ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីស្រាអែល​ សាកល្បង​ដោយជោគជ័យ​មីស៊ីល​ប្រឆាំង​មីស៊ីល​

media នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូ និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល មើលវីដេអូនៃការធ្វើតេស្តសាកស្បងមីស៊ីលប្រឆាំងមីស៊ីល។ Menahem Kahana/Pool via REUTERS

អ៊ីស្រាអែល បានធ្វើការសាកល្បងជោគជ័យប្រព័ន្ធខែលមីស៊ីល។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមិន នេតាន់យ៉ាហ៊ូ នាថ្ងៃអាទិត្យទី២៨ កក្កដា ដោយបានបញ្ជាក់បន្ថែមថា ប្រព័ន្ធខែលមីស៊ីលនេះ ត្រូវបានបង្កើតឡើងទុកសម្រាប់ប្រឆាំងទល់នឹងការគំរាមកំហែងនានាពីសំណាក់ប្រទេសអ៊ីរ៉ង់។

នៅថ្ងៃអាទិត្យម្សិលមិញនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល ក៏បានចូលរួមជាមួយលោកនេតាន់យ៉ាហ៊ូ ដែរ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅទីក្រុងហ្ស៊េរុយសាឡិម ដើម្បីមើលវីដេអូនៃការធ្វើតេស្តសាកស្បងនេះ។

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងប្រព័ន្ធខែលមីស៊ីល Arrow-3 ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិកហើយប្រព័ន្ធខែមីស៊ីលនេះ មានសមត្ថភាពអាចរារាំងការវាយប្រហារពីលើអាកាសបាន។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ និយាយថា អ៊ីស្រាអែល នៅវេលានេះ ខណៈនេះ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួន ពីការបាញ់មីស៊ីល ផ្លោងចេញពីប្រទេសពីអ៊ីរ៉ង់ ឬពីកន្លែងផ្សេងៗទៀតបាន។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់សន្តិសុខរបស់អ៊ីស្រាអែល។ លោកនេតាន់យ៉ាហ៊ូ បញ្ជាក់បន្ថែមបែបនេះ។

គួររំឭកជូនថា នៅគ្រាកន្លងមក អ៊ីស្រាអែល ក៏ធ្លាប់បានប្រកាសដែរ អំពីការសាកល្បងប្រព័ន្ធខែលមីស៊ីលប្រកបដោយជោគជ័យ។ មិនតែប៉ុណ្ណោះ មីស៊ីលជាច្រើន ក៏ត្រូវបានដាក់ ពង្រាយ នៅតាមទីតាំងមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលផងដែរ កាលពីឆ្នាំ២០១៧។

ក្រុមមន្រ្តីរដ្ឋាភិបាល អ៊ីស្រាអែល បាននិយាយថា មីស៊ីលដែលដាក់ពង្រាយកាលពីឆ្នាំ ២០១៧ ជាម៉ូដែលចាស់ មិនទាន់សម័យ ដូច្នោះហើយ ប្រព័ន្ធខែលមីស៊ីលថ្មី នឹងត្រូវដាក់ជំនួសវិញ ដើម្បីធ្វើឱ្យកម្រិតនៃការការពារកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។

សូមជ្រាបថា ប្រព័ន្ធខែលមីស៊ីល Arrow-3  ត្រូវបានបង្កើតនិងផលិតឡើង ដោយក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Boeing របស់អាមេរិក។ Arrow-3 ត្រូវបានបង្កើត ដើម្បីបម្រើជាប្រព័ន្ធស្កាត់មីស៊ីល រយៈកម្ពស់ខ្ពស់បំផុត របស់អ៊ីស្រាអែល។

គួរជ្រាបដែរថា​ អ៊ីស្រាអែល គឺជាប្រទេសដែលមានសមត្ថភាពយោធាខ្លាំងជាងគេបំផុតមួយ នៅតំបន់មជ្ឈិមបូព៌ា ហើយអ៊ីរ៉ង់គឺជាតស្រូវដ៏ធំរបស់អ៊ីស្រាអែលនៅក្នុងតំបន់។ ចាប់តាំងពីឆ្នាំ ២០១៥ អ៊ីស្រាអែលបានខិតខំអភិវឌ្ឍ និងសាកល្បងមីស៊ីលជាច្រើន ដោយអះអាងថាធ្វើនេះសម្រាប់តែគោលបំណងការពារខ្លួនតែប៉ុណ្ណោះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ