ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
general

បំណែក​របស់​នាវាមុជទឹក​អាហ្សង់ទីន​ ត្រូវបានរកឃើញ​បន្ទាប់ពី​បាត់ខ្លួន​រយៈពេល​១ឆ្នាំ​

media នាវាមុជទឹក ARA San Juan និងក្រុមនាវិកនៅពេលចេញដំណើរពីកំពង់ផែ Buenos Aires កាលពីខែមិថុនា ឆ្នាំ២០១៤។ Argentine Navy/Handout via REUTERS

កងទ័ព​ជើងទឹក​អាហ្សង់ទីន​ និយាយថា​បំណែក​នៃនាវាមុជទឹក​ ដែល​បានបាត់ខ្លួន​រួមជាមួយ​នាវិក​ចំនួន​៤៤នាក់​ កាលពីឆ្នាំមុន​ ត្រូវបាន​គេ​រកឃើញហើយ​ នៅឯ​មហាសមុទ្រអាត្លង់ទិច​ នាថ្ងៃសុក្រ​ម្សិលមិញ​។ ការ​រកឃើញថ្មីនេះ​ បាន​បំផ្លាញ​ក្តីសង្ឃឹម​របស់គ្រួសារ​ ដែល​គិតថា​ក្រុម​នាវិកទាំងនោះ​អាច​នៅ​រស់រាន​មានជីវិត​។

នាវាមុជទឹក​អាហ្សង់ទីន​ឈ្មោះ​ ARA San Juan បានបាត់ខ្លួន​ក្នុងរយៈចម្ងាយ​ ៤៣០ គីឡូម៉ែត្រ​ ពីឆ្នេរអាហ្សង់ទីន​ កាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ កន្លងទៅ​។ ក្រុមកងទ័ព​ជើងទឹក​ បាន​បញ្ឈប់បេសកកម្ម​ស្វែងរក​របស់ខ្លួន​ ពីរសប្តាហ៍​បន្ទាប់ពី​គ្រោះថ្នាក់នេះ​កើតឡើង​។

តែទោះជាយ៉ាងណាក្តី​ មួយឆ្នាំក្រោយ​ពី​នាវានេះបាត់ខ្លួន​ ក្រុមមន្រ្តីអាហ្សង់ទីន​បានប្រកាស​ដោយ​សុទិដ្ឋិនិយមថា​ គេអាចរក​ឃើញនាវានោះ​ក្នុងជម្រៅ​ប្រមាណជា​ ៨០០ ម៉ែត​ នៅខាង​ក្រោម​ផ្ទៃទឹក​នៃមហា​សមុទ្រអាត្លង់ទិក​។

ជាមួយគ្នានេះ​ផងដែរ​ បើតាម​សេចក្តីថ្លែងការណ៍​ បង្ហោះ​នៅលើបណ្តាញសង្គម​ tweeter​ របស់​កងទ័ពជើងទឹក​អាហ្សង់ទីន​ បំណែក​របស់​នាវាមុជទឹក​ ត្រូវបានរក​ឃើញដោយ​ ក្រុមហ៊ុន​រុករក​របស់អាមេរិ​ក ជាក្រុមហ៊ុន​ចុងក្រោយ​បង្អស់​ ដែល​នៅខ្នះខ្នែង​បន្តស្វែងរក​នាវាដែលបាត់​។

គួរគម្រាបជូនថា​ កងនាវាចរ​ បានបាត់បង់​ទំនាក់ទំនង​ជាមួយ​នាវាមុជទឹក​ ARA​ San ​Juan​ កាលពីថ្ងៃទី​១៥​ ខែវិច្ឆិកា​ ឆ្នាំមុន​ គឺ​ក្នុង​រយៈចម្ងាយ​ប្រមាណជា​ ៤៥០​ គីឡូម៉ែត្រ​ ពី​ឆ្នេរអាហ្សង់ទីន​ គឺ​ខណៈពេល​ដែលនាវានោះ​ ធ្វើដំណើរ​ត្រឡប់​ទៅកាន់​មូលដ្ឋាន​ ដែល​មានទីតាំង​ ស្ថិតនៅចុង​ខាងត្បូង​នៃ​ប្រទេសអាហ្សង់ទីន​។

ក្រោយពី​ហេតុការណ៍បាត់​នាវានេះដែរ​ ក្រុមកងទ័ពជើងទឹក​អាហ្សង់ទីន​ត្រូវបានគេ រិះគន់​ជាខ្លាំង​ជុំវិញប្រតិបត្តិការសង្គ្រោះ​របស់ពួកគេ​ ដែលធ្វើក្នុងរយៈពេលខ្លី​ ពោល​គឺត្រឹមតែ​២សប្តាហ៍​។ ក្រោយមកទៀត​ ក្រុមគ្រួសារ​ជនរងគ្រោះ​ បានដាក់​សម្ពាធជាខ្លាំង​ ឲ្យ​រដ្ឋាភិបាលអាហ្សង់​ កុំបោះបង់ចោល​ប្រតិបត្តិការ​ស្វែងរក​នាវាដែលបាត់នោះ​ឲ្យសោះ​ ពីព្រោះ​ពួកគេ​សង្ឃឹមថា​ ក្រុមនាវិក​ដែលជាសាច់ញាត្តិ​របស់ពួកគេ​ អាច​នៅរស់រានមានជីវិត​។

គួររឮកជូនថា​ វិស័យនាវាផ្លូវទឹក​ មាន​កម្រិតទាបណាស់​នៅក្នុង​ប្រទេសអាហ្សង់ទីន​។ ក្នុងអំឡុងពេល​នៃរបប​ផ្តាច់ការ​យោធាចន្លោះឆ្នាំ​ ១៩៧៦​-១៩៨៣​ មធ្យោបាយ​តាមនាវា​ ក៏​ធ្លាប់ត្រូវបាន​គេប្រើជា​មជ្ឈមណ្ឌលឃុំឃាំង​ និងធ្វើ​ទារុណកម្ម​ផងដែរ​ ហើយ​ក្នុងអំឡុង​ពេលនោះ​ មាន​មនុស្ស​ប្រមាណជា​ ៣០.០០០​ នាក់​ បានបាត់ខ្លួន​ទៅតាមនាវា​មួយចំនួន​ផងដែរ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ