អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៥ឆ្នាំ​ក្រោយ​ការ​ស្លាប់​អ៊ូសាម៉ា បិនឡាដិន តើ​អ្វី​ទៅ​ជា​យុទ្ធសាស្រ្ត​របស់​អង្គការ​អាល់កៃដា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី ៥ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២ ឧសភា ឆ្នាំ ២០១១ មេកើយ​អង្គការ​ភេរវនិយម​អាល់កៃដា​អ៊ូសាម៉ា បិនឡាដិន​ត្រូវ​បាន​ទ័ពពិសេស​អាមេរិក​បាញ់​សម្លាប់​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ បិនឡាដិន​ស្លាប់ តែ​អាល់កៃដា​កំពុង​បន្ត​រស់រាន​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ។ ទន្ទឹម​គ្នា​នេះ ពិភពលោក​ក៏​បាន​ស្គាល់​អង្គការ​ភេរវនិយម​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​អង្គការ​រដ្ឋអ៊ីស្លាម។ ៥ឆ្នាំ​ក្រោយ​ការ​ស្លាប់​បិនឡាដិន តើ​អ្វី​ទៅ​ជា​យុទ្ធសាស្រ្ត​របស់​អាល់កៃដា និង​ថា តើ​អង្គការ​ភេរវនិយម​មួយ​នេះ​នៅ​បន្ត​ជា​ក្តីបារម្ភ​របស់​ពិភពលោក​ដែរ ឬ​យ៉ាង​ណា?

កាសែត​អាមេរិកាំង​ចុះផ្សាយ​ការ​ស្លាប់​​បិនឡាដិន​ក្រោម​គ្រាប់​កាំភ្លើង​កម្លាំង​ពិសេស​អាមេរិក​ក្នុង​ថ្ងៃទី២ ឧសភា ២០១១
កាសែត​អាមេរិកាំង​ចុះផ្សាយ​ការ​ស្លាប់​​បិនឡាដិន​ក្រោម​គ្រាប់​កាំភ្លើង​កម្លាំង​ពិសេស​អាមេរិក​ក្នុង​ថ្ងៃទី២ ឧសភា ២០១១ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

៥ឆ្នាំ​គត់​ដែល​មេ​អង្គការ​ភេរវនិយម​អាល់កៃដា​អ៊ូសាម៉ា បិនឡាដិន​បាន​ស្លាប់​ដូច​ខ្មោច​តៃហោង​ក្នុង​ថ្ងៃទី២ ឧសភា ២០១១ ក្រោម​គ្រាប់​កាំភ្លើង​របស់​កម្លាំងពិសេស​អាមេរិក​ក្នុង​ទឹកដី​ប៉ាគីស្ថាន។សម្រាប់​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​សម្រាប់​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​អាមេរិកាំង ការ​សម្លាប់​បាន​បិនឡាដិន​គឺជា​ជោគជ័យ​ធំធេង​ណាស់ ព្រោះ​ជា​មេ​ភេរវជន​ដៃដល់​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជិត ៣ ០០០នាក់​កាល​ពី​ថ្ងៃទី១១ កញ្ញា ២០០១។ បិនឡាដិន​បាន​ស្លាប់​បាត់​ទៅ​ហើយ តែ​អង្គការ​អាល់កៃដា​មិន​បាន​ស្លាប់​ទៅ​ជាមួយ​មេកើយ​របស់​វា​ទេ។ ផ្ទុយ​ទៅ​វិញ អង្គការ​ភេរវនិយម​មួយ​នេះ​កំពុង​បន្ត​រស់រាន​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ និង​ក៏​កំពុង​បន្ត​សកម្មភាព​របស់​ខ្លួន​ជាមួយ​នឹង​មេកើយ​អាយម៉ាន់ ហ្សាវ៉ាហ៊ីរី​​ដែល​ជា​ជនជាតិ​អេហ្ស៊ីប។

តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​អាយម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​អាល់កៃដា​បាន​ចុះ​ខ្សោយ​ឥទ្ធិពល​របស់​ខ្លួន​យ៉ាង​ច្រើន​នា​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​តាំង​ពី​លេច​វត្តមាន​អង្គការ​ភេរវនិយម​ថ្មី​មួយ​ទៀត​នា​ដើម​ឆ្នាំ ២០១៤ ដែល​ពិភពលោក​ស្គាល់​ឈ្មោះ​ថា អង្គការ​រដ្ឋអ៊ីស្លាម។ ម្យ៉ាង​ទៀត អាយម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី​ជា​មនុស្ស​មិន​សូវ​មាន​អំណាច និង​យុទ្ធសាស្រ្ត​ដូច​បិនឡាដិន​ទេ។ អាល់កៃដា និង​អង្គការ​រដ្ឋអ៊ីស្លាម​ជា​អង្គការ​ភេរវនិយម​ដូច​គ្នា និង​មាន​គោលដៅ​ដូច​គ្នា​មែន តែ​អង្គការ​ទាំង​ពីរ​នេះ​កំពុង​ប្រជែង​កម្លំាង​គ្នា​យ៉ាង​ខ្លាំង។

អង្គការ​រដ្ឋអ៊ីស្លាម​ជា​អង្គការ​ភេរវនិយម​ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ និង​កំពុង​កាន់កាប់​ដែនដី​មួយ​ភាគ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​មួយ​ភាគ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ប្រាក់ចំណូល​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​ក្នុង​តំបន់​ដែល​ពួក​គេ​គ្រប់គ្រង។ ជា​រៀងរាល់​ខែ ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​មាន​ដល់​ទៅ​រាប់​លាន​ដុល្លារ។ ចំណែក​អាល់កៃដា​ជា​អង្គការ​ភេរវនិយម​ដែល​គ្មាន​ទីស្នាក់ការកណ្តាល​ច្បាស់លាស់តែ​បាន​បង្កើត​ជា​សាខា​នៅ​តាម​តំបន់​ដែល​អាច​នឹង​កែន​ប្រមូល​សមាជិក​របស់​ខ្លួន​បាន។ ពី​តំបន់​អារ៉ាប់​ឆ្លង​ចូល​តំបន់​អាហ្រ្វិក និង​អាស៊ី អាល់កៃដា​សុទ្ធ​តែ​មាន​បណ្តាញ​សាខា​របស់​ខ្លួន ពោល​មិនមែន​ប្រមូល​ផ្តុំ​តែ​មួយ​កន្លែង​ដូច​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។
 
នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​ផ្ទៃក្នុង ពិសេស​ស៊ីរី និង​យេម៉ែន​សុទ្ធតែ​មាន​សាខា​របស់​អាល់កៃដា។ រណសិរ្យ​អាល់ណូស្រា (Front Al-Nosra) នៅ​ក្នុង​ប្រទេស​ស៊ីរី អាក់ប៉ា(Aqpa) នៅ​ក្នុង​ប្រទេស​យេម៉ែន និង​នៅ​អាហ្រ្វិក​ក្រោម​ឈ្មោះ​ថា អាក់មី(Aqmi)។ ប្រឈម​នឹង​កំណើន​ឥទ្ធិពល​ប្រកប​ដោយ​គ្រោះថ្នាក់ និង​សាហាវ​របស់​អង្គការ​រដ្ឋអ៊ីស្លាម អាល់កៃដា​បាន​ចុះ​ខ្សោយ​ឥទ្ធិពល និង​ធ្វើ​ឲ្យ​ពិភពលោក​បំភ្លេច​ការ​និយាយ ព្រម​ទាំង​យក​ចិត្ត​ដាក់​ខ្លាំង​ចំពោះ​ខ្លួន។ ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​អាល់កៃដា​ពិត​ជា​បាន​ចុះ​ខ្សោយ​កម្លាំង​របស់​ខ្លួន​មែន ឬ​យ៉ាង​ណា ឬ​មួយ​ក៏​ជា​ខ្លា​ដែល​កំពុង​លាក់ក្រចក?
 
មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ទី១ អាល់កៃដា​របស់​អាយម៉ាន់ ហ្សាវ៉ាហ៊ីរី​លែង​មាន​សមត្ថភាព និង​លទ្ធភាព​គំរាមកំហែង​ពិភពលោក​ដូច​ជំនាន់​បិនឡាដិន​ទៀត​ឡើយ រីឯ​ចម្លើយ​ទី២ បាន​យល់​ឃើញ​ផ្ទុយ​ទៅ​វិញ​ថា អាល់កៃដា​ជា​ខ្លា​លាក់ក្រចក​ដែល​មិន​សំញែង​ដូច​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា យុទ្ធសាស្រ្ត​ខ្លា​លាក់ក្រចក​របស់​អាល់កៃដា​ជា​ជម្រើស​របស់​អាយម៉ាន់ ហ្សាវ៉ាហ៊ីរី​ដែល​ចង់​ដណ្តើម​កន្លែង​ខ្លួន​ពី​អង្គការ​រដ្ឋអ៊ីស្លាម​ត្រឡប់​វិញ។
 
ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ ពោល​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ពួតដៃ​គ្នា​វ៉ៃ​អង្គការ​រដ្ឋអ៊ីស្លាម ខ្លា​អាល់កៃដា​បាន​បញ្ចេញ​ក្រចក​របស់​ខ្លួន​ដោយ​បើក​ការ​វាយប្រហារ​លើ​ទីស្នាក់ការ​ទស្សនាវដ្តី​ថ្លុកកំប្លែង​បារាំង Charlie Hebdo ក្នុង​ថ្ងៃទី៧ មករា ឆ្នាំ ២០១៥។ ចាប់​ពី​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ ២០១៥ ដដែល សាខា​អាល់កៃដា​នៅ​អាហ្រ្វិក Aqmi បាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ស្នាដៃ​របស់​ខ្លួន​ក្នុង​ទង្វើ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ម៉ាលី បួគីណា ហ្វាសូ និង​កូឌីវ័រ​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនបរទេស​ជា​ច្រើន​នាក់។ ខុស​ពី​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ពួកជីហាត​អាល់កៃដា​បាន​ប្រើ​យុទ្ធសាស្រ្ត​ចង​សម្ព័ន្ធមិត្ត​នឹង​កម្លាំងបះបោរ​ក្នុង​ស្រុក​ដែល​ប្រឆាំង​នឹង​កម្លាំង​រដ្ឋាភិបាល។
 
៥ឆ្នាំ​ក្រោយ​ការ​ស្លាប់​របស់​បិនឡាដិន អាល់កៃដា​នៅ​ជា​អង្គការ​ភេរវនិយម​ប្រកប​ដោយ​គ្រោះថ្នាក់​ដែល​ពិភពលោក​ត្រូវ​បន្ត​កំចាត់​ទន្ទឹម​គ្នា​នឹង​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ