អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​ឆ្នាំ ២០១៥-២០១៦

នៅ​ក្នុង​ប្រទេស​ឥណ្ឌា អត្រា​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៥ និង ២០១៦ បាន​លោត​ដល់ ៧,៦% នេះ​បើ​តាម​តួលេខ​ផ្សព្វផ្សាយ​ដោយ Central Statistic Office នា​ថ្ងៃ​អង្គារ ទី៣១ ឧសភា។ ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច ៧,៦% ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី៣ នៅ​អាស៊ី​មួយ​នេះ​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ធំៗ​ក្នុង​លោក​ដែល​កំពុង​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា ណារ៉េនដ្រា ម៉ូឌី
លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា ណារ៉េនដ្រា ម៉ូឌី Reuters
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​ដែល​ឥណ្ឌា​ទទួល​បាន​ខ្លាំង​ជាង​គេ គឺ​នៅ​ក្នុង​ត្រីមាសទី១​ចន្លោះ​ខែ​មករា និង​ខែ​មីនា​ឆ្នាំ ២០១៦ ដែល​មាន​អត្រា​ដល់​ទៅ ៧,៩%។ គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​លើស​ពី​ការ​ប្រមើល​ទុក​របស់​ក្រុម​សេដ្ឋកិច្ចវិទូ​ដែល​ប៉ាន់ប្រមាណ​ត្រឹម ៧,៥%។ លទ្ធផល​ជាក់ស្តែង​នេះ​ជា​ការ​លើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​ជាតិនិយម​ហិណ្ឌូ​របស់​លោក​នាយករដ្ឋមន្រ្តី​ណារ៉េនដ្រា ម៉ូឌី​ដែល​ទើប​ចូល​កាន់​អំណាច​បាន ២ឆ្នាំ និង​ដែល​បាន​សន្យា​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​បរទេស។

ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី៣ នៅ​អាស៊ី​មែន តែ​ឥណ្ឌា​កំពុង​ធ្វើ​ដំណើរ​វ៉ា​ចិន​ដែល​ជា​ប្រទេស​ជិតខាង និង​គូប្រជែង​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ ជាក់ស្តែង​នា​៣ត្រីមាស​កន្លង​ទៅ ឥណ្ឌា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជាង ៧% ទល់​នឹង​ចិន​ដែល​ទទួល​បាន​ត្រឹម ៦,៧% ដែល​ជា​អត្រា​មួយ​យ៉ាង​ទាប​គិត​ក្នុង​រយៈពេល ៧ឆ្នាំ​ចុង​ក្រោយ។ តែ​ក្រុម​សេដ្ឋកិច្ចវិទូ​មាន​មន្ទិលសង្ស័យ​ចំពោះ​វិធាន​គន់គូរ​ថ្មី​របស់​រដ្ឋាភិបាល​ដែល​បាន​ជួយ​ដំឡើង​តួលេខ​កំណើន​សេដ្ឋកិច្ច។ តែ​រដ្ឋាភិបាល​អះអាង​ថា របៀប​គិត​លេខ​ថ្មី​របស់​ខ្លួន​មិន​ខុស​ពី​ស្តង់ដារ​អន្តរជាតិ​ប៉ុន្មាន​ទេ។

មាន​កត្តា​ជា​ច្រើន​ដែល​បាន​អនុញ្ញាត​ឲ្យ​ឥណ្ឌា​ទទួល​បាន​កណើន​សេដ្ឋកិច្ច​ខ្ពស់​ពេល​នេះ ពិសេស​កត្តា​បញ្ចុះ​អត្រា​ការប្រាក់​របស់​ធនាគារកណ្តាល​ដែល​បាន​ជួយ​បង្កើន​ការ​វិនិយោគ និង​ការ​ចំណាយ​របស់​ពលរដ្ឋ។ ជាក់ស្តែង​ក្នុង​ខែ​មេសា​កន្លង​ទៅ ធនាគារកណ្តាល​បាន​ទម្លាក់​អត្រាការប្រាក់​នាំ​មុខ​មក​នៅ​ត្រឹម ៦,៥% ដែល​ជា​កម្រិត​មួយ​យ៉ាង​ទាប​គិត​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ។ តែ​ក្រុម​សេដ្ឋកិច្ច​វិទូ​បាន​យល់​ឃើញ​ថា អត្រា ៦,៥% នៅ​មាន​កម្រិត​ខ្ពស់ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ចុះ​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ