អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចោទសួរ​សហគមន៍​អន្តរជាតិ​ចំពោះ​ភាពអសកម្ម​ជុំវិញ​វិបត្តិ​កាស្មៀរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ កាលពីអាទិត្យទី១១ សីហា ម្សិលមិញ បានចោទសួរដោយត្រង់ៗ ថាតើសហគមន៍អន្តរជាតិមានគោលជំហរយ៉ាងដូចម្តេច ចំពោះទង្វើរបស់រដ្ឋាភិបាលជាតិនិយមហិណ្ឌូឥណ្ឌា ដឹកនាំដោយលោកណារិនដ្រា ម៉ូឌី។ ជាទង្វើ ដែលលោកអ៊ីមរ៉ាន ខាន់ ចាត់ទុកថាប្រៀបបីដូចជារបៀបដឹកនាំរបស់ពួកណាហ្ស៊ីហ៊ីត្លែ ពាក់ព័ន្ធនឹងការដកស្វ័យភាពរបស់តំបន់កាស្មៀរ។ ប្រតិកម្មដោយបើកចំហ របស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន តាមរយៈសារនៅលើគណនីយធ្វីតទឺរ ធ្វើឡើង ដោយសារលោកគិតថា គោលនយោបាយរបស់ឥណ្ឌា បានធ្វើស្ថានការណ៍នៅក្នុងតំបន់កាស្មៀរ ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរខ្លាំងមែនទែន។ ក៏ប៉ុន្តែ សហគមន៍អន្តរជាតិហាក់នៅរក្សាភាពស្ងៀមស្ងាត់ និងមិនអើពើទៅនឹងបញ្ហានេះទៅវិញរហូតមកដល់ពេលនេះ បើទោះបីជា មានការស្នើសុំជួយអន្តរាគមន៍ពីប៉ាគីស្ថានយ៉ាងណាក្តី។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ាន ខាន់។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ាន ខាន់។ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ហេតុផលដែលធ្វើឲ្យកាស្មៀរនៅតែជាតំបន់ចម្រូងចម្រាសខ្លាំងរវាងឥណ្ឌា និងប៉ាគីស្ថាន

តំបន់ហិម៉ាឡៃនៃកាស្មៀរ បានក្លាយជាតំបន់ខណ្ឌចែកប្រទេសឥណ្ឌានិងប៉ាគីស្ថានតាំងតែពីប្រទេសមហាអំណាចនុយក្លេអែ៊រទាំងពីរ ទទួលបានឯករាជ្យភាពពីប្រទេសអង់គ្លេសនាឆ្នាំ ១៩៤៧ មកម្ល៉ោះ។ បន្ទាប់ពីទទួលបានឯករាជ្យរហូតមកទល់នឹងបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែបានអះអាងរៀងៗខ្លួនថា កាស្មៀរ ជាទឹកដីរបស់ពួកគេ។ ក៏ប៉ុន្តែ តាមធាតុពិតជាក់ស្តែង ប្រទេសក្បែរខាងទាំងពីរ គ្រប់គ្រងដែនដីនៃតំបន់កាស្មៀរត្រឹមតែផ្នែកខ្លះៗប៉ុណ្ណោះ។ វាមានន័យថា គ្មានប្រទេសណាមួយ មានសិទ្ធិគ្រប់គ្រងដែនដីកាស្មៀរ ទាំងអស់ផ្តាច់មុខតែឯកឯងនោះទេ។

ដោយឡែក រឿងដ៏គួរឲ្យកត់សម្គាល់នោះគឺថា ប្រជាជនរស់នៅក្នុងតំបន់កាស្មៀរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម។ ហេតុដូចនេះហើយ ជាញឹកញយ ជម្លោះ និងចលនាទាមទារផ្តាច់ខ្លួនតែងតែកើតមាន ក្នុងតំបន់កាស្មៀរ នៅខាងឥណ្ឌា ដែលភាគច្រើនមានប្រជាជនជាអ្នកកាន់សាសនាហិណ្ឌូនៅទូទាំងប្រទេស។ ភាពវឹកវរ និងអសន្តិសុខ បែបនេះជាប្រចាំនៅក្នុងតំបន់ បានបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ហើយ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

នៅគ្រាកន្លងមក រដ្ឋាភិបាលឥណ្ឌា តែងបានចោទប្រកាន់ថា រដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកគាំទ្រក្រុមបះបោរ ក៏ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ តែងតែទាត់ចោលរាល់ការចោទប្រកាន់របស់ឥណ្ឌាទាំងអស់។

សូមរំឮកជូនដែរថា បើយោងតាមមាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញឥណ្ឌា រដ្ឋចាមមួ និងកាស្មៀរ មានស្វ័យភាពពិសេស ដើម្បីបង្កើតច្បាប់ផ្ទាល់ខ្លួន និងមានទំនាក់ទំនងស្មុគស្មាញជាមួយរដ្ឋាភិបាលឥណ្ឌា អស់រយៈពេលប្រហែលជា ៧០ ឆ្នាំមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌាកាលពីសប្តាហ៍មុន បានសម្រេចដកហូតសិទ្ធិស្វ័យភាពពិសេសរបស់តំបន់កាស្មៀរ។ ជាហេតុធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់ កើនកម្តៅខ្លាំង ដូចភ្នំភ្លើងកំពុងតែចង់ផ្ទុះអីចឹងដែរ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រៀបប្រដូចរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ទៅនឹងរបបហ៊ីត្លែរណាហ្ស៊ី

ជាការពិត ប៉ាគីស្ថាន បានផ្ទុះកំហឹងជាខ្លាំងចំពោះការណ៍ដែលរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី សម្រេចដកស្វ័យភាពពិសេសរបស់តំបន់កាស្មៀរ។ លោកថា នេះមិនខុសពីរបបដឹកនាំតាមបែបណាហ្ស៊ីហ៊ីត្លែរនោះទេ។

ជាក់ស្តែង ក្រៅតែពីផ្តាច់ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយឥណ្ឌាកាលពីថ្ងៃអាទិត្យ ម្សិលមិញ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសរសេរសារនៅលើគណនីយធ្វីតទឺររបស់លោក ដោយបានរិះគន់យ៉ាងខ្លាំង ទៅលើគោលនយោបាយចុងក្រោយអនុវត្តដោយរដ្ឋាភិបាលឥណ្ឌា។ ជាគោលនយោបាយដែលក្រោយពីដកស្វ័យភាពរបស់តំបន់កាស្មៀរហើយ បានដាក់ពង្រាយកងទ័ពប្រមាណជា ៨ ០០០ នាក់ ដើម្បីបង្ក្រាបចលនាបះបោរប្រឆាំងទៀត។

គួរជ្រាបដែរថា បើតាមអ្នកស្រុកម្នាក់រស់នៅក្នុងតំបន់កាស្មៀរ ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌា សម្រេចយកតំបន់ការស្មៀរមកគ្រប់គ្រងវិញកាលពីថ្ងៃទី ៨ សីហា រហូតមកដល់ពេលេនេះ មានការក្រោកឈរប្រឆាំងតវ៉ាចំនួន ៣ លើកមកហើយ ពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាមរាប់សិននាក់។

ក៏ប៉ុន្តែ រាល់ការប្រឆាំងតវ៉ាទាំងនោះ ត្រូវបានបង្ក្រាបទៅវិញ ដោយកងទ័ពឥណ្ឌា ដែលឈរជើងប្រចាំការ នៅទីនោះរាប់ពាន់អ្នក ដោយការបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែក និងដំបង។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបរិហារភាពអសកម្មរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិកាស្មៀរ

ទន្ទឹមពេលចេញមុខរិះគន់ឥណ្ឌា នាថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានឆ្លៀតពេលចោទសួរសហគមន៍អន្តរជាតិ បែបឌឺដងផងដែរចំពោះភាពសកម្មរបស់ពួកគេ ដែលហាក់មិនយកចិត្តទុកដាក់ទៅនឹងបញ្ហានៅកាស្មៀរ តាមការស្នើសុំរបស់លោក។

ក្រោយភាពតានតឹងចុងក្រោយផ្ទុះឡើងខ្លាំង នៅក្នុងតំបន់ លោកអ៊ីមរ៉ាន ខាន់បានខិតខំស្វះស្វែងរកអន្តរាគមន៍ពីសំណាក់សហគមន៍អន្តរជាតិភ្លាមៗតែម្តង។

ជាក់ស្តែង តាមរយៈការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកប៉ាគីស្ថាន នៅមួយរយៈពេលចុងក្រោយនេះ លោកអ៊ីរ៉ាន ខាន់ បានខិតខំ ទាក់ទងទៅកាន់ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុបជាដើម ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់។

តែទោះជាបែបនេះក្តី សហគមន៍អន្តរជាតិ មិនបានចាត់វិធានអ្វី ចំពោះទង្វើរបស់រដ្ឋាភិបាលឥណ្ឌា តាមការលើកឡើង ឬតាមការស្នើ របស់ប៉ាគីស្ថានឡើយ។ នេះដោយសារមូលហេតុអ្វី?

បើតាមការបកស្រាយរបស់អាមេរិក និងសហភាពអឺរ៉ុប វិបត្តិនៅកាស្មៀរ មិនមែនជាបញ្ហាអន្តរជាតិនោះទេ។ វា ជាបញ្ហាទ្វេភាគីរវាងឥណ្ឌា និងប៉ាគីស្ថាន ហេតុដូចនេះហើយទើបពួកគេមិនហ៊ានលូកដៃកកូរកកាយ បញ្ហានៅតំបន់កាស្មៀរនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ