ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

តើឥទ្ធិពល​នៃ​រាជានិយម​ថៃ​នឹង​ទៅ​ជា​យ៉ាងណា​ក្រោម​រជ្ជកាល​ព្រះចៅមហា​វជិរ៉ាឡុងកន

តើឥទ្ធិពល​នៃ​រាជានិយម​ថៃ​នឹង​ទៅ​ជា​យ៉ាងណា​ក្រោម​រជ្ជកាល​ព្រះចៅមហា​វជិរ៉ាឡុងកន
 
ព្រះចៅ មហា វជិរ៉ាឡុងកន នៅ​ក្នុង​ពិធីឡើងគ្រងរាជសម្បត្តិ ថ្ងៃទី៥ ឧសភា ២០១៩ REUTERS/Jorge Silva

រាជានិយម​នៅថៃ គឺ​ជា​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ពោលគឺ តាមច្បាប់ ព្រះមហាក្សត្រ​គ្រងរាជ្យតែ​មិនកាន់អំណាច​នោះទេ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះក៏ដោយ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​នាពេល​កន្លងមក ព្រះមហាក្សត្រ​​ចាស់​ គឺ​ព្រះចៅ ភូមិផុន អាឌុនយ៉ាដេត គឺជា​ព្រះមហាក្សត្រ​ដែល​ទទួល​បាន​នូវការ​គោរពយ៉ាងខ្លាំងក្លា​បំផុត​ពី​សំណាក់​ប្រជាជន​ថៃ ហើយ​ក៏​​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ផងដែរ នៅ​ក្នុង​ឆាក​នយោបាយ។ សំណួរចោទឡើង​ថា តើ​នៅ​ក្រោម​រជ្ជកាល​​ព្រះមហាក្សត្រ​ថ្មី គឺ​ព្រះចៅ ​មហា វជិរ៉ាឡុងកន ដែល​ទើប​នឹង​ឡើងគ្រងរាជ្យ​​​ថ្មីៗនេះ ឥទ្ធិពល​នៃ​រាជានិយម​ថៃ​អាច​នឹង​ទៅ​ជា​យ៉ាងណា ?

នៅថៃ ក៏​ដូចជា​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ដែរ ដែល​ប្រកាន់​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ​​ តាមច្បាប់ ព្រះមហាក្សត្រ​គ្រងរាជ្យ តែ​មិន​មាន​អំណាច​នោះទេ។ ក៏ប៉ុន្តែ បើ​នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង ព្រះមហាក្សត្រ​ចាស់ គឺ​ព្រះចៅ ​ភូមិផុន អាឌុនយ៉ាដេត មាន​អំណាច និង​ឥទ្ធិពល​ខ្លាំង ទាំង​នៅ​ក្នុង​ចំណោម​ប្រជាជន​ទូទៅ និង​ទាំង​នៅ​ក្នុង​ឆាក​នយោបាយ អំណាច និង​ឥទ្ធិពល​នេះ គឺ​កើត​​ចេញ​ពី​តួអង្គ​ព្រះមហាក្សត្រ​ជា​លក្ខណៈ​បុគ្គល ​​​​​​ច្រើន​ជាង​ពី​ស្ថាប័ន​ព្រះមហាក្សត្រ។

ដូច្នេះ នៅ​ពេល​មាន​ការ​ផ្លាស់ប្តូរ​ព្រះមហាក្សត្រ អំណាច និង​ឥទ្ធិពល​នេះ ក៏​មិនប្រាកដ​ថា​នឹង​​​ត្រូវ​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ព្រះមហាក្សត្រ​ថ្មី​នោះដែរ។ អ្វីៗ​វា​អាស្រ័យ​ច្រើន​ទៅលើ​តួអង្គ​ព្រះមហាក្សត្រ​​ថ្មី គឺ​ព្រះចៅ ​មហា វជិរ៉ាឡុងកន ដោយ​ខ្លួនព្រះអង្គផ្ទាល់។

បើគេមើល​ទៅលើ​បទពិសោធន៍​ពី​ពេល​កន្លងមក ការណ៍​ដែល​ព្រះចៅ ​ភូមិផុន អាឌុនយ៉ាដេត មាន​អំណាច និង​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ឆាក​នយោបាយ គឺ​ដោយសារ​តែ​កត្តា​​ដ៏​ចម្បង​ចំនួន​ពីរ។ ទីមួយ គឺ​ការ​គោរពស្រឡាញ់​ពី​សំណាក់​ប្រជាជន​ថៃ​ជាទូទៅ និង​ទីពីរ គឺ​ទំនាក់ទំនង​ជាមួយ​នឹង​កងទ័ព។

គេ​មិន​ត្រូវ​ភ្លេចទេ​ថា ចាប់តាំង​ពី​ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ផ្តាច់ការ កាល​ពីឆ្នាំ១៩៣២​មក ថៃ​មិនដែល​បាន​ចាកចេញ​ទាំងស្រុង​ពី​របបយោធា​នោះទេ។ ថ្វីដ្បិត​តែ​ពេលខ្លះ​ថៃ​មាន​ការ​បោះឆ្នោត ហើយ​មាន​​រដ្ឋាភិបាល​ស៊ីវិល ក៏ប៉ុន្តែ កងទ័ព​នៅតែ​ជា​តួអង្គ​ដ៏​សំខាន់​នៅ​ក្នុង​ឆាក​នយោបាយ ហើយ​ភាគច្រើន អំណាច​ទ័ព​នៅថៃ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពេញលេញ​ដោយ​រដ្ឋាភិបាល​ស៊ីវិលនោះទេ។ ហេតុដូច្នេះហើយ​បាន​ជា​គេ​​តែងតែ​ឃើញ​មាន​រដ្ឋប្រហារ​ជាញឹកញាប់​ នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ភាគច្រើន​ជា​រដ្ឋប្រហារ ដែល​គ្មាន​ការ​បង្ហូរឈាម។

នៅ​ក្នុង​បរិបទ​នយោបាយ​ដ៏ពិសេស​នេះ គេ​សង្កេតឃើញ​ថា ទំនាក់ទំនង រវាង​ព្រះមហាក្សត្រ និង​កងទ័ព វា​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​នៃ​អំណាច និង​របបរាជានិយម ហើយ​តាមពិតទៅ ​ស្ថាប័ន​ទាំងពីរ​នេះ​តែងតែ​ត្រូវការគ្នា និង​បង្រ្គប់គ្នា​ទៅវិញ​ទៅមក។ ព្រះមហាក្សត្រ​ត្រូវការ​ការគាំទ្រ​ពី​សំណាក់​កងទ័ព ដែល​ជា​អ្នកកាន់អាវុធ ចំណែក​ឯ​កងទ័ព​វិញ​ត្រូវការព្រះមហាក្សត្រ ដែល​មាន​ការ​គោរព​ស្រឡាញ់​ពី​ប្រជារាស្ត្រ។

សម្រាប់​ព្រះមហាក្សត្រ​ថ្មី​វិញ គឺ​ព្រះចៅ មហា វជិរ៉ាឡុងកន គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ព្រះអង្គ​បាន​ឡើង​គ្រងរាជ្យ​ជំនួស​ព្រះបិតាមក ព្រះអង្គ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ជាច្រើន​រួចទៅហើយ ដែល​បង្ហាញ​ពី​ការ​ព្យាយាម​ពង្រឹង​អំណាច​របស់​ព្រះអង្គ។

នៅ​ក្នុង​ព្រះបរមរាជវាំង សម្តេច​ចៅហ្វាវាំង​ដែល​សល់​ពី​ព្រះបិតា​របស់​ព្រះអង្គ​ត្រូវ​បាន​ដកចេញ។ ទ្រព្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​រាប់សិបពាន់លាន​ដុល្លារ ហើយ​ដែល​ពីមុន​ធ្លាប់​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ហិរញ្ញវត្ថុ​នោះ ក៏​ត្រូវ​បាន​ព្រះចៅ មហា វជិរ៉ាឡុងកន ដកយក​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ។ ចំណែក​ឯ​បញ្ជាការដ្ឋាន​នៃ​កងអង្គរក្ស​ព្រះមហាក្សត្រ​​ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មហាក្សត្រិយ៍ សុធីតា ដែល​ព្រះចៅ មហា វជិរ៉ាឡុងកន ទើប​នឹង​រៀបអភិសេក​ជា​អគ្គមហេសី​ជាផ្លូវការ កាល​ពី​ប៉ុន្មានថ្ងៃ​មុន​ពិធី​ឡើងគ្រងរាជ្យ។

រដ្ឋធម្មនុញ្ញ​ដែល​របបសឹក​បាន​តាក់តែងឡើង ហើយ​ដែល​ត្រូវ​បាន​បោះឆ្នោត​អនុម័ត នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​រួចទៅហើយ​នោះ ត្រូវ​បាន​ព្រះមហាក្សត្រ​ទាមទារ​ឲ្យ​ធ្វើការ​កែប្រែ​ចំណុច​មួយ​ចំនួន​ជាមុនសិន ទើប​ព្រះអង្គ​ឡាយព្រះហស្ថលេខា។

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ដែល​កន្លងមក​​ជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​មួយ​នោះ ក៏ត្រូវ​បាន​​ព្រះមហាក្សត្រ​ថ្មី​ធ្វើការ​រុះរើ ដោយ​សមាជិក​ចាស់​មួយ​ចំនួន​ត្រូវ​ដកចេញ ហើយ​ដាក់​សមាជិក​ថ្មី ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​ព្រះអង្គ។ ជាពិសេស ជាងនេះ​ទៅទៀត ឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណុន ដែល​គេ​ស្គាល់​ថា​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ ហើយ​ដែល​​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​មេដឹកនាំ​របបសឹក​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​នៅ​បន្ត​កាន់​តំណែង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក៏ប៉ុន្តែ លែង​មាន​អំណាច​ដូចពីមុន ជាពិសេស គឺ​លែង​មាន​អំណាច​ធ្វើ​ជា​ប្រមុខរដ្ឋ​ស្តីទី នៅ​ពេល​ព្រះមហាក្សត្រ​អវត្តមាន។

ក៏ប៉ុន្តែ បើទោះបីជា​ព្រះមហាក្សត្រ​ថ្មី​បាន​ចាត់វិធានការ​ច្រើន ក្នុងការ​ពង្រឹង​អំណាច​របស់​ព្រះអង្គ​យ៉ាងនេះ​ក៏ដោយ បញ្ហា​នៅតែ​​អាច​ចោទឡើង ទាក់ទ​ងនឹង​ទំហំ​នៃ​ការ​គាំទ្រ​ពី​សំណាក់​ប្រជារាស្រ្ត។

ជាការពិតណាស់ ប្រជាជន​ថៃ​អាច​នៅ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ទៅតាម​ទំនៀមទម្លាប់ ដោយ​នៅតែ​បន្ត​គោរពស្រឡាញ់​ព្រះមហាក្សត្រ ដោយ​មិន​សូវខ្វល់​ថា​តើ​អ្នកណា​ជា​អ្នក​គ្រងរាជ្យ។ ក៏ប៉ុន្តែ បើ​គេ​ពិនិត្យ​មើល​ទៅ​លើ​​បញ្ហា​ចម្រូងចម្រាស​ច្រើន ដែល​កើតមាន​ជុំវិញ​ដំណើរជីវិត​ឯកជន​របស់​ព្រះបាទ មហា វជិរ៉ាឡុងកន កាល​ពី​ពេល​កន្លងមក វា​មិនមែន​ជា​រឿង​ដែល​មិន​សម​ហេតុផល​នោះទេ ដែល​គេ​ចោទសួរ ជុំវិញ​​ទំហំ​នៃ​ការគាំទ្រ​របស់​ប្រជារាស្រ្ត​ចំពោះ​ព្រះមហាក្សត្រ​ថ្មី។

នៅពេល​ដែល​ទំហំ​នៃ​កម្លាំង​គាំទ្រ​ពី​សំណាក់​ប្រជារាស្រ្ត​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់ វា​ប្រាកដ​ជា​នឹង​ត្រូវ​ចោទ​ជា​សំណួរ​មួយ​ទៀត​ថា តើ​ព្រះចៅ មហា វជិរ៉ាឡុងកន អាច​នឹង​រក្សាតុល្យភាព​អំណាច​ជាមួយ​នឹង​កងទ័ព​បាន​ត្រឹមកម្រិតណា? ហើយ​នេះ គឺ​ជា​កត្តា​ដ៏​ចម្បង​នៅ​ក្នុង​ការ​កំណត់​អំពី​ឥទ្ធិពល​របស់​ព្រះមហាក្សត្រ​នៅ​ក្នុង​ឆាក​នយោបាយ​ថៃ​ទៅថ្ងៃ​អនាគត៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ