អានតួអត្ថបទ

មនុស្សជិត​ ៦០ ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ឥណ្ឌូណេស៊ី​

គ្រោះ​ទឹកជំនន់​នៅថ្ងៃ​អាទិត្យ​ទី១៧ មីនា​ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៥៨ នាក់​ នៅក្នុង​ខេត្តប៉ាពួរ​ ភាគខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី​។ បើតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ នៅពេលនេះ​ ក្រុម​អ្នកជួយសង្គ្រោះ​កំពុងតែ​សស្រាក់សស្រាំ​ស្វះស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ ដែល​អាច​កប់​នៅក្នុងភក់​ ដុំថ្ម​ និង​ដើមឈើ​ដែល​ដួលរលំ​។

មនុស្សម្នាដើរកាត់រថយន្តដែលរងការខូចខាត ដោយសារគ្រោះទឹកជំនន់នៅខេត្តប៉ាពួរ ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៩។
មនុស្សម្នាដើរកាត់រថយន្តដែលរងការខូចខាត ដោយសារគ្រោះទឹកជំនន់នៅខេត្តប៉ាពួរ ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៩។ Antara Foto/Gusti Tanati/ via REUTERS
ផ្សាយពាណិជ្ជកម្ម

គិតត្រឹម​ថ្ងៃអាទិត្យនេះ​ តុល្យការ​មនុស្ស​ស្លាប់​មាន​ចំនួន​យ៉ាងតិច​ ៥៨ នាក់​ ប៉ុន្តែ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជឿថា​ ចំនួនអ្នកស្លាប់​អាចនឹង​កើនឡើង​ដោយសារតែ​គ្រោះទឹកជំនន់​មានសភាព​ធ្ងន់ធ្ងរខ្លាំង​។ មួយវិញទៀត​ ក្រៅតែពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជាច្រើនអ្នក​ គ្រោះទឹកជំនន់​នៅភាគខាងកើត​ឥណ្ឌូណេស៊ី​ ក៏បានធ្វើឲ្យ​មនុស្សរាប់សិបនាក់​រងរបួស​ និង​មនុស្ស​ ១៥ នាក់ផ្សេង​ទៀត​បាត់ខ្លួន​។

អ្នកនាំពាក្យភ្នាក់ងារ​ទទួលបន្ទុក​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី​លោក​ Sutopo Purwo Nugroho បានឲ្យដឹងថា​ ទឹកជំនន់​នៅក្នុង​ខេត្តប៉ាពួរ​ បានជន់លិច​យ៉ាងលឿន​ដោយសារតែ​ភ្លៀងធ្លាក់ខ្លាំង​កាលពីនៅថ្ងៃសៅរ៍​ម្សិលមិញ​ ធ្វើឲ្យដី​បាក់ស្រុត​ និង​បណ្តាលឱ្យ​ផ្ទះ​របស់​ប្រជាជន​ជាច្រើនខ្នង​ខូចខាត​។

លោក​បានបន្ថែមថា​ ចំនួន​ជនរងគ្រោះ​ និង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​នេះ​ទំនងជា​នឹងកើនឡើង​ ហើយ​នាខណៈនេះ​ ក្រុមអ្នករុករក​ និង​ជួយសង្គ្រោះ​កំពុងតែ​មូលដៃមូលជើងគ្នា​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​សុវត្ថិភាព​។

បើតាម​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ឥណ្ឌូណេស៊ីម្នាក់​គឺលោក Victor Dean Mackbon យ៉ាងហោចណាស់​ក៏មានមនុស្ស​ចំនួន​ ២ ២០០ នាក់ដែរ​ រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​នៅក្នុង​ខេត្តប៉ាពួរ​ ហើយ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ដាក់ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល ​១៤ ថ្ងៃ​ផងដែរ​។

គួរជម្រាបជូនថា​ ខណៈពេល​ដែលទឹកជំនន់​កំពុងតែ​វាយលុក​ភាគខាងកើត​ប្រទេសឥណ្ឌូណេស៊ី​ គេក៏ឃើញមាន​ខ្សែវីដេអូ​ជាច្រើន​បង្ហាញពី​សកម្មភាព​របស់​ក្រុម​អ្នកជួយសង្គ្រោះ​ដឹកនាំ​បំពង់​អុកស៊ីហ្សែន​ទៅឱ្យ​ជនរងគ្រោះ​ ដែល​ទំនង​ជាជាប់​នៅក្រោម​ដើមឈើ​ធ្លាក់​។

គួររំឭកជូនថា​ ទឹកជំនន់​បានក្លាយជារឿង​ធម្មតាទៅហើយ​នៅក្នុង​ប្រទេសឥណ្ឌូណេស៊ី​ ជាពិសេស​ក្នុង​រដូវវស្សា​ដែលចាប់ផ្តើមពី​ខែតុលា​ដល់​ខែមេសា​។ ជាក់ស្តែង​ កាលពី​ខែមករា​ កន្លងទៅ​ គ្រោះទឹកជំនន់​និង​ការរអិលបាក់ដី​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៧០ នាក់​ នៅលើកោះ​ Sulawesi​។ មាន​ប្រជុំកោះ​ប្រមាណជា​ ១ ៧០០​ ឥណ្ឌូណេស៊ី​ ក៏ត្រូវគេ​ចាត់ថា​ជា​ប្រទេស​ដែល​ងាយរងគ្រោះ​បំផុតមួយ​ដោយសារគ្រោះមហន្តរាយធម្មជាតិនៅក្នុង​ពិភពលោក​យើងនេះដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ