ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អាស៊ី

ប៉ូលិស​វៀតណាម​រឹបអូសបាន​គ្រឿងញៀន​ទម្ងន់​ ៣០០ គីឡូក្រាម​​

media  
គ្រឿងញៀនចំនួនប្រមាណជា ៣០០ គីឡូក្រាមដែលរឹបអូសបានដោយប៉ូលិសវៀតណាម។ AFP

ប៉ូលិសវៀតណាម រឹបអូសបានគ្រឿងញៀនទម្ងន់ប្រមាណជា ៣០០ គីឡូក្រាម ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ ក្នុងទីក្រុងហូជីមិញ។ នេះគឺជាការលើកឡើងរបស់អាជ្ញាធរវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបន្ថែមថា មេខ្លោងរត់ពន្ធគ្រឿងញៀនគឺជាជនជាតិចិន និងបានយកលេសរកស៊ីជួញដូរវាយនភ័ណ្ឌ ដើម្បីលួចបន្លំយកគ្រឿងញៀនចូលមកក្នុងប្រទេសវៀតណាម ពីតំបន់ត្រីកោណមាស។

មនុស្សចំនួន ១១ នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំមួយ របស់ប៉ូលិសវៀតណាម នៅក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃពុធ ទី២០ មីនាម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យទាំងអស់មានជនជាតិចំនួន ៨ នាក់ និងជនជាតិវៀតណាម ៣ នាក់។

ជនសង្ស័យដែលជាមេខ្លោង ក្នុងការលួចរត់ពន្ធគ្រឿងញៀន ចំនួនរហូតដល់ប្រមាណជា ៣០០ គីឡូក្រាម គឺជាជនជាតិចិន មានអាយុ ៥៦ ឆ្នាំ និងមានមិត្តស្រីជាជនជាតិវៀតណាម។ បើយោងតាមសារព័ត៌មានបារាំង AFP ស្ត្រីដែលជាជនជាតិវៀតណាមនេះ គឺជាម្ចាស់អាជីវកម្មនាំចេញវាយនភ័ណ្ឌ ហើយក្រោយការចាប់ខ្លួន ជនសង្ស័យទាំងអស់ រងបទចោទប្រកាន់ ថាបានលួចរត់គ្រឿងញៀនក្រោមស្លាកជំនួញនាំចេញវាយនភ័ណ្ឌ។

ទាក់ទងរឿងនេះដែរ បើយោងតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្នាំញៀនដែលទើបបានរឹបអូសបាន ទំនងជាត្រូវបានដឹកចេញពីប្រទេសពីឡាវ ឆ្លងកាត់ខេត្ត Kon Tum និងយកចូលមកលក់ ឲ្យអ្នកប្រើប្រាស់នៅទីក្រុងហូជីមិញ។ ការបង្ក្រាបលើកនេះ គឺផ្នែកមួយនៃប្រតិបត្តិការដ៏ធំបំផុតមួយ នៅទូទាំងប្រទេសរបស់អាជ្ញាធវៀតណាម។

គួរជម្រាបជូនថា ថ្នាំញៀន កំពុងក្លាយទៅជាបញ្ហាចោទដ៏ខ្លាំង នៅក្នុងបណ្តាប្រទេសប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលក្នុងនោះរួមមានទាំងប្រទេសវៀតណាមផងដែរដោយសារតែអ្នកប្រើប្រាស់មានចំនួនកើនឡើង ដែលក្នុងនោះមានទាំងយុវវ័យ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិទៀតផង។

គ្រឿងញៀន ជាទូទៅត្រូវបានគេជួញដូរពីតំបន់ "ត្រីកោណមាស" ដែលជាតំបន់ព្រំដែនគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ និងលាតសន្ធឹងលើប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ ហើយទោះបីជាប៉ូលិសក្នុងតំបន់ ខិតខំបង្ក្រាបយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែអាចលួចលាក់ជួញដូរថ្នាំញៀន តាមរយៈវិធីសាស្ត្រផ្សេងៗ។

គួររំឭកជូនថា វៀតណាម គឺជាប្រទេសដែលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនយ៉ាងតឹងតែងបំផុតមួយ ក្នុងចំណោមប្រទេសដទៃទៀតក្នុងលោក។ បើយោងទៅតាមច្បាប់របស់វៀតណាម ប្រសិនបើបូលិសរកឃើញថា បុគ្គលណាម្នាក់ រត់ពន្ធថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់លើសពី ២,៥ គីឡូក្រាម  ឬ ហេរូអ៊ីន លើសពី ៦០០ ក្រាម ជននោះ អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ