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​រង​ការរិះគន់​ខ្លាំង​ក្រោយថា​អ៊ីស្រាល​ជារដ្ឋ​សម្រាប់តែ​ពួកជ្វីហ្វ​

media លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល REUTERS/ Ammar Awad

ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ នេតាន់យ៉ាហ៊ូ​ ដែលថា​ អ៊ីស្រាអែល​ គឺជា​រដ្ឋ​សម្រាប់តែ​ជនជាតិជ្វីហ្វ​ប៉ុណ្ណោះ​ បានធ្វើឲ្យ​លោក​រងការរិះគន់​មិនតិចនោះទេ​។ មិនតែប៉ុណ្ណោះ​ នាពេលថ្មីៗនេះ​ ប្រធានបទនេះ​ បានក្លាយទៅជា​ពាក្យ​ឌឺដង​ផ្លែផ្កាគ្នា​ទៅវិញទៅមក​ រវាង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ និង​ប្រធានាធិបតីតួកគី​ដែលជា​គូបក្ខដិបក្ខ​នឹងគ្នា​ទៀតផង​។

តួកគី​ បានចេញមុខ​បរិហារ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោកនេតាន់យ៉ាហ៊ូ​ ថាជា​មនុស្សរើសអើង​ជាតិសាសន៍​ ដោយសារ​លោកនិយាយថា​ ប្រទេស​អ៊ីស្រាអ៊ែល​ គឺ​ជា​រដ្ឋ​សម្រាប់​ជនជាតិជ្វីហ្វ​ និង​មិនមែន​ជាប្រទេស​របស់​មនុស្ស​គ្រប់គ្នា​នោះទេ​។

ជាក់ស្តែង​ នៅថ្ងៃ​អង្គារ​ម្សិលមិញនេះ​ អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួកគី​បាន​សរសេរ​នៅលើ​បណ្តាញសង្គម​ Twitter ជាពីរភាសា​ គឺ​មានទាំង​ភាសាតួកគី​ និង​អង់គ្លេសថា​ លោកថ្កោលទោសជាខ្លាំង​ចំពោះ​អំពើស្អប់ខ្ពើម​ និង​រើសអើង​ជាតិសាសន៍​។

មិនបង្អង់រងចាំយូរឡើយ​ នៅថ្ងៃពុធនេះ​ លោកនេតាន់យ៉ាហ៊ូ​ បាន​វាយបកទៅវិញថា​ លោក​អ៊ែរដូហ្កាន​ គឺជា​ប្រធានាធិបតី​ផ្តាច់ការ​របស់​តួកគី​ និង​ជាបុគ្គល​ដែល​វាយ​ប្រហារ​មកលើ​លទ្ធិប្រជាធិបតេយ្យ​របស់​អ៊ីស្រាអែល។

គួរជម្រាបជូនថា​ ប្រទេសតួកគី​ និង​អ៊ីស្រាអែល​មិនមាន​ទំនាក់ទំនងល្អ​នឹងគ្នានោះទេ​។ ប្រធានាធិបតីតួកគី​ លោកអ៊ែរដូហ្កាន​ គឺជា​អ្នកគាំទ្រ​ពួកប៉ាឡេស្ទីន​ និងជា​ញឹកញយ​លោករិះគន់​ចំពោះ​គោលនយោបាយ​របស់​អ៊ីស្រាអែល​ដោយ​មិន​សំចៃមាត់​ឡើយ​។

ធ្ងន់ធ្ងរ​ជាងនេះទៅទៀតនោះ​ អ្នកនាំពាក្យ​របស់​លោកអ៊ែរដូហ្កាន​ ថែមទាំង​លើកឡើងថា​ អ៊ីស្រាអែល​ ដណ្តើមយក​ទឹកដី​របស់​ប៉ាឡេស្ទីន​ សម្លាប់ស្ត្រី​ និងកុមារ​ប៉ាឡេស្ទីន​ ព្រមទាំង​ចាប់​ជនជាតិប៉ាឡេស្ទីន​ដាក់ក្នុង​ពន្ធនាគារ​នៅលើ​ទឹកដី​ដែលជា​របស់​ពួកគេ​ទៀតផង​។

គួរជ្រាបថា​ ទំនាក់ទំនង​រវាង​ប្រទេសអ៊ីស្រាអែល​ និងតួកគី​បាន​ធ្លាក់ដុនដាបខ្លាំង​នៅក្នុងឆ្នាំ​ ២០១០​ គឺបន្ទាប់ពី​កងកម្លាំង​អ៊ីស្រាអែល​បានរារាំង​កប៉ាល់​របស់​សកម្មជន​តួកគី​ដែល​ព្យាយាម​ចូលទៅក្នុង​តំបន់ហ្គាហ្សា​ ហើយដែលបាន​បណ្តាលឲ្យ​សកម្មជន​តួកគី​ចំនួន​ ១០ នាក់​ស្លាប់​។ ក្រោយហេតុការនោះ​ ប្រទេសទាំងពីរ​បានផ្តាច់ទំនាក់ទំនង​ការទូតរវាងគ្នា​អស់រយៈពេល​ជាច្រើនឆ្នាំ​ និង​ផ្តើមមាន​ចំណងការទូត​ជាមួយគ្នា​ឡើងវិញ​ក្នុង ២០១៦​ កន្លងទៅ​។

គួរកត់សម្គាល់ដែរថា​ ក្រៅតែ​ទទួលរង​ការរិះគន់ពី​បរទេស​ លោកនេតាន់យ៉ាហ៊ូ ក៏​កំពុង​រងការរិះគន់ជាច្រើន​ពីសំណាក់​ជនជាតិជ្វីហ្វ​ដើមកំណើត​អារ៉ាប់​ដែល​មានចំនួន​ប្រមាណជា​ ១៧,៥ ភាគរយ​ក្នុងចំណោម​ប្រជាជនអ៊ីស្រាអែល​ទាំងអស់​។ ការណ៍នេះ​ ធ្វើឲ្យ​គេ​គិតថា​សំឡេង​គាំទ្រ​គណបក្ស​របស់​លោកនេតាន់យ៉ាហ៊ូ​ អាចនឹង​ត្រូវថយចុះ​សម្រាប់​ការបោះឆ្នោត​នាខែមេសា​ខាងមុខនេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ