ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

តើ​អ្វីទៅ​ជា​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស)?

តើ​អ្វីទៅ​ជា​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស)? ផលិតផល​ក្នុងស្រុក​សរុប គឺ​ជា​សូចនាករ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​អស់​រយៈពេល​ ៨៤ឆ្នាំមកហើយ Marcos Santos/USP Imagens

    សូចនាករសេដ្ឋកិច្ចដ៏ល្បីល្បាញមួយគឺ “ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)” ត្រូវបានគេប្រើប្រាស់ជាទូទៅ រហូតមកទល់នឹងពេលបច្ចុប្បន្ន ដើម្បីវាស់វែងទំហំនៃ​ទ្រព្យសម្បត្តិ និង​កម្រិតនៃការអភិវឌ្ឍក្នុងប្រទេសមួយ។ ប៉ុន្តែ សូចនាករនេះក៏ត្រូវបានមើលឃើញផងដែរថា មានចំណុចខ្សោយច្រើន។ តើអ្វីទៅជា ផលិតផលក្នុងស្រុកសរុប?

    មានរយៈពេលជិត ៨៤ឆ្នាំ មកហើយ ដែលសូចនាករសេដ្ឋកិច្ចមួយ​ដ៏​ល្បីល្បាញ​បំផុត គឺ​ “ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ” ឬ​ជាភាសាបារាំង “Produit Intérieur Brut - PIB” និង​ជាភាសាអង់គ្លេស​ “Gross Domestic Product - GDP” ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សេដ្ឋវិទូ និង​ស្ថិតិវិទូ​អាមេរិក​ម្នាក់​ ដែល​ទទួល​បានពានរង្វាន់ណូបែលសេដ្ឋកិច្ច នៅឆ្នាំ១៩៧១ គឺ​លោក​សាស្រ្ដាចារ្យ Simon Kuznets។

    ផលិត​ផល​ក្នុង​ស្រុក​សរុប​ គឺ​ជាសូចនាករ​សេដ្ឋកិច្ចមួយ​ ដែល​វាស់​វែងអំពី​ ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​មួយ ឬជា​អ្វី​ៗ​ដែល​ត្រូវ​បាន​ផលិត​ឡើង ​ក្នុង​ប្រទេស​មួយ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ដើម្បី​ធ្វើការ​គណនា ផលិត​ផល​ក្នុង​ស្រុក​សរុប​ គេ​អាច​ប្រើប្រាស់​​ជម្រើស​មួយ​ គឺ​វាស់​​តម្លៃ​បន្ថែម (Values added / valeur ajoutée) នៃ​អ្វី​ៗដែល​បាន​ផលិត​ នៅក្នុងប្រទេស​មួយ។ យើង​អាច​កំណត់​​តម្លៃ​បន្ថែម​ ជា​ពីរប្រភេទ។

    ទីមួយ​គឺ តម្លៃ​បន្ថែមនៃទំនិញ​អពាណិជ្ជ (non commercial products /​ produits non commercials) សំដៅ​ដល់​ ទំនិញទាំង​ឡាយ​ណា  ដែល​ផលិត​ដោយ​រដ្ឋបាល​មួយ ដូចជា ការ​បង្រៀនគួរ​មួយ​ម៉ោង​ ដោយ​គ្រួបង្រៀន​ម្នាក់។ ទីពីរ​គឺ តម្លៃ​បន្ថែម​នៃ​ទំនិញពាណិជ្ជ (commercial products /​ produits commercials) សំដៅ​ដល់​ ទំនិញ​ទាំង​ឡាយ​ណា ដែល​ផលិត​ដោយ សហគ្រាស​ឯក​ជន។ ទំនិញ​ទាំង​នេះគឺ​ជា​ ប្រាក់​ចំណូល​ពីការ​លក់ ដែលមាន​តម្លៃ​ស្មើ​នឹង ​ថ្លៃ​ទំនិញ គុណ​នឹង​បរិមាណ​នៃ​ទំនិញលក់ទាំង​​នោះ ប៉ុន្តែ​ត្រូវ​ដកចេញ ការ​ប្រើប្រាស់​អន្តរការី។

    ត្រង់​នេះ គោលការណ៍ថ្លៃ ត្រូវ​បាន​មើល​ឃើញមាននៅក្នុង​​តម្លៃ​បន្ថែម ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​​ការ​គណនា​ផលិត​ផល​ក្នុង​ស្រុក​សរុប​។ ជា​លទ្ធផល គេ​ហៅថា  ផលិត​ផល​ក្នុង​ស្រុក​សរុបចារឹក (Nominal GDP / PIB norminal)។  ទោះ​ជាយ៉ាង​ណា ប្រសិន​បើ​ ថ្លៃ​ទំនិញ ចេះ​តែ​បន្ត​កើន​ឡើង ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ នោះផលិត​ផល​ក្នុង​ស្រុក​សរុប​នឹង​កើន​ឡើង បើ​ទោះ​ជាបរិមាណ​ផលិតទំនិញ​មិន​បាន​កើន​ឡើង​ក៏​ដោយ។

    មូល​ហេតុ​នេះហើយ ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​​កម្រិតទ្រព្យសម្បត្តិ​ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ និងពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ គេ​ត្រូវដក​ចេញ បម្រែបម្រួល​ថ្លៃ ដើម្បី​រក​ឱ្យ​​ឃើញតែ​ការ​ប្រែប្រួល បរិមាណ​ផលិត​ប៉ុណ្ណោះ។       

    ដើម្បី​ធ្វើ​រឿង​នេះ​បាន គេ​ប្រើប្រាស់ សន្ទស្សន៍ថ្លៃ​ទំនិញ​ប្រើប្រាស់​ (Consumer Price Index / Indice des prix à la consummation) វាស់​វែង​ដោយ​ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ នៃ​ប្រទេស​មួយ។ ដូច្នេះ នៅចុងក្រោយ គេ​អាច​រក​ឃើញ ផលិត​ផល​ក្នុង​ស្រុក​សរុបពិត (Real GDP / PIB réel)។ ត្រង់ចំណុច​នេះ​ គេ​ត្រូវ​ចងចាំថា ដើម្បី​ប្រៀបធៀបកម្រិតនៃភាព​មាន​បា​ន​ រវាង​ប្រទេស​ខុសគ្នា គេ​ត្រូវ​បំប្លែង ផលិត​ផល​ក្នុង​ស្រុក​សរុប ជា​រូបិយវត្ថុអន្ដរជាតិរួម គឺ​ដុល្លារអាមេរិក ដោយ​គិត​ អំណាចទិញ។ ធ្វើ​ដូច្នេះ វា​អនុញ្ញាត​ឱ្យ​យើង​លុប​បំបាត់​ភាព​ខុស​គ្នា​នៃ​កម្រិត​ថ្លៃ​រវាង​ប្រទេស​នីមួយៗ។

    បន្ថែម​ពីលើ​នេះ គេក៏​អាច​ពិចារណា​ផងដែរពី​ ផលិត​ផល​ក្នុង​ស្រុក​សរុបសម្រាប់​មនុស្ស​ម្នាក់ (per capita GDP / PIB par habitant)។  សូចនាករ​នេះ​អនុញ្ញាត​ឱ្យ​យើង​មើល​កាន់តែ​លម្អិត ពី​ភាព​មាន​បាន​របស់​មនុស្ស​ម្នាក់​ៗ ព្រោះថា ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ ច្រើន​តែ​មាន​ទំហំសេដ្ឋកិច្ច​ធំ តែ​ទ្រព្យសម្បត្តិ​របស់មនុស្ស​ម្នាក់​មាន​ទំហំ​ទាប ដូចជា​ប្រទេស ចិន​ ឬ​ឥណ្ឌា ធៀប​ជាមួយ​ប្រទេស​ជឿន​លឿន នៅបស្ចិម​លោក។

    សរុបជារួម ផលិត​ផល​ក្នុង​ស្រុក​សរុប ត្រូវបានគេប្រើប្រាស់ជាទូទៅ រហូតមកទល់នឹងពេលបច្ចុប្បន្ន ដើម្បីវាស់វែងទំហំផលិតផល និងកម្រិតនៃការអភិវឌ្ឍក្នុងប្រទេសមួយ។ ប៉ុន្តែ សូចនាករនេះត្រូវបានមើលឃើញថា មានចំណុចខ្សោយច្រើន ដែល​នេះជាមូល​ហេតុធ្វើឱ្យ​ អ្នក​ប្រាជ្ញ​សេដ្ឋកិច្ច​ បន្ត​បង្កើតសូចនាករ​ផ្សេងៗ តួយ៉ាង សន្ទស្សន៍សុភមង្គល​ជាតិដុល (Gross National Happiness Index / Indice du bonheur national brut) ដើម្បី​វាស់វែង និង​បូក​បញ្ចូល​ កត្តា​គុណភាព​ជីវិត​ក្នុង​ប្រទេស​មួយ។ ជាឧទាហរណ៍ ថា​តើ​មនុស្ស​ម្នាក់​ក្នុងស​ង្គម​មួយមាន ​តុល្យភាពរវាង​ ការងារ​ និង​សុខភាព ឬយ៉ាង​ណា។ ទោះជាយ៉ាងណា ល័ក្ខខ័ណ្ឌថ្មី​​ទាំង​នេះ មាន​ភាព​លំបាក​ខ្លាំងក្នុង​ការ​វាស់វែង ប៉ុន្តែ​វា​អាច​ផ្តល់​ជម្រើស​ថ្មី​ នៅ​ពេល​គេ​ចង់​​ពិចារណាអំពី​ សេដ្ឋកិច្ច​របស់​ប្រទេស​មួយ៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ