ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​
 
និស្សិតឥណ្ឌាដើរកាត់ អេក្រង់ដែលកំពុងចាក់ផ្សាយអំពីការចុះចតរបស់យាន “ចន្ទ្រយានទី២” នៅក្នុងទីក្រុងប៊ុមប៊ៃ ប្រទេសឥណ្ឌា នាថ្ងៃទី ៧ កញ្ញា ឆ្នាំ២០១៩។ REUTERS/Francis Mascarenhas

ក្តីស្រមៃរបស់ឥណ្ឌា ក្នុងការចុះចតយានអវកាស “ចន្ទ្រយានទី២” នៅឋានព្រះចន្ទ្រ ត្រូវបានរលាយភ្លាមមួយរំពេច បន្ទាប់ក្រុមអ្នកវិទ្យាសាស្រ្តឥណ្ឌា ប្រកាសប្រាប់ពីការដាច់សញ្ញាទាក់ទងរបស់យានយ៉ាងអាថ៌កំបាំងនៅថ្ងៃសៅរ៍ ទី ៧ កញ្ញានេះ។ ចន្ទ្រយានទី២ បានបាត់ទំនាក់ទំនងសូន្យទៅ នៅតែប៉ុន្មាននាទីទៀតប៉ុណ្ណោះ មុននឹងធ្វើការចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

គេនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យយាន ចន្ទ្រយានទី២ បាត់សញ្ញាទំនាក់ទំនងនោះទេ ហើយនៅខណៈនេះ ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា កំពុងដុតដៃដុតជើងយ៉ាងខ្លាំង ស្រាវជ្រាវទាក់ទងនឹងហេតុការណ៍ខាងលើនេះ។

ព័ត៌មានសង្ខេបអំពីយានអវកាស “ចន្ទ្រយានទី២” របស់ឥណ្ឌា

“ចន្ទ្រយានទី២” គឺជាយាន បង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រោមបេសកកម្ម ស្រាវជ្រាវទិន្នន័យពីឋានព្រះចន្ទ ដោយប្រើម៉ាស៊ីនរ៉ូបូ បញ្ជាពីចម្ងាយ ក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៤០ លានដុល្លារ។

បេសកកម្ម ចុះចត និងស្រាវជ្រាវ នៅលើភពព្រះចន្ទ គឺជាគម្រោងអវកាសដែលស្មុគស្មាញបំផុត និងជាមហិច្ឆតាដ៏ធំមួយ របស់ឥណ្ឌា ដែលជាប្រទេសមហាអំណាចមួយនៅអាស៊ី។ ប្រសិនណាបើឥណ្ឌា អាចចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទបាន នោះឥណ្ឌា នឹងក្លាយមហាអំណាចអវកាសទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន។

ជាការពិត ឥណ្ឌា ប្រាថ្នាចង់ជាន់ដីឋានព្រះចន្ទ ពីព្រោះតែចង់សិក្សាអំពីលក្ខខណ្ឌដីនៅទីនោះ និងដើម្បីអាចសាកល្បងបង្ហោះយានដឹកមនុស្សទៅលើលំហអាកាសបាន។ ចំណែកគោលដៅសំខាន់ចុងក្រោយនោះគឺ ឥណ្ឌាចង់បង្កើតឲ្យមានការហោះហើរមួយ ដែលអាចដឹកមនុស្សលោក ទៅកាន់ភពផ្សេងទៀតដែលនៅឆ្ងាយៗ ដូចជាភពព្រះអង្គារជាដើម។

មហិច្ឆតារបស់ឥណ្ឌានេះ មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជារឿងចម្លែកអ្វីដែរ ពីព្រោះថា បេសកកម្មអវកាស គឺជាអ្វីដែលពិភពលោក និយាយចំ ប្រទេសអ្នកមាន នាពេលបច្ចុប្បន្ន បាននឹងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនិងកំពុងដាក់ទុនវិនិយោគ។

ដូចគ្នាអីចឹងដែរ មិនខុសពីប្រទេសមហាអំណាចធំៗដទៃនោះទេ ឥណ្ឌា ដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅអាស៊ី បានខិតខំអភិវឌ្ឍសមត្ថភាព ផ្នែកអវកាសរបស់ខ្លួន រួមជាមួយក្តីសង្ឃឹម ថាអាចនឹងរកប្រាក់ចំណេញបានច្រើន និងទទួលបានជោគជ័យ ក្នុងទីផ្សារដែលប្រកបដោយភាពប្រកួតប្រជែងគ្នា។

ហេតុដូចនេះហើយទើបគេឃើញ យានអវកាស “ចន្ទ្រយានទី២” របស់ឥណ្ឌា ត្រូវបានបាញ់បង្ហោះចេញពីស្ថានីយអវកាសស្រីហារីកូតា (Sriharikota) នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ នៅវេលាម៉ោង ២ និង ៤៣នាទី ម៉ោងនៅក្នុងប្រទេសឥណ្ឌា។

តាមពិតទៅ ឥណ្ឌាដំបូងឡើយ គ្រោងបង្ហោះយាននេះ នៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៩ ឯណោះ តែដំណើរការត្រូវបានបញ្ឈប់ទៅវិញ ដោយសារតែបញ្ហាបច្ចេកទេស។

មានទម្ងន់ប្រមាណ ៣,៨៥ តោន ចន្ទ្រយានទី២ ត្រូវបានបង្ហោះទៅជាមួយនូវ ម៉ាស៊ីនរ៉ូបូមួយគ្រឿង ដែលមានតួនាទីស្រាវជ្រាវទិន្នន័យ។ គេ រំពឹងថាយាននេះនឹងចុះចត នៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ នៅថ្ងៃសៅរ៍ ទី ៧ កញ្ញានេះ ក៏ប៉ុន្តែនៅតែប៉ុន្មាននាទីប៉ុណ្ណោះ យានអាចចុះចតបានទៅហើយ ក៏ស្រាប់តែសញ្ញាទាក់ទងមកដីរបស់យានចន្ទ្រយានទី២ បាត់ទៅវិញ។

រឿងនេះ បានបង្កជាការភ្ញាក់ផ្អើលជាខ្លាំង ហើយគេកំពុងតែអន្ទះសា ចង់ដឹងអំពីជោគវាសនារបស់យានអវកាសឥណ្ឌា ដែលកំពុងបាត់ខ្លួននៅក្នុងឋានព្រះចន្ទនេះ។

មូលហេតុដែលបណ្តាលឲ្យយាន “ចន្ទ្រយានទី២” មិនអាចចុះចតនៅឋានព្រះចន្ទ

នេះ គឺជាសំណួរមួយ ដែលពិបាកនឹងរកចម្លើយ ហើយរហូតមកទល់នឹងពេលនេះ មិនទាន់មានឯកសារយោងណាមួយ ត្រូវបានបង្ហាញ ឬក៏បោះផ្សាយ ពន្យល់អំពីមូលហេតុនៃការបាត់សញ្ញាទាក់ទងរបស់យាន ចន្ទ្រយានទី២ របស់ឥណ្ឌាឡើយ។

គួរជ្រាបថា ក្នុងការហោះហើរ រយៈពេលជាងមួយខែកន្លងមកនេះ ចន្ទ្រយានទី២ របស់ឥណ្ឌា មានដំណើរការជាធម្មតារហូតមក។ ក៏ប៉ុន្តែ បញ្ហាបាត់ទំនាក់ទំនងមកដី ក៏ចាប់កើតមានឡើង នៅថ្ងៃសៅរ៍នេះ វេលាម៉ោង ១ និង ២០ នាទីព្រឹក នៅពេលដែលយានរំកិលខ្លួន ចូលជិតដល់កន្លែងដែលត្រូវចត នៅឋានព្រះចន្ទទៅហើយ ពោលគឺនៅខ្វះតែចម្ងាយប្រមាណត្រឹម ២,១ គីឡូម៉ែត្រតែប៉ុណ្ណោះ។ នេះ បើតាមការអះអាងរបស់មជ្ឈមណ្ឌលស្រាវជ្រាវអវកាសឥណ្ឌា (ISRO)។

គេនៅមិនទាន់ដឹងនៅឡើយទេ អំពីជោគវាសនារបស់យាន ចន្រ្ទយានរបស់ឥណ្ឌា។ នាខណៈនេះ ក្រុមអ្នកវិទ្យាសាស្ត្រ នៅឯមជ្ឈមណ្ឌលស្រាវជ្រាវអវកាសឥណ្ឌា កំពុងពិនិត្យស្រាវជ្រាវទិន្នន័យចុងក្រោយបង្អស់ដែលផ្តល់ដោយ ចន្ទ្រាយានទី២ ដើម្បីស្វែងយល់ពី ហេតុផលនៅពីក្រោយឧបទ្ទវហេតុនេះ។

ប្រតិកម្មរបស់លោកម៉ូឌី ទាក់ទងនឹងបរាជ័យក្នុងការចុះចតរបស់យាន “ចន្ទ្រយានទី២”

ពិតណាស់ គេអាចនិយាយបានថា ដំណឹងនៃការបាត់សញ្ញាទាក់ទងយ៉ាងអាថ៌កំបាំងរបស់យាន ចន្ទ្រយានទី២ មិនមែនជាដំណឹងល្អឡើយសម្រាប់ប្រជាជាតិឥណ្ឌា ជាពិសេសសម្រាប់មេដឹកនាំឥណ្ឌាគឺលោកណារិនដ្រា ម៉ូឌីតែម្តង។

តែទោះជាយ៉ាងណាក៏ដោយ លោកណារិនដ្រា ម៉ូឌី ហាក់មិនអស់សង្ឃឹមនោះទេ។ លោកនៅតែបង្ហាញជំនឿចិត្តថា ឥណ្ឌាអាចធ្វើបាន និងបាននិយាយពាក្យកោតសរសើរទៅកាន់ប្រជាជាតិ ព្រមទាំងអ្នកវិទ្យាសាស្ត្រផ្នែកអវកាសឥណ្ឌាទៀតផង។

ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងសុន្ទរកថាជាសាធារណៈមួយ ដោយបានលើកសរសើរ និងថាលោកមានមោទនភាពខ្លាំងណាស់ ចំពោះបេសកកម្មរបស់យាន ចន្ទ្រយានទី២។ ជាបេសកកម្មបរាជ័យក្តី ក៏ប៉ុន្តែលោកគិតថា វាជិតទទួលបានភាពជោគជ័យហើយ ដែលនេះស័ក្តិសមនឹងប្រយោគល្បីដែល គេឧស្សាហ៍និយាយថា បើគ្មានបរាជ័យ ក៏គ្មានជោគជ័យដែរ។

បន្ថែមលើនេះ លោកម៉ូឌី បានសរសេរជាសារនៅលើគណនីធ្វីតធឺររបស់លោកក្នុងន័យថា ឥណ្ឌានៅតែមានក្តីសង្ឃឹម ហើយឥណ្ឌានឹងបន្តពួតដៃគ្នា សហការគ្នាយ៉ាងសកម្មដើម្បីទទួលបានភាពជោគជ័យ ខាងផ្នែកអវកាស។ ជោគជ័យផ្នែកអវកាស ដែលលោកណារិនដ្រា ម៉ូឌី យល់ថា ជាយាននាំប្រទេសឥណ្ឌា ឲ្យក្លាយជាមហាអំណាចពិភពលោក នាពេលអនាគតបាន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ឥណ្ឌា

    ឥណ្ឌា​​បាញ់​បង្ហោះ​យាន​អវកាស​ទៅប៉ូល​ខាង​ត្បូង​នៃ​​ឋាន​ព្រះ​ចន្ទ ដើម្បី​ស្រាវ​ជ្រាវ​ទិន្នន័យ

    ស្វែងយល់បន្ថែម

  • ឥណ្ឌា លុបចោល​ការ​បាញ់បង្ហោះ​យាន​ទៅ​ឋាន​ព្រះចន្ទ នៅ​នាទី​ចុងក្រោយ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ